ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​បង្ហាញ​សុទិដ្ឋិនិយម​ បន្ទាប់​ពី​កិច្ចពិភាក្សា​ទល់​មុខ​គ្នា​លើក​ដំបូង​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ១៤ មិថុនា បើ​ទោះ​បី​ជា​ពួកគេ​មិន​បាន​ប្រកាស​នូវ​លទ្ធផល​​​ធំ​ណា​មួយ​នៃ​​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​ ដែល​មាន​ភាព​តានតឹង​ជុំ​វិញ​ការ​ទិញ​អាវុធ​រុស្សី សង្គ្រាម​នៅ​ស៊ីរី លីប៊ី និង​បញ្ហា​ជា​ច្រើន​ទៀតយ៉ាងណាក្ដី​។

លោក Biden បាន​ថ្លែ​ងក្នុង​​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ប្រ៊ុចសែល​ថា​៖ «យើង​មាន​ការ​ប្រជុំ​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​ប្រកប​ដោយ​ផលិតភាព ដែល​ភាគ​ច្រើន​គឺ ​១ ទល់​ ១»​។

លោក​បាន​បន្ថែម​ថា៖ «ក្រុម​ការងារ​របស់​យើង នឹង​បន្ត​ការ​ពិភាក្សា​របស់​យើង ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​មាន​ការ​រីក​ចម្រើន​​ពិត​ប្រាកដ​ជា​មួយ​តួកគី និង​សហរដ្ឋអាមេរិក»​។

លោក Erdogan បាន​កំណត់​លក្ខណៈ​នៃ​កិច្ច​ពិភាក្សា​របស់​លោក​ជា​មួយ​លោក Biden នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ណាតូ​ថា​«មាន​ផលិតភាព​និង​ស្មោះត្រង់​»​។

លោក​បាន​និយាយ​ថា​៖ «យើង​គិត​ថា​មិន​មាន​បញ្ហា​អ្វី​ទេ​រវាង​ទំនាក់​ទំនង​សហរដ្ឋអាមេរិក និង​តួកគី ដែល​មិន​អាច​ដោះស្រាយ​បាន​ ហើយ​តំបន់​នៃ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​យើង​គឺ​មាន​កាន់​តែ​ធំ និង​ធំ​ជាង​បញ្ហា​»​។

បើ​ទោះ​បី​ជា​មាន​ការ​បង្ហាញ​សុទិដ្ឋិនិយម​ជាសារ​​បែប​នេះ​ក៏​ដោយ​ ពួកគេ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ជួសជុល​ទំនាក់​ទំនង​ ឬ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​សម្ព័ន្ធ​មិត្ត​ណាតូ​ទាំង​២​នោះ​ទេ​។

ភាព​តានតឹង​រវាង​សម្ព័ន្ធ​ទាំង​ពីរ​បាន​កើន​ឡើង ​បន្ទាប់​ពី​តួកគី​បាន​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ S-400 របស់​រុស្សី​ និង​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី និង​លីប៊ី​។ តួកគី​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​មុខ​ជា​មួយ​ប្រទេស​ក្រិក និង​ស៊ីប​លើ​ដែន​ទឹក​នៅ​ភាគ​ខាង​កើត​សមុទ្រ​មេឌីទែរ៉ាណេ​ផង​ដែរ៕