ក្រុម​ស្តាំ​និយម​អ៊ីស្រាអែល​បាន​ហែ​ក្បួន​ទង់ជាតិ​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​​នៅ​ថ្ងៃ​អង្គារ​ ទី​ ១៥ ខែ​មិថុនា​ ដែល​ការ​ធ្វើ​បែប​នេះ​ ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ នឹង​ប្រថុយ​បញ្ឆេះ​ភាព​តានតឹង​​ជាមួយ​ជនជាតិ​ប៉ាឡេស្ទីន​​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ជម្លោះ និង​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​វិញ​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស។

ដោយ​គិត​ថា​ ការ​ហែ​ក្បួន​នេះ​ថា ​ជា​ការ ​«ញុះញង់​» ជនជាតិ​​ប៉ាឡេស្ទីន​បាន​ទាមទារ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ «ពិធី​នៃ​កំហឹង​» នៅ​តំបន់​ហ្គាហ្សា និង​ West Bank។ ក្រុម​ហាម៉ាស​បាន​​គំរាម​ថា ​អំពើ​ហិង្សា​អាច​ផ្ទុះ​ឡើង​វិញ​ ប្រសិន​បើ​ការ​ហែ​ក្បួន​នេះ​ទៅ​មុខ​។

នាយក​រដ្ឋមន្ត្រី​ប៉ាឡេស្ទីន​លោក Mohammad Shtayyeh បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​​ពី​ថ្ងៃ​ចន្ទ​ថា៖ «​យើង​ព្រមាន​ពី​ការ​ឆ្លើយ​តប​ដោយ​គ្រោះ​ថ្នាក់​ ដែល​អាច​បណ្ដាល​មក​ពី​ចេតនា​របស់​អំណាច​កាន់​កាប់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ្នក​តាំង​លំនៅ​អ៊ីស្រាអែល​ជ្រុល​និយម​អនុវត្ត​ការ​ហែ​ទង់ជាតិ​នៅ​ក្នុង​ក្រុង​​ហ្ស៊េរុយសាឡិម​នៅ​ថ្ងៃ​ស្អែក»​៕