អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ គ្រោង​នឹងចែកស្រោមអនា​ម័យប្រហែល ១៥ ម៉ឺនស្រោម ​នៅ​ឯ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​នៅខែក្រោយ ប៉ុន្តែ​កំពុងប្រាប់កីឡាករកីឡាការិនី យកទៅផ្ទះ​ជា​ជាង​ប្រើ​នៅ​ក្នុង​ភូមិ​អូឡាំពិក​ ដើម្បី​ឱ្យ​​ស្រប​ទៅ​តាម​​ច្បាប់នៃការឃ្លាតឆ្ងាយពីសង្គមនិងវិធានការប្រឆាំងនឹង​មេរោគអេដស៍​។​

គួរបញ្ជាក់ផងដែរថា អ្នក​រៀប​ចំ​កម្មវិធី​តែង​ចែក​ចាយ​ស្រោមអនាម័យមួយចំនួនធំ​នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​ ចាប់​តាំង​ពីព្រឹត្តិ​ការណ៍អូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ ១៩៨៨ មក​ម៉្លេះ​ ដើម្បី​ជាលើកកម្ពស់ការយល់ដឹង​អំពី​មេរោគអេដស៍​ និង​ជំងឺ​អេដស៍​ ដោយ​ឆ្នាំ​នេះ​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​ក៏​នៅ​តែ​បន្ត​ការចែក​ចាយ​របស់​ខ្លួន​ដូច​សព្វ​ដង​។

យ៉ាងណាមិញ អត្តពលិកនៅ​តែ​​​ត្រូវ​រក្សាចម្ងាយរបស់ពួកគេនៅ​ក្នុង​ព្រឹត្តិការណ៍​ ឬកាលៈទេសៈ​ណា​មួយ​ ដែល​ត្រូវ​ឱ្យ​មាន​ការ​ជួប​ជុំ​។គណៈកម្មាធិការ​រៀប​ចំ​ព្រឹត្តិការណ៍​ បាន​ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters៖​ «ការចែក​ចាយស្រោមអនាម័យនេះ ​​មិនមែន​សម្រាប់ឱ្យ​ប្រើប្រាស់នៅ​ក្នុងភូមិ​អត្តពលិក​នោះទេ​ ប៉ុន្តែក្នុង​បំណង​​លើកកម្ពស់ការយល់ដឹងអំពីបញ្ហាមេរោគអេដស៍និងជំងឺ​អេដស៍​​ដល់​​​អត្តពលិកឱ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​កំណើត​ខ្លួន​វិញ​»៕