នៅថ្ងៃទី ១៦​ ខែមិថុនា ​ប្រធានាធិបតី​រុស្ស៊ី​ លោក ​Vladimir Putin និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden នឹងធ្វើ​ជំនួបផ្ទាល់​ដំបូង​តាំង​ពី​លោក ​Biden ឡើង​កាន់តំណែង​ជា​ប្រធានា​ធិបតី​។

យោងតាម​ការ​ស្រង់សម្តី​របស់​សារព័ត៌មាន ​CNN ​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​ លោក Joe Biden ​បានថ្លែង​ប្រាប់​ទាហាន​អាមេរិក​កាលពីថ្ងៃទី ៩ ​មិថុនា​ថា​ លោក​កំពុងនៅ​អឺរ៉ុប ដើម្បី​ការពារ​ទស្សន​វិស័យ​នៃ​លទ្ធិប្រជាធិបតេយ្យ ​ដោយបង្កើត​ជំហរ​ខ្ពស់ ​អំឡុង​ដំណើរ ទស្សនកិច្ច​របស់​លោកជា​ដំបូង​ទៅក្រៅ​ប្រទេស​ក្នុងនាមជា​ប្រធានាធិបតី​អាមេរិក​។

លោកបាន​បន្ត​និយាយថា​ ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin ​មាន​គម្រោង​លើក​ឡើង នូវ​បញ្ហាគួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុងអំឡុង​ពេលកិច្ច​ប្រជុំកំពូល​របស់ពួកគេ​នា​ពេលខាងមុខនេះ​។ លោក Biden ​ក៏​បាននិយាយ​អំពីការ​ស្តារសម្ព័ន្ធ​មិត្ត​អាមេរិក​នៅអឺរ៉ុប​ ដោយ​ពណ៌នាថា នេះ​ជា​មូលដ្ឋាន​គ្រឹះនៃ​សន្តិសុខ​ពិភព​លោក​។

គួរបញ្ជាក់​ផងដែរថា ​ប្រទេស​រុស្ស៊ីថ្មីៗនេះ​បាន ​ដាក់​សហរដ្ឋ​អាមេរិកចូល ​ទៅក្នុង​បញ្ជី​ផ្លូវការ របស់ខ្លួន​នៃ​ប្រទេស​អមិត្ត។​បច្ចុប្បន្ន​ភាគីទាំង ២ ​មិនមាន​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ក្នុង ប្រទេស​ទាំង ២ ​ឡើយ។​

កាលពី​ដើម​ខែមិថុន​ លោក Putin ​បាន​និយាយថា ​លោកចង់ឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​ និង​ក្រុង​វ៉ាស៊ីងតោន​មាន​ភាព​ប្រសើរ​ឡើងនា​កិច្ច​ប្រជុំ​ខាងមុខ​។ ទោះបី​ជាលោក​បានលើក​ឡើងពី​ភាពវិជ្ជមាន​នៃជំនួបនោះ ​ក៏ដោយ​លោក​បាន​និយាយ​ថា សហ​រដ្ឋអា​មេរិក​ចង់​ទប់ស្កាត់​កា​រ​អភិវឌ្ឍ​របស់​ប្រទេស​រុស្ស៊ី ។

លោក ពូទីន ​បាន​ប្រាប់វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ Saint Petersburg ថា៖ «យើងត្រូវ​រក​វិធី​ ដើម្បីស្វែងរក​ដំណោះស្រាយ​នៅក្នុង​ទំនាក់ទំនង ​របស់យើង​ដែល​ស្ថិតក្នុង​កម្រិតទាប​បំផុត ឥឡូវនេះ​»។

លោក​បានបន្ត​និយាយថា ​រុស្ស៊ី​អាច​ធ្វើការ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដោយចាប់​ផ្តើម​ពី​កិច្ចពិ ភាក្សាស្តី​ពីការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ថ្មីពិភាក្សា​ពីជម្លោះ​ក្នុងតំបន់​រួមមាន​ប្រទេស​ស៊ីរី​ និង

លីប៊ី ​និង​បម្រែប​ម្រួល​អាកាស​ធាតុ។

លោក ពូទីន​ បាន​អះអាងថា៖ «ប្រសិន​បើយើង​អាច​បង្កើតយន្តការ​សម្រាប់​ធ្វើការលើប​ញ្ហាទាំងនោះ​ បន្ទាប់​មកខ្ញុំ​គិតថា​យើងអាច​និយាយ​បានថា​ កិច្ច​ប្រជុំ​កំពូល​មិនមែន​ឥត​ប្រយោជន៍ទេ»។ បន្ថែមពីនេះ ​ទីក្រុង​ម៉ូស្គូអាច​នឹង​អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋទូត​របស់​ខ្លួន ត្រឡប់ទៅទី ​ក្រុង​វ៉ាស៊ីនតោន​វិញ។»

មន្ត្រីជាន់​ខ្ពស់រុស្ស៊ី​កំពុង​ស្ថិតក្រោម​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ចំពោះកា​រ​បញ្ចូល​ឧបទ្វីប​គ្រីមា​របស់​អ៊ុយក្រែន ​ការ​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត ​និង​អតីត​ទាហាន ​ជើងទឹក​ អាមេរិក ២ នាក់ កំពុង​ជាប់ពន្ធនា​គារ​រុស្ស៊ី​ដោយម្នាក់​ជាប់​ពន្ធនាគារ​ ១៦ ឆ្នាំ ​ដែលត្រូវ​បានចោទ​ប្រកាន់ពី​បទចារកម្ម។ ​បន្ថែមពី​ការដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេសរុស្ស៊ី ​ប្រធានា​ធិបតី​អាមេរិក​ លោក ​Joe Biden​ នៅខែមីនា​បាន​ហៅ​លោក​ Putin​ ជា​ឃាតករ​៕