រដ្ឋាភិបាល​ថ្មី​អ៊ីស្រាអែល​ដឹកនាំ​ដោយ​លោក​ Naftali Bennett បាន​ស្បថ​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​​ជា​ការ​​បញ្ចប់​ការ​គ្រប់គ្រង​រយៈពេល​​ ១២ ​ឆ្នាំ ​របស់​នាយក​រដ្ឋមន្រ្តី​ចាស់​លោក​​ Benjamin Netanyahu។

លោក Bennett នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ២ ​ឆ្នាំ ក្រោម​កិច្ច​ព្រមព្រៀង​សម្ព័ន្ធភាព​ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន ៨ ផ្សេង​ទៀត​ ដែល​មាន​គោល​បំណង​ដូចគ្នា​នោះ​ គឺ​ចង់​បញ្ចប់​ការ​កាន់​កាប់​ដ៏​ច្របូកច្របល់​​របស់​លោក Netanyahu។

មាន​អាយុ​ ៤៩ ឆ្នាំ លោក​ Bennett​ ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ Netanyahu ធ្លាប់​បម្រើការ​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​​នៅ​ឆ្នាំ ​២០១៩​ និង​២០២០។ ដោយ​ឡែក​លោក YairLapid អាយុ ៥៧ ឆ្នាំ ​ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ជា​ពិធីករ​ព័ត៌មាន​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​ម្នាក់​នឹង​កាន់​តំណែង​បន្ត​ពី​លោក Bennett។

មាន​ចំណុច​​មួយ​ចំនួន​ដែល​អាច​​នឹង​កើត​ឡើង​ក្នុង​ពេល​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ថ្មី​នេះ​។ ចំណុច​ទី១ ដែល​គេ​សង្កេត​ឃើញ​ គឺ​សម្ព័ន្ធភាព​ផុយ​ស្រួយ​។ សម្ព័ន្ធភាព​ថ្មី​ ដែល​បាន​បង្កើត​ឡើង​​នេះ​ ទទួល​បាន​សំឡេង​ភាគ​ច្រើន​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​សភា​ Knesset ដែល​មាន​សមាជិក ១២០ រូប​ដែល​​រួម​បញ្ចូល​ទាំង​គណបក្ស​មក​ពី​ស្តាំ​ឆ្វេង​ និង​កណ្ដាល​និយម​ផង​ដែរ​។ គណបក្ស​នីមួយៗ​បាន​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចម្រុះ​ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ថ្មី​ប្រព្រឹត្ត​ទៅ​តាម​កាល​កំណត់​។

សម្ព័ន្ធភាព​នេះ​ ត្រូវ​បាន​គេ​រំពឹង​​ថា ​នឹង​ត្រូវ​សម្រប​ទៅ​តាម​របៀប​វារៈ​សមរម្យ​មួយ​ដែល​អាច​ទទួល​យក​បាន​ សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ស្ដីពី​ការ​បែងចែក​មនោគមន៍វិជ្ជា​ ដើម្បី​ជា​ការ​​បញ្ចៀស​បញ្ហា​ក្ដៅ​គគុក​កំពុង​កើត​ឡើង​នេះ​។ ​បញ្ហា​ប្រឈម​ធំ​ដំបូង​របស់​សម្ព័ន្ធភាព​នេះ គឺ​ត្រូវ​ព្រមព្រៀង​លើ​ការ​ប្រើប្រាស់​ថវិកា​កញ្ចប់​ជា​លើក​ដំបូង ​ដូច​នេះ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ផង​ដែរ​។​

ចំណុច​ទី​២ គឺ​​ការ​គ្រប់គ្រង​បញ្ហា​​​ជម្លោះ​ដែល​កំពុង​កើត​មាន។ លោក ​Bennett​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ជំនាញ​ខាង​សាសនា​និយម​ដែល​គាំទ្រ​ការ​ពង្រីក​ការ​តាំង​ទីលំនៅ​ និង​ប្រឆាំង​នឹង​រដ្ឋ​ប៉ាឡេស្ទីន​។ ​ប៉ុន្តែ​លោក​​​​អាច​នឹង​ប្រថុយ​នឹង​បាត់បង់​តំណែង​ខ្លួន​ប្រសិន​បើ​លោក​ផ្តាច់​ខ្លួន​​ពី​ដៃគូ​ចម្រុះ​ក្នុង​សហព័ន្ធ​ថ្មី​នេះ​។

នោះ​ទំនង​ជា​មាន​ន័យ​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥតឈប់​ឈរ​របស់លោក Netanyahu ​ក្នុង​ការ​គ្រប់គ្រង​ជម្លោះ​​រាប់​ទសវត្សរ៍​មក​នេះ​អាច​នឹង​ត្រូវ​បញ្ចប់។​ ក្នុង​នោះ​​កិច្ច​ខិតខំ​ប្រឹងប្រែង​បញ្ចូល​តំបន់​ West Bank ​និង​ការ​លុកលុយ​តំបន់ Gaza និង​ការ​ផ្ដល់​នូវ​ការ​ផ្តល់​សម្បទាន​ធំៗ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ក៏​ត្រូវ​បាន​បញ្ចប់​ដូច​គ្នា​។

រាល់​រដ្ឋាភិបាល​អ៊ីស្រាអែល ​ដែល​បាន​ពង្រីក​ការ​តាំង​លំនៅ​របស់​ជ្វីហ្វ​នៅ​ក្នុង​តំបន់​ West Bank ខាង​លិច​ និង​ភាគ​ខាង​កើត​ទីក្រុង​ Jerusalem ក្នុង​សង្គ្រាម​ឆ្នាំ ១៩៦៧ ​និង​អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីន​ចង់​បាន​សម្រាប់​ប្រទេស​ខ្លួន​នៅ​​អនាគត​រដ្ឋាភិបាល​ថ្មី​ ត្រូវ​តែ​ធ្វើ​តាម​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​រដ្ឋបាល​លោក​ Joe Biden ខឹង​សម្បា​ ដែល​បណ្ដាល​ឱ្យ​មាន​ការ​រារាំង​ ឬ​ជម្លោះ​កើត​ឡើងជាយ​ថាហេតុ ក្នុង​កិច្ច​ចរចា​សន្តិភាព​។​

រដ្ឋាភិបាល​ថ្មី គឺ​ត្រូវ​តែ​រក្សា​គោល​ជំហរ​រឹងមាំ​របស់​លោក Netanyahu​ ទាក់ទិន​នឹង​ករណី​​ប្រទេស​អ៊ីរ៉ង់​ និង​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ Joe Biden ក្នុង​ការ​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​របស់​ខ្លួន​ឡើង​វិញ​ផង​ដែរ​។ រដ្ឋាភិបាល​ថ្មី​ក៏​ទំនង​ជា​ត្រូវ​ធ្វើ​ការ​ជាមួយ​លោក​ Biden ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​អារ៉ាប់​ផង​ដែរ។​

ចំណុច​ទី​៣ គឺ​ការ​ផ្សះផ្សា​បញ្ហា​​​បែក​ចែក​សាសនា​ក្នុង​ប្រទេស។ ការ​ផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​ទំនង​ជា​ កើត​ឡើង​ក្នុង​ស្រុក​នោះ​ គឺ​ការ​ដោះ​ស្រាយ​បញ្ហា​​សង្គម​អ៊ីស្រាអែល​ដែល​បាន​បើក​លើក​យក​មក​​ដោះស្រាយ​ក្នុង​អំឡុង​ពេល​លោក​​ Netanyahu កាន់​តំណែង​ពោល​គឺ​រវាង​ពួកជ្វីហ្វ​ និង​អារ៉ាប់ និង​រវាង​គ្រិស្ត​អូស្សូដក់​ និង​អ៊ីស្រាអែល​ជាតិ​និយម។​

លោក Bennett ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ឱ្យ​សាធារណជន​អ៊ីស្រាអែល​ទាំង​អស់​មិន​ថា សាសនា​ណា​ឡើយ​។ យើង​នឹង​ធ្វើ​ការ​រួមគ្នា​ ដោយ​ចេញ​ពី​ភាព​ជា​ដៃគូ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ជាតិ​ហើយ​ខ្ញុំ​ជឿ​ថា​ យើង​នឹង​ទទួល​បាន​ជោគជ័យ​»។

ទោះ​ជា​យ៉ាងណា​ក្ដី​គណៈរដ្ឋមន្រ្តី​ថ្មី​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ការ​ទូត​ សន្តិសុខ​ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​តូច​រាប់​បញ្ចូល​ទាំង​បញ្ហា​នៅ​អ៊ីរ៉ង់​ បទ​ឈប់​បាញ់​តំបន់ Gaza​ ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ និង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ​ក្រោយ​មាន​ជំងឺ​រាត​ត្បាត​ផង​ដែរ៕