អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ហ្គា​ហ្សា​ បន្ទាប់​ពី​ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ទីនោះ​ បាន​បង្ហោះ​ប៉េងប៉ោង​ផ្ទុក​អាវុធ​បង្ក​អគ្គិភ័យ​ទៅ​កាន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​។

ការ​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី ​១៦ មិថុនា​ គឺ​ជា​ការ​ផ្ទុះ​ឡើងនៃ​​ការ​ប៉ះទង្គិច​គ្នា​លើក​ដំបូង​ចាប់​តាំង​ពី​ភាគី​យល់ព្រម​លើ​បទ​ឈប់​បាញ់ថ្មីៗនេះ​​ ហើយជា​​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​ ១១ ថ្ងៃ​ កាល​ពី​ខែ​ឧសភា​ ស្រប​ពេល​ជា​មួយ​ការ​ធ្វើ​ក្បួន​ដង្ហែ​ទង់ជាតិ ​ដោយ​ក្រុម​ជាតិ​និយម​អ៊ីស្រាអែល​នៅ​ក្នុង​ដែន​ដី​មាន​ជម្លោះ​ហ្ស៊េរុយ​​សាឡិម​ខាង​កើត​។

យោធា​អ៊ីស្រាអែល​បាន​ប្រកាស​ថា ​យន្តហោះ​ចម្បាំង​របស់​ពួកគេ​បាន​វាយ​ប្រហារ​មូលដ្ឋាន​ក្រុម​ឧទ្ទាម​ហាម៉ាសនៅ​ទីក្រុងហ្គាហ្សា និង​នៅ​ទីប្រជុំជន Khan Younis ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ហើយ​បាន​និយាយ​ថា​ពួកគេ​ «ត្រៀម​ខ្លួន​សម្រាប់​គ្រប់​សេណារីយោ​​ទាំង​អស់​រួម​ទាំង​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​ចំពោះ​មុខ​សកម្មភាព​ភេរវកម្ម ដែល​បន្ត​រីក​រាលដាល​ពី​តំបន់ហ្គាហ្សា​»​។

កង​យោធា​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​ប៉េងប៉ោង​បង្ក​អគ្គិភ័យ​ចំនួន​ ២០ បាច់​​ នៅ​ទីវាល​នៃ​សហគមន៍​មួយ​ចំនួន​ជិត​ព្រំដែន​ហ្គាហ្សា​។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់ក្រុម​​ហាម៉ាស​ បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល និង​និយាយ​ថា​ប្រជាជន​ប៉ាឡេស្ទីន​នឹង​បន្ត​ «តស៊ូ និង​ការពារ សិទ្ធិ​​និង​ទី​សក្ការ» ក្នុង​ក្រុង​​ហ្ស៊េរុយ​​សាឡិម​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មាន​អ្នក​ស្លាប់​ ឬ​របួស​នៅ​ក្នុង​តំបន់ហ្គា​ហ្សា​ដែល​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​នេះ​ដែរ​ ឬ​ទេ​៕