នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានបញ្ជាក់កាលពីថ្ងៃចន្ទថា វិធាន​​​​បិទខ្ទប់​​​និង​ការពារ​​ជំងឺកូវីដ ​១​៩​​ ដែលគ្រោង​នឹងបញ្ចប់​នៅខែ​មិថុនានេះ ត្រូវ​បាន​ពន្យារយៈ​ពេល​​​ចំនួន​

៤ សប្តាហ៍​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់ថ្ងៃទី ១៩ ខែកក្កដា ដើម្បី​​ជា​ការ​កាត់​បន្ថយ​ចំនួន​ករណីឆ្លង ខណៈ​ពេល​​រដ្ឋាភិ​បាល​កំពុង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​។

លោក​ Johnson បាន​ឱ្យ​ដឹង​​នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា លោក​មាន​ទំនុក​ចិត្ត​ថា​ កាល​បរិច្ឆេទ​ថ្មី​​សម្រាប់​បន្ធូ​របន្ថយ​ការរឹតត្បិតការពារ​ជំងឺ​ឆ្លង​នេះ នឹង​ក្លាយ​ទៅជា​កាលបរិច្ឆេទ​ចុង​ក្រោយ​ ដែល​ជួយ​ជំរុញ​យុទ្ធនាការ​ចាក់វ៉ាក់សាំងកាន់តែ​លឿន​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​វ៉ារ្យ៉ង់ថ្មី​ ដែល​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​ អាចមានសមត្ថភាព​ចម្លង​​ចន្លោះពី ៤០% ទៅ ៨០% ខ្លាំង​ជាង​វ៉ារ៉្យង់​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេសពី​មុន​ទៀត​ផង​​​។

ប្រភពដដែលបាន​ឱ្យដឹងថា ​ត្រឹ​មថ្ងៃទី ១៩ ខែកក្កដាប្រជា​ជនចំនួន ២ ភាគ ៣ នៃប្រជាជនពេញវ័យ​នឹង​ទទួល​បាន​វ៉ាក់សាំង​ទាំង ២ ដូស​​រួមទាំងមនុស្សគ្រប់រូបដែលមានអាយុលើសពី ៥០ ឆ្នាំ​ ខណៈមនុស្ស​គ្រប់​រូប​ ដែល​មាន​អាយុ​លើស​ពី​ ១៨ ឆ្នាំ​ នឹង​ទទួល​បាន​វ៉ាក់សាំងលឿន​ជាងគោ​លដៅ​កំណត់​មុន​ចុងខែ​នេះ​ផងដែរ​។ គម្លាត​រវាងដូសទាំង២សម្រាប់​ប្រជាជន​អាយុ​ច្រើន​ជាង ៤០ឆ្នាំក៏​ត្រូវបានកាត់បន្ថយ​មក​ត្រឹម​ពី ១២ មក​នៅត្រឹម​ ៨ សប្ដាហ៍​វិញ ដើម្បី​ផ្តល់នូ​វកា​រការពារអតិបរមាប្រ​ឆាំងនឹងវ៉ារ្យ​ង់ឱ្យ​បាន​ឆាប់។

ដោយឡែក ការវិភាគថ្មី​ពីវិទ្យាស្ថាន​សុខភាពសាធារណៈអង់គ្លេស​នៅថ្ងៃច័ន្ទបានបង្ហាញថាវ៉ា​ក់សាំង ២ ដូស​នេះ​ គឺ​មានប្រសិទ្ធភាពខ្ពស់ប្រឆាំង​វ៉ារ៉្យង់ប្រភេទ​ថ្មី​ដែលត្រូវ​បានរកឃើញជាលើកដំបូងនៅក្នុងប្រ​ទេសឥ​ណ្ឌា។ ពោលគឺ វ៉ាក់សាំង​ Pfizer មានប្រសិទ្ធភាព ៩៦% ខណៈ​វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៩២% ក្រោយ​ចាក់​បាន​ ២ ដូសរួច​។

ទោះបីជាមានការព្រួយបារម្ភអំពីវ៉ារ៉្យង់​ថ្មីនេះ​ ក៏ដោយ​ក៏​ការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស​មានល្បឿន​លឿន​ជាង​ប្រទេស​ដទៃ​នៅលើ​ពិភព​លោក​ជានិច្ច។ គិតត្រឹមថ្ងៃច័ន្ទនេះប្រជា​ជនអង់គ្លេសប្រហែល ៦២ ភាគរយ ទទួ​លបាន​វ៉ាក់សាំង​ខណៈប្រជាជន​ប្រមាណ​ ៤៥ ភាគរយ ទទួល​បាន​វ៉ាក់សាំង​ទាំង ២ ដូស​។

យោងតាមស្ថិតិរ​បស់​អង់គ្លេស Covid Dashboard ចំនួន​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី១ ជា​មធ្យមរ​យៈពេល ៧ ថ្ងៃ មាន​ចំនួន ១៥៣ ៧៨៩ ដូស​ ក្នុង ​១​ ថ្ងៃ​ គិតត្រឹមថ្ងៃទី ៣ ខែមិថុនា និង​ប្រមាណ ៣៤០ ៣០៣ ដូស ​ក្នុង ១ ថ្ងៃ​សម្រាប់ដូសទី២។

បើ​សន្មតថា អត្រានេះ​មានស្ថេរភាពក្នុងរយៈពេល ២ សប្តាហ៍ មនុស្សជាង ២,១៥ លាននាក់​ នឹ​ង​ទទួល​បាន​វ៉ាក់សាំង​ដូសទី​១ និងប្រមាណ ៤,៧៦ លាននាក់​ទៀត​នឹ​ងទទួលបានការចាក់វ៉ាក់សាំងដូស​ទី២។ ដូច​នេះ ក្នុង​រយៈពេល​ ៤ សប្ដាហ៍​ ប្រជាជនប្រមាណ ៤,៣ លាននាក់ នឹង​បានទទួល​បានវ៉ាក់សាំង​ដូសទី១ និង​ប្រមាណ ៩,៥ លាននាក់ នឹង​ទទួលបានវ៉ាក់សាំង​នៅដូសទី២។

លោក Nicholas Grasslyសាស្ត្រាចារ្យផ្នែកជំងឺ​រាតត្បាត​នៅ​មហាវិទ្យាល័យ​ Imperial College London និង​ជា​សមាជិកក្រុមអ្នកវិទ្យាសាស្ត្រ​ជំងឺ​រាតត្បាត​គ្រុនវិទ្យាសាស្ត្រគំរូ (SPI-M) បាន​ឱ្យ​ដឹងថា៖ «ការពន្យារ ​ពេល​នេះ​ គឺ​ជា​រយៈ​ពេល​ដ៏សំខាន់មួយ​ ក្នុង​ការ​ចែក​ចាយ​វ៉ាក់​សាំង​ដូស​ទី២ ដើម្បី​ប្រឆាំ​ង​នឹង​វ៉ារ៉្យង់​ថ្មីដ៏​កាច​សាហាវ​នេះ»។

លោកវេជ្ជបណ្ឌិត Kit Yates សហប្រធានមជ្ឈមណ្ឌលជីវវិទ្យាគណិតវិទ្យា​ នៅសាកល​វិទ្យាល័យ University of Bath​ និង​ជា​ស​មាជិក​ក្រុ​មអ្នកជំនាញ​ឯករាជ្យ​ Sage បាន​ឱ្យ​ដឹងថា​៖ «​នៅពេល​យើងប​ន្ធូរ​បន្ថយ​ការរឹត​ត្បិត​សង្គម​នោះ ​គឺអាស្រ័យលើ​នៃ​ការ​ចែក​ចាយ​វ៉ាក់​សាំងថា ​តើ​ប្រជាជន​ក្នុង​ប្រទេស​ទទួល​បាន​វ៉ាក់​សាំង​ដល់​កម្រិត​ណា​ហើយ​»។

លោកបាន​បានប​ន្ថែម​ថា៖ «ខ្ញុំខ្លាចថាបញ្ហា​អាច​បណ្ដាល​មក​ពី​ការប្រកាន់ខ្ជាប់នូវទិន្នន័យចាក់​វ៉ាក់​សាំង​​ជាជាង​ការ​ប្រកាន់​ខ្ជាប់​លើ​កាលបរិច្ឆេទ​ អត្រាចំនួនឆ្លង ចំនួន​អ្នក​ជំងឺ​ ដែល​​ស្នាក់នៅមន្ទីរពេទ្យ​ និង​ផ្ទៀង​ផ្ទាត់​ឡើងវិ​ញ​​ចំនួន​ទាំង​នេះ​ឡើ​ងវិញ​»​។

លោក Yates បានបន្ថែមទៀតថា៖ «វាចាំ​បាច់ក្នុង​ការប្រើវិធានការលើសពីការចាក់វ៉ាក់សាំង។ ការ​ស្ដារ ឡើងវិញ​នៃ​​ប្រព័ន្ធតេស្ត ​និង​ប្រព័ន្ធ​តាម​ដាន​ ការធ្វើឱ្យ​ប្រសើរឡើងនូវប្រព័ន្ធខ្យល់​នៅ​ក្នុង​កន្លែង​ធ្វើការ​ និង​សាលារៀនការផ្ដល់​ជំនួយ​ដល់ប្រជាជនដែលមានតេស្តវិជ្ជ​មាន​ និង​វិធាន​ញែកដាច់ពីគ្នាគឺ​ គឺ​សុទ្ធតែ​ជា​វិធានការ ដែល​​នឹង​ផ្ត​ល់ភាពងាយស្រួ​លក្នុង​ការ​គ្រប់​គ្រង​ស្ថានភាព​បច្ចុប្បន្ន​»។

ទិន្នន័យផ្លូវការកាលពីថ្ងៃទី ១៣ មិថុនា បានបង្ហាញថា ចក្រភពអង់គ្លេស​រកឃើញ​ករណីឆ្លង​ប្រចាំ​ថ្ងៃ​ដល់ទៅ​ ៧ ៤៩០ ករណី និង​ចំនួន​អ្នក​ស្លាប់​ថ្មី​ចំនួន ​៨ ករណី។ ប្រទេស​នេះផងដែរ ក៏បាន​រាយ​ការណ៍​ពី​ចំនួន​ករណី​ថ្មី​ជិត ៤,៥ លានករណី និង​ចំនួន​មនុស្ស​ស្លាប់ជាង ១២៨​ ០០០ ករណី​ ចាប់តាំង​ពី​មាន​ជំងឺរាត​ត្បាត​វីរុស​​កូវីដ ១៩ នេះ​មក​៕