កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៤ មិថុនា ​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​លោក Filippo Grandi បាន​និយាយ​ថា​ អង្គការ​សហប្រជាជាតិ​ គឺ​កំពុង​ត្រៀម​សម្រាប់​ការ​កើន​ឡើង​ជនភៀស​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ ដែល​គេ​គិត​ថា​ នឹង​កើន​ឡើង ​បន្ទាប់​ពី​ការ​ចាកចេញ​នៃ​ទាហាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

អំពើ​ហិង្សា​កំពុង​កើន​ឡើង​ ខណៈ​ពេល​ដែល​កម្លាំង​បរទេស​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ ហើយ​កិច្ច​ប្រឹងប្រែង​ ដើម្បី​សម្របសម្រួល​​ដំណោះស្រាយ​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​​ក្រុម​តាលីបង់​បាន​ជាប់​គាំង។​

កាល​ពី​ចន្ទ​សប្ដាហ៍​មុន​មន្ត្រី​អាហ្វហ្គានីស្ថាន​ជាន់​ខ្ពស់​បាន​និយាយ​ថា ​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​យ៉ាង​ហោច​ណាស់​ទាហាន​រដ្ឋាភិបាល​ចំនួន​ ១៥០ នាក់​ បាន​ស្លាប់​ ឬ​រង​របួស​ពី​ការ​កើន​ឡើង​ការ​ប៉ះ​ទង្គិច​ជាមួយ​តាលីបង់។

លោក​ Grandi បាន​ចង្អុល​ទៅ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​មួយ​កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​អង្គការ​ដោះ​មីន​អន្តរជាតិ​មួយ​នៅ​ភាគ​ខាង​ជើង​អាហ្វហ្គានីស្ថាន ដែល​បាន​សម្លាប់​មនុស្ស ​១០​ នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​ ១៦ នាក់​របួស​។ ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​បាន​ចោទ​ប្រកាន់​ក្រុម​តាលីបង់​ថា ​បាន​ប្រព្រឹត្ត​ការ​វាយ​ប្រហារ​នេះ​ ខណៈ​តាលីបង់​បដិសេធ​ថា ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ការ​វាយ​ប្រហារ​នេះ​ទេ​។

លោក Grandi បាន​និយាយ​ថា​៖ «​នេះ​ គឺ​ជា​សូចនាករ​ដ៏​គួរ​ឱ្យ​ខ្លោច​ផ្សា​មួយ​នៃ​ប្រភេទ​អំពើ​ហិង្សា​ ដែល​អាច​នឹង​កើត​ឡើង​ជា​ថ្មី​នៅ​អាហ្វហ្គានីស្ថាន ហើយ​ជា​មួយ​នឹង​ការ​ដក​កងទ័ព​អន្តរជាតិ នេះ​អាច​នឹង​កាន់​តែ​អាក្រក់​ទៅៗ​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ដូច្នេះ​យើង​កំពុង​រៀបចំ​ផែនការ​យថាកម្ម​នៅ​ខាង​ក្នុង​ប្រទេស​នេះ​សម្រាប់​ការ​ជម្លៀស​ទីលំ​នៅ​បន្ត​ទៀត​ទៅ​ប្រទេស​ជិត​ខាង ក្នុង​ករណី​ដែល​មនុស្ស​អាច​ឆ្លង​កាត់​ព្រំដែន​»​។

បច្ចុប្បន្ន​មាន​ជន​ភៀស​ខ្លួន​ចុះ​បញ្ជី​ប្រហែល ២,៥ លាន​នាក់ ​មក​ពី​អាហ្វហ្គានីស្ថាន​នៅ​ទូទាំង​ពិភព​លោក ខណៈ ៤,៨ លាន​នាក់​ផ្សេង​ទៀត ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​ UNHCR ដែល​ដឹកនាំ​ដោយ​លោក​ Grandi​។

កងកម្លាំង​អាហ្វហ្គានីស្ថាន ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ក្រុម​តាលីបង់​ពី​អំណាច​នៅ​ចុង​ឆ្នាំ ២០០១ ដោយសារ​ពួក​គេ​បាន​បដិសេធ​មិន​ប្រគល់​មេ​ដឹកនាំ​ក្រុម​ភេរវកម្ម​អាល់កៃដា លោក​ អូសាម៉ា ប៊ីនឡាដិន ​ឱ្យ​អាមេរិក​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​អគារ​ភ្លោះ​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១។

បន្ទាប់​ពី​សង្គ្រាម​រយៈពេល ២០ ឆ្នាំ សហរដ្ឋអាមេរិក​បាន​ចាប់​ផ្តើម​ដក​កងទ័ព​ដែល​នៅ​សេសសល់​របស់​ខ្លួន​ចំនួន ២ ៥០០ នាក់ ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​មាន​គោល​បំណង​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ​ទាំង​ស្រុង​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា។ កងកម្លាំង​មិន​មែន​អាមេរិក​ប្រមាណ ៧ ០០០ នាក់​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ រួម​ជាមួយ​អូស្ត្រាលី​ នូវែលសេឡង់ ​និង​ហ្សកហ្ស៊ី ក៏​គ្រោង​នឹង​ចាកចេញ​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ផង​ដែរ​។

លោក Grandi បាន​និយាយ​ថា ​ការ​គាំទ្រ​អន្តរជាតិ​ខ្លាំង​ គឺ​ចាំបាច់​សម្រាប់​កិច្ច​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​តាលីបង់​។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «សកម្មភាព​នយោបាយ​គួរ​តែ​ជំនួស​ការ​ប៉ះ​ទង្គិច​ ប៉ុន្តែ​ហានិភ័យ​នៃ​ការ​ជម្លៀស​ប្រជាជន​នៅ​តែ​មាន​ហើយ​ត្រូវ​តែ​ត្រៀម​»​៕