អគ្គិភ័យ​ដ៏​ធំ​មួយ​ បានបំផ្លាញជំរំជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ នៅរដ្ឋធានីញូវដែលី​ប្រទេសឥណ្ឌា បណ្ដាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់គ្មា​ន​ផ្ទះសំបែង​នៅ​។

អគ្គិភ័យបាន​ឆាបឆេះនៅម៉ោងប្រហែល ១​១ និង​ ៣០ នាទី​យប់ថ្ងៃសៅរ៍​ និង​រាលដាលពេញ​ជំរំ ដោយ​បាន​បំផ្លាញ​​ផ្ទះ​សំបែង ៥៥ ខ្នង ឱ្យ​​ទៅនឹងផេះនៅ​តំបន់ Madanpur Khadar ស្ថិតនៅ​ភាគខាងត្បូងទីក្រុ​ង​ញូវ​ដែ​លី​​។ ​ទោះជាយ៉ាងណា មិន​មាន​ករណី​ស្លាប់ និង​រងរបួសធ្ងន់ធ្ងរ​នៅ​ក្នុង​អគ្គិភ័យនេះទេ។

នាយកដ្ឋានសេវាកម្ម​ពន្លត់អគ្គិភ័យនៃរដ្ឋធានីដដែល​នេះ​ បាននិយាយថា ខ្លួន​បានដាក់ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​ ១៥ គ្រឿង និង​ប្រើ​ប្រាស់​រយៈ​ពេលប្រហែល ​៦ម៉ោង​ ដើម្បី​ពន្លត់​អគ្គិភ័យ​ទាំង​ស្រុង​។ គួរបញ្ជាក់​ផង​ដែ​​រថា​ នេះ​ជាលើកទី២ ហើយ​ ដែល​ជំរំ​នេះ ​ត្រូវ​បាន​គេ​ដុត​ក្លាយ​ជា​​ផេះ បើ​គិត​​ពីឆ្នាំ ២០១៨ មក​។

ប៉ូលិ​ស​កំពុង បើកការស៊ើបអង្កេត​ទាក់​ទិននឹង​ករណី​អគ្គិភ័យ​នេះ។ លោក Bharat Singh មន្ត្រីស៊ើប​អង្កេត​​ប៉ូលិ​​សនៅទីក្រុងដេលីបានប្រាប់សារព័ត៌មាន​ ដដែល​នេះថា​៖ «ជាក់ស្តែង ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ បណ្ដាល​មក​ពី​បញ្ហា​សៀគ្វី។អ្នកជំនាញវិទ្យាសាស្ត្រខាងកោសល្យវិច័យ ​បាន​ប្រមូល​សំណាក​ខ្សែ​អគ្គិសនី​ពី​កន្លែងនោះ​ ដើម្បី​បញ្ជាក់ពីមូលហេតុនៅពីក្រោយ​អគ្គិភ័យនេះ​ផងដែរ​»។

ទោះយ៉ាងណាក្រុមអ្នករស់​​នៅ​ជំរុំ​ភៀសខ្លួនបាន​និយាយថា ជំរំនេះ​ ត្រូវ​បាន​គេដុត​ដោយ​ចេតនា​ ​ព្រោះ​បុរស​ដែល​ជាសមាជិកក្រុមស្តាំនិយមហិណ្ឌូ ធ្លាប់​បាន​គេ​​ចោទ​ប្រកាន់​ពីប​ទបង្កអគ្គិភ័យនៅក្នុងជំរំកាលពីពេល​ថ្មីៗ​នេះ​។

គួរបញ្ជាក់​ផងដែរថា ជនភៀសខ្លួនរ៉ូហ៊ី​ងយ៉ាប្រមាណ ៤ ម៉ឺននាក់ ដែលភាគ​ច្រើន​គ្មាន​ឯកសារ​រស់​នៅត្រឹម​ត្រូវ​ក្នុ​​ង​​ជំ​រំ​នានានៅទូទាំ​ងទី​ក្រុងឥណ្ឌា​។ ទីភ្នាក់ងារជនភៀសខ្លួន​របស់អង្គការសហ​ប្រជាជាតិ​ (UN)បាន​ផ្តល់កាត​ដល់ជនភៀសខ្លួនមួយចំនួន ដើម្បី​ជួយឱ្យ​ពួកគេ​ទទួលបានសេវាកម្មមូលដ្ឋាន​មួយចំនួន​ និង​អាច​ជួយ​​ការពារ​ពួកគេពីសក​ម្មភា​ពរ​បស់​ប៉ូលិ​ស​ផងដែរ​។

ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៥ ម៉ឺននាក់ បាន​ជ្រក​កោ​ន​នៅបង់ក្លាដែសក្នុងឆ្នាំ ២០១៧ បន្ទាប់​ពីក​ង​ទ័ព​មីយ៉ាន់ម៉ា​​ធ្វើ​ការបង្ក្រាប​យ៉ាងសាហាវ​ទៅលើជនជាតិភាគតិចមូស្លីមដែល​អាជ្ញាធរមីយ៉ាន់ម៉ា​ធ្វើ​ទុក្ខ​បុក​ម្នេញ​អស់​ជាច្រើន​ទសវត្សរ៍​មកនេះ​។ ជនជាតិរ៉ូហ៊ីងយ៉ា​មួយចំនួនធំ​ បានភៀស​ខ្លួនទៅកាន់បណ្តា​ប្រទេស​អាស៊ីជិតខាងរួមមានឥណ្ឌានិងម៉ាឡេស៊ី​ជាដើម​។

អគ្គិភ័យនេះកើតឡើងចំពេល កំពុង​មានការបង្ក្រាប​របស់រដ្ឋាភិបាលឥណ្ឌា​ទៅ​លើ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​កំពុ​ងរស់នៅក្នុ​ងប្រទេស​នេះ​។ រដ្ឋាភិបាលជាតិនិយមហិណ្ឌូ​របស់ឥណ្ឌា​បាននិយាយថា​ ខ្លួន​នឹ​ង​បញ្ជូន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដែល​ជា​ការ​ផ្ទុយស្រឡះ​នឹ​ង​គោលការណ៍​ការ​ហាមឃាត់​ប្រទេស​មួយ​​​ក្នុង​ការ​បញ្ជូន​​ជនភៀសខ្លួន​​ទៅ​​កាន់​ប្រទេសដើម ​​ ដែល​កំពុង​មាន​ហានិភ័យ​៕