ម្ចាស់​ភាគហ៊ុន​ Microsoft និង​ក្រុមហ៊ុន​វិនិយោគ​ Arjuna Capital បាន​និយាយ​ថា ​ខ្លួនបាន​ស្វែង​រកដំណោះ​ស្រាយ​ដោយព្យាយាមរក​របាយ​ការណ៍ស្តីពី «​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ការបៀតបៀន​​ផ្លូវភេទ​នៅកន្លែង​ធ្វើការ​របស់​ក្រុមហ៊ុន»​ បន្ទាប់ពី​មានការ​ចោទ​ប្រកាន់ដែល​សហស្ថាបនិក​ Bill Gates ​មាន​ទំនាក់ទំនង​មិន​សមរម្យ​ជាមួយ​និយោជិត​។

យោងតាម​ការស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera ក្រុមម្ចាស់​ភាគហ៊ុន​នោះ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​ថា៖ «យើងជំរុញ​ ឱ្យ​ក្រុមហ៊ុន​ Microsoft ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​ប្រឈមមុខ​នឹង​បញ្ហាទាំង​នេះ​ប្រកប​ដោយ​តម្លាភាព​ពី​ព្រោះ​ការបៀតបៀន​ផ្លូវភេទ​និង​ការរើស​អើង​យេនឌ័រ​អាចធ្វើ​ឱ្យប៉ះពាល់​ដល់​តម្លៃរបស់​ម្ចាស់​ភាគហ៊ុន»។

បន្ទាប់​ពី​ការព័ត៌មាន​ដែលថា ​លោក Gates ​និងអតីត​ភរិយា​របស់​លោកគឺ​លោក​ស្រី ​Melinda French Gates ​កំពុងលែង​លះគ្នានោះ​ក៏លេចចេញ​នូវព័ត៌មាន​អំពីសកម្មភាព​មិន​សមរម្យ​នានា​របស់លោក​ទៅ​កាន់​និយោជិត Microsoft ​មួយចំនួន​ផងដែរ​។

ក្រុមហ៊ុនប្រាប់​ថា​ ក្រុមហ៊ុនបាន​ទទួល​ពាក្យបណ្តឹង​នៅឆ្នាំ ​២០១៩​ ខណៈ​ពេលដែល​លោក​Gates​ បម្រើការ​នៅ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ Microsoft ថា​លោក​បាន​ព្យាយាម​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហាជា​មួយ​និយោជិត​នៅឆ្នាំ ​២០០០៕