កាលពី​ថ្ងៃចន្ទ​ ទី ១៤ ​មិថុនា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden ​បាន​និយាយថា ប្រទេសអ៊ុយក្រែន ​មិនទាន់​បាន​បំពេញតាម​បទដ្ឋាន​ដែល​បានទាមទារ​ ដើម្បី​ចូលរួម​ជា​មួយ​សម្ព័ន្ធ​ណាតូទេ ប៉ុន្តែនឹង​ទទួល​បានការ​គាំទ្រ​ចាំបាច់​ពី​សម្ព័ន្ធមិត្ត​ពេលភាពតាន​តឹងកើន​ឡើងជា​មួយ​ប្រទេស​រុស្ស៊ី។

លោក Biden ​បាន​លើក​ឡើងពី​គោលជំហរ​របស់​លោក​ចំពោះ​អ៊ុយក្រែន​ បន្ទាប់​ពី​កិច្ចប្រជុំ​ជា​មួយ​មេដឹកនាំ​ណាតូនៅ​មុនថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូលដែល​បាន​គ្រោងទុក​របស់លោក​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin។

លោក Biden ​បាន​និយាយថា៖ «វា​អាស្រ័យលើថា​តើពួក​គេ​បំពេញ​តាមលក្ខណៈ​វិនិច្ឆ័យ​ដែរ​ ឬយ៉ាង​ណា? ការពិត​គឺថា ​ពួកគេ​នៅតែ​ត្រូវ​លុបបំបាត់​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស។​ ពួកគេ​នៅតែ​ត្រូវ​បំពេញ​តាមលក្ខណៈ​វិនិច្ឆ័យ​ផ្សេងទៀត​ ដើម្បីចូល​ទៅក្នុង​ផែនការ​សកម្មភាព​របស់​សម្ព័ន្ធ​មិត្តនេះ​»។

លោក​បានបន្ត​និយាយថា ​ក្នុងពេលនេះ​យើងនឹងធ្វើ​ឱ្យអស់​ ពី​សមត្ថភាព​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន ​បន្តទប់ទល់​នឹងការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន៕