ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ ពូទីន នឹង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ថ្ងៃ​ពុធ​ ទី​ ១៥ មិថុនា នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ពួក​គេ​ចាប់​តាំង​ពី​លោក​ បៃដិន ​បាន​ចូល​កាន់​តំណែង​ដោយ​កិច្ច​ប្រជុំ​នេះ​នឹង​អម​ជាមួយ​នឹង​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ទូលំទូលាយ​ និង​ការ​រំពឹង​ទុក​​ទាប​សម្រាប់​សមិទ្ធផល​ណា​មួយ។

ពួក​គេ​ទាំង​ ២ ​ពោល​ថា ​​ពួក​គេ​សង្ឃឹម​ថា​ កិច្ច​ពិភាក្សា​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ អាច​នាំ​ឱ្យ​មាន​ទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព និង​អាច​ព្យាករ​បាន បើ​ទោះបី​ជា​ពួក​គេ​នៅ​តែ​មាន​​ភាព​មិន​យល់ស្រប​លើ​អ្វីៗ​ទាំង​អស់​រាប់​​តាំង​ពី​ការ​គ្រប់គ្រង​អាវុធ និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត រហូត​ដល់​ការ​ចោទ​ប្រកាន់​លើ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ និង​ភាព​តានតឹង​នៅ​អ៊ុយក្រែន​ជាដើម​ក៏​ដោយ​​។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​ម្នាក់​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ Air Force One នៅ​ពេល​លោក​ បៃដិន​ កំពុង​ហោះ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​ថា៖​ «​យើង​មិន​រំពឹង​ថា​ នឹង​មាន​សមិទ្ធផល​ធំ​ណា​មួយ​ចេញ​ពី​កិច្ច​ប្រជុំ​នេះ​ទេ»​។

ទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ ពូទីន លោក​ Yuri Ushakov បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ប្រាកដ​ថា ​កិច្ច​ព្រមព្រៀង​ណា​មួយ​នឹង​ត្រូវ​​បាន​ឈាន​ដល់​នោះ​ទេ​»​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ម៉ូស្គូ​ បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ មិន​ធ្លាប់​មាន​តាំង​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​។ ចំណុច​តានតឹង​គួរ​ឱ្យ​កត់​សម្គាល់​រួមមាន​ការ​កាត់​យក​ឧបទ្វីប​គ្រីមា ដោយ​រុស្ស៊ី​​កាល​ពី​ឆ្នាំ​ ២០១៤ ការ​អន្តរាគមន៍​សង្គ្រាម​នៅ​ស៊ីរី​ការ​ចោទ​ប្រកាន់​ដោយ​អាមេរិក​ ដែល​​រុស្ស៊ី​បាន​ច្រាន​ចោល​អំពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ឆ្នាំ ​២០១៦​ និង​ការ​បណ្ដេញ​មន្ត្រី​ការ​ទូត​ទៅ​វិញ​ទៅ​មក និង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​ជាដើម​​។

ទំនាក់ទំនង​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​មីនា នៅ​ពេល​ដែល​លោក​ បៃដិន​ បាន​និយាយ​ថា ​លោក​ចាត់​ទុក​លោក​ ពូទីន ​គឺ​ជា «ឃាតករ» ដែល​ជំរុញ​ឱ្យ​​ប្រទេស​រុស្ស៊ី​ កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​សម្រាប់​ការ​ពិគ្រោះ​យោបល់​។

ភ្លាមៗ​នោះ​ដែរ​សហរដ្ឋអា​មេរិក ​បាន​​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ម៉ូស្គូ​ឱ្យ​ត្រឡប់​មក​វិញ​កាល​ពី​ខែ​មេសា​នេះ​​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ឯកអគ្គ​រដ្ឋទូត​ទាំង​ ២ ​មិន​បាន​ត្រឡប់​ទៅ​បំពេញ​​ភារកិច្ច​របស់​ពួក​គេ​វិញ ធ្វើ​ឱ្យ​ស្ថានទូត​នៃ​គូប្រជែង​ទាំង​ ២ ​មិន​មាន​ឯកអគ្គរដ្ឋទូត​នៅ​ប្រចាំការ​នៅ​ឡើយ​ទេ​​។

ការ​គ្រប់គ្រង​អាវុធ គឺ​ជា​ដែន​សមត្ថកិច្ច​​​មួយ​​ជំរុញ​ឱ្យ​​មាន​​ការ​រីក​ចម្រើន​អាច​​កើត​ឡើង បើ​ទោះបី​ជា​មាន​ការ​ខ្វែង​​គំនិត​គ្នា​កាន់​តែ​ទូលំទូលាយ​ក៏​ដោយ​។ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​ ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​បន្ត​សន្ធិសញ្ញា​ New START ៥ ឆ្នាំ​បន្ថែម​ទៀត ដែល​ជា​កិច្ច​ព្រមព្រៀង​ចំនួន​ការ​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំង ២ ហើយ​ដាក់​កម្រិត​លើ​ចំនួន​មធ្យោបាយ​បញ្ជូន​គ្រាប់​ទាំង​នេះ​ដូចជា​មីស៊ីល​ដែល​មាន​មូលដ្ឋាន​​​លើ​ដី និង​នាវា​មុជ​ទឹក រួម​ទាំង​យន្តហោះ​​ទម្លាក់​គ្រាប់​បែក​ចម្ងាយ​ឆ្ងាយ​ផង​ដែរ​​។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ខាង​លើ​បាន​និយាយ​ថា ​លោក​ បៃដិន​ នឹង​បញ្ជាក់​ប្រាប់​លោក​ ពូទីន ​អំពី​តំបន់​ផលប្រយោជន៍​ជាតិ​អាមេរិក ​ដែល​មាន​​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រុស្ស៊ី​នឹង​នាំ​មក​នូវ​ការ​ឆ្លើយ​តប​មួយ​។ កាល​ពី​ខែ​មេសា លោក​​បាន​ចេញ​សេចក្ដី​បញ្ជា​ប្រតិបត្តិ​ដែល​ពង្រីក​សិទ្ធិ​អំណាច​របស់​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ម៉ូស្គូ​។

លោក Vladimir Frolov អតីត​អ្នក​ការ​ទូត​រុស្ស៊ី​បាន​និយាយ​ថា ​លោក​ ពូទីន​ ចង់​បាន​ចំណង​ទំនាក់ទំនង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក​ចង់​ឱ្យ​អាមេរិក​គោរព​លោក​ដូច​សមាជិក​​ការិយាល័យ​នយោបាយ​សហភាព​សូវៀត​កាល​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០-១៩៨០ ជាមួយ​នឹង​ «ការ​ទទួល​ស្គាល់​ជា​និមិត្តរូប​នៃ​ភាព​ស្មើ​ភាព​គ្នា​របស់​រុស្ស៊ី​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ជា​មួយ​សហរដ្ឋ​អាមេរិក»​។

នៅ​ក្នុង​សភាព​​នៃ​ទំនាក់ទំនង​តានតឹង​មួយ​នេះ​ ការ​ជជែក​នឹង​មិន​មាន​​ការ​ទទួល​ទាន​អាហារ​រួមគ្នា​ទេ​ ហើយ​លោក​​​ ពូទីន និង​ បៃដិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដាច់​ដោយ​ឡែក​ផ្សេង​គ្នា​ ជាជាង​ធ្វើ​ការ​រួមគ្នា​​។

នេះ​ គឺ​ផ្ទុយ​ពី​ការ​ចូលរួម​របស់​លោក​ បៃដិន ​ក្នុង​សម័យ​ប្រជុំ​ G-7 សប្ដាហ៍​នេះ ​ដែល​រៀបចំ​ឡើង​ ដោយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដោយ​​មេ​ដឹកនាំ​ប្រទេស​ G-7​ និង​ប្ដី​ប្រពន្ធ​របស់​ពួកគេ​បាន​រៀបចំ​ពិធី​ជប់​លៀង​សាច់​អាំង និង​ថត​រូប​ជា​ «គ្រួសារ» ​ជាដើម​។

មុន​នឹង​លោក​ បៃដិន ​ធ្វើ​ដំណើរ​មក​ជួប​ជាមួយ​លោក​ ពូទីន លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រទេស G-7 ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​សមាជិក​អង្គការ​ណាតូ​ ដែល​ក្នុង​លោក​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ប្រទេស​រុស្ស៊ី និង​ចិន​៕