ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក​ ចូ បៃដិន​ នឹង​ស្នើ​ធ្វើ​ការ​តែងតាំង​ធនាគារិក​ និង​អតីត​មន្ត្រី​នៃ​ក្រសួង​ការបរទេស​អាមេរិក ​លោក Thomas R. Nides ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​អ៊ីស្រាអែល​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៥​ មិថុនា​។

លោក​ Nides គឺ​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Morgan Stanley ដែល​ជា​ក្រុមហ៊ុន​ធនាគារ​វិនិយោគ​ធំ​ជាង​គេ​ទី៤ របស់​សហរដ្ឋ​អាមេរិក និង​ធ្លាប់​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ ក្នុង​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​។

លោក ​បៃដិន​ បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នៅ​ទី​កន្លែង​ដ៏​រសើប​ ហើយ​ធ្វើឱ្យ​​មាន​ការងឿងឆ្ងល់​​ពី​អ្នក​វិភាគ​​​គោលនយោបាយ​របស់​លោក​ចំពោះ​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន​។

ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​គាំទ្រ​អ៊ីស្រាអែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក Nides បាន​ធ្វើ​ការ​នៅ​ពី​ក្រោយឆាក​ ​ដើម្បី​ជួយ​ផ្ដល់​ថវិកា​របស់​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិសម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​។

លោក Nides ក៏​ជា​អ្នក​ចូល​រួម​វិភាគទាន​ដ៏​ធំ​មួយ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ ដោយ​ប្រមូល​ថវិកា​បាន​ជាង ៤៥ ០០០ ដុល្លារ​ សម្រាប់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ក្នុង​ ១ ​ឆ្នាំៗ រួម​ទាំង​សម្រាប់​ផ្គត់​ផ្គង់​យុទ្ធនាការ​នយោបាយ​របស់​​លោក​ បៃដិន​ ផង​ដែរ​៕