បើ​គិត​ត្រឹម​រយៈ​ពេល​ជាង ១៥ ខែ ​​នៃ​វិបត្តិ​ជំងឺ​រាត​ត្បាត​ ករណីស្លាប់​ដោយសារជំងឺកូវីដ ១៩ នៅ​អាមេរិក​កើន​ដល់ចំនួន​​ ៦​០ ម៉ឺនករណី​ ជាចំនួនច្រើនជាងគេបង្អស់នៅ​លើ​ពិភ​ព​លោក​​ ប៉ុន្តែនិន្នាការនេះ ​បាន​ថយ​ចុះ​ពី​ចំនួន​​ពាន់​មក​នៅ​ត្រឹម​រយ​វិញ ​ក្នុង​រយៈ​ពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ដោយ​សារ​ប្រសិទ្ធភាព​នៃ​កម្មវិធី​ចាក់​វ៉ា​ក់សាំង។

កាល​ពីអំឡុង​ចុង​ឆ្នាំ ២០២០ និង​ដើមឆ្នាំ សហរដ្ឋអាមេរិក​​ បាន​រក​ឃើញ​ករណី​ស្លាប់ចំនួន​​ ១០ ម៉ឺន​ករណី​ក្នុង​ ១ ខែ​ៗ។ ប៉ុន្តែ​ក្រោយ​ពេល​មាន​ប្រជាជន​កាន់តែច្រើនឡើង​ ទទួល​បាន​វ៉ាក់សាំង​ជាពិសេស​ ជនជាតិ​អាមេរិកាំង​ អត្រា​មរណភាពដោយសាវីរុស​កូវីដ ១៩ បានធ្លាក់ចុះយ៉ា​ងឆាប់រហ័ស។ បច្ចុប្បន្ន​ អ្នកស្លាប់ដោយសារ​ជំងឺ​កូវីដ ១៩ បាន​ធ្លាក់​ចុះ​ពី​ ៣​ ពាន់​នាក់ ​ក្នុង ១ ថ្ងៃនៅក្នុងខែមករា មក​នៅ​ត្រឹម​ ៣៧៥ នាក់ ក្នុង ១ ថ្ងៃ​​​ជាមធ្យម​ នៅពេល​បច្ចុប្បន្ន​។

សហរដ្ឋអាមេរិក​ នៅតែ​ជា​ប្រទេស​ ដែល​មានចំនួន​ករណី​ស្លាប់​ដោយសារ​កូវីដ ១៩ ច្រើន​ជាង​គេ​ បើ​ធៀប​ទៅនឹង​ប្រទេស​នានា​នៅលើ​ពិភព​លោក​ ខណៈ​​ប្រទេស​ប្រេស៊ីល ឥណ្ឌា និង​ម៉ិក​ស៊ិក​ជា​ប្រទេស​ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បន្ទាប់​ពី​អាមេរិក​ ដោយ​បច្ចុប្បន្ន​ចំនួនអ្នកស្លា​ប់ដោយ​សារកូវីដ ១៩ ​នៅ​ទូទាំង​ពិភព​លោក​ ​មា​នចំនួ​ន ៣,៨ លា​ននាក់​។

ទោះបីជាយ៉ាងនេះក្តីចំនួនមរណភាពនៅក្នុងប្រទេស​នេះ បាន​បង្ហាញ​សញ្ញាណ​ធ្លាក់​បន្តិច​ហើយ​ក្រោយ​មាន​​យុទ្ធនា​​ការ​​វ៉ាក់​សាំង​។ និន្នាការ​វិជ្ជមាន​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋ​ជាច្រើន​ ដក​ការ​រឹត​ត្បិត​ការពារ​ជំងឺ​ ដោយ​រួម​បញ្ជូល​ទាំង​ការ​មិន​តម្រូវ​ឱ្យ​មាន​ការ​ពាក់​ម៉ាស់​សម្រាប់​បុគ្គលដែល​បាន​ទទួល​​វ៉ាក់​សាំង​ពេញ​លេញ​ និង​លុប​​បំបាត់​​តម្រូវ​ការ​គម្លា​ត​​ស​ង្គម​ផ្សេងៗ​ផងដែរ​​។

ជាក់​ស្ដែង​អភិបាល​ទី​ក្រុង​ New York លោក Andrew Cuomo បានប្រកាសថា​ ទី​ក្រុង​កំពុង​បញ្ចប់​រាល់​ការ​រឹត​ត្បិត​ការពារ​ជំងឺ​កូវីដ ១៩​ ទៅ​លើ​ពាណិជ្ជកម្ម និង​សង្គម​នៅ​ទូ​ទាំង​ទី​ក្រុង​ផងដែរ​។

លោក​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ទីក្រុងនេះ បាន​ចែក​ចាយវ៉ាក់​សាំង​មួយ​ក្នុង​អត្រា​ដល់​ទៅ​ ៧០ភាគរយ​សម្រាប់​មនុ​ស្សពេញវ័យ​នៅទូទាំង​ទី​ក្រុង​ ឬ​ច្រើនជាង ២០,២ លាន​ដូស​ដល់​ប្រជា​ជន​ក្នុង​ទីក្រុង​ និង​មាន​ចំនួន​ច្រើន​ជាង​គេ​បើ​ធៀប​ទៅ​នឹង​រដ្ឋ​ធំៗ​ផ្សេង​ទៀត​នៅអាមេរិក​។

ទន្ទឹម​នឹង​នេះដែរ រដ្ឋ California ក៏​បាន​ប្រកាស​បញ្ឍប់​ការរឹតបន្តឹង​គម្លាត​សង្គម​ដូច​គ្នា និង​ចាប់​ផ្ដើម​ដំណើរ​ការ​សកម្ម​ភាពអាជីវកម្ម​ និង​វិស័យ​ផ្សេងៗ​មួយ​ចំនួន​ដូច​គ្នា​។​ ដោយឡែក រដ្ឋ​Massachusetts ក៏​ចាប់​ផ្ដើម​បញ្ចប់​ការ​បិទ​ខ្ទប់​ក្នុង​រដ្ឋ​​ និង​បន្ថូរបន្ថយ​ការ​រឹតត្បិត​ចរាចណ៍​សង្គម​ផងដែរ​​។

ទោះជា​យ៉ាងណាក្ដី សមាគមវិស័យ​ធ្វើដំណើរ​របស់សហរដ្ឋអាមេរិក​ បាន​និយាយ​កាល​ពី​ថ្ងៃអង្គារថា ដំណើរ​ការ​ធ្វើ​អាជីវកម្មនៅ​សហរដ្ឋអាមេរិកនឹង​មិនងើបឡើងវិញភ្លាម​ៗ​នោះ​ទេ ពោល​គឺ​ត្រូវ​ចាំ​រហូត​ដ​ល់​ឆ្នាំ​ ២០២៤ ដោយសារ​តែ «ការប្រតិបត្តិ​​តាម​​វិធីសាស្រ្ត​អាជីវកម្ម​ថ្មី និង​ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​សន្សឹម​ៗ» ក៏​ដូចជា​«កា​រ​រឹតបន្តឹង​យូរ​អង្វែង»របស់​រដ្ឋាភិបាល​ផងដែរ​។

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការ​បង្ការជំ​ងឺអាមេរិក​ហៅកាត់ថា​ CDC ប្រជាជនអាមេរិកាំង​ក្រោម​ ៦៥ ភាគរយ​ នៅទូទាំងប្រទេស​ ទទួល​បានចាក់​វ៉ាក់សាំងដូស​ទី១ ​ខណៈ​ជាង ៤០ ភាគរយ​ទៀត​ ទទួល​បាន​ចាក់វ៉ាក់​សាំង​ពេញ​លេញ​ហើយ​។

ប៉ុន្តែតម្រូវ​ការចាក់វ៉ាក់​សាំង​នៅសហរដ្ឋ​អាមេរិក​បានធ្លាក់ចុះគួរឱ្យ​កត់សម្គាល់​ដែល​បណ្ដាល​ឱ្យ​នៅ​កន្លែង​នានា​ កំពុង​ជួប​ប្រទះ​បញ្ហា​សល់​វ៉ាក់​សាំង​ក្នុង​អតិបរិមា​ និងកំពុង​បង្កើត​ជា​មន្ទិល​សង្ស័យថា​​ តើ​ប្រទេស​នេះ​នឹងឆ្លើ​យតប​តាមគោលការណ៍​របស់​ប្រធានាធីបតី​អាមេរិក​ លោក Joe Biden ក្នុង​ការ​ចែក​ចាយ​វ៉ាក់​សាំង​ដល់​ប្រជាជន​​ពេញ​វ័យ​អាមេរិកឱ្យ​បាន​ ៧០ ភាគរយ​ ឬ​យ៉ាង​ហោច​ទទួល​បាន​វ៉ាក់​សាំង​ដូស​ទី១ នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ត្រឹម​ថ្ងៃទី ៤ ខែកក្កដា ឬ​យ៉ាងណា​?​

បើយោងតាមទិន្នន័យ​ពី ​CDC គិតត្រឹម១សប្តាហ៍មុនសហរដ្ឋអាមេរិក ទទួលបាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​​ប្រមាណជា ១ លាន​នាក់ ​ក្នុង​ ១​ ថ្ងៃ​ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់​ប្រហែល ៣,៣ លាននាក់ ក្នុង ​១ ​ថ្ងៃ​ជា​មធ្យ​ម​ នៅ​ពាក់​កណ្តាល​ខែ​មេសា៕