នៅ​​ថ្ងៃ​ពុធ ទី​ ១៦ ​មិថុនានេះ​ ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន និង​ប្រធានាធិបតី​រុស្សី​លោក​ វ៉្លាឌីមៀរ ពូទីន បាន​យល់ព្រម​បើក​ការ​ចរចា​លើ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​ និង​ការ​គ្រប់គ្រង​អាវុធ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ដំបូង​រវាង​មេដឹកនាំ​ទាំង​ ២ ហើយពោរ​ពេញ​​ទៅ​​ភាព​មិន​ចុះ​សម្រុង​លើ​បញ្ហា​មួយ​ចំនួន​ រួម​ជា​មួយ​បញ្ហា​សិទ្ធិមនុស្ស​ និង​ភាព​តានតឹង​ជា​មួយ​អ៊ុយក្រែនផងដែរ​​។

លោក​ បៃដិន​ បាន​សួរ​លោក ​ពូទីន ​ថា​ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ​ប្រសិន​បើ​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង​របស់​រុស្សី រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ​កុំព្យូទ័រទារ​​ជំរិត​ប្រាក់នោះ​​ ដែល​នេះ​ជា​សំណួរ​ចង្អុល​ទៅកាន់​​ការ​ជាប់​គាំង​បំពង់​បង្ហូរ​ប្រេង​អាមេរិក​ដោយ​សារ​មេរោគ​បែប​នេះ​កាល​ពី​ខែ​ឧសភា​ និង​​បណ្តាល​ឱ្យ​មាន​ការ​រំខាន រួមទាំង​​​ការ​ទិញ​ដោយ​ភិតភ័យ​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​អាមេរិក​ខាង​កើត​។

ស្រប​ពេល​ដែល​លោក Biden បាន​សង្កត់​ធ្ងន់​ថា ​លោក​មិន​បាន​ធ្វើ​ការ​គំរាម​កំហែង​ក្នុង​ពេល​ប្រជុំ លោក​បាន​និយាយ​ថា​លោក​បាន​គូស​បញ្ជាក់​ដល់​លោក ​ពូទីន ​អំពី​ផល​ប្រយោជន៍​ជាតិ​សហរដ្ឋអាមេរិក​រួម​ទាំង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ថា​សហរដ្ឋអាមេរិកនឹង​ធ្វើការ​ឆ្លើយ​តប​ប្រសិន​បើ​រុស្ស៊ី​បំពាន​​លើ​ផល​ប្រយោជន៍​ទាំង​នោះ។

មេដឹកនាំ​ទាំង​ ២ ​ក៏​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ ប៉ុន្តែ​ស្ទើរ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនងក្នុង​បញ្ជូន​ឯកអគ្គរដ្ឋទូត​រៀង​ៗ​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​ប្រចាំការ​នៅ​ម៉ូ​ស្គូ និង​វ៉ាស៊ីន តោន​វិញ បន្ទាប់​ពី​ភាគី​ទាំង ២ ​កោះហៅ​ប្រមុខ​ការ​ទូត​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ខណៈ​ពេល​ដែល​ទំនាក់ទំនង​បាន​អន់​ថយ​កាល​ពី​ដើម​ឆ្នាំ​នេះ​។

បុរស​ទាំង​ ២ ​បាន​ប្រើប្រាស់​ពាក្យពេចន៍​សមរម្យ​ ដើម្បី​ពិពណ៌នា​អំពី​កិច្ច​ប្រជុំ​នេះ ដោយ​លោក​ ពូទីន​ ការ​ពិភាក្សា​មាន​ភាព​ស្ថាបនា​ និង​គ្មាន​ការ​គំរាមកំហែង​ ហើយ​លោក ​បៃដិន ​បាននិយាយ​ថា ​គ្មាន​អ្វី​អាច​ជំនួស​ការ​ប្រជុំ​ទល់​មុខ​បាន​ទេ​។ ប៉ុន្តែ​ការ​ពិភាក្សា​រយៈ​ពេល ៣ ម៉ោង​ របស់​ពួកគេ​នៅ​ក្រុង​ហ្សឺណែវ​ បាន​បញ្ចប់​ដោយ​បុរស​ទាំង ២ ​នៅ​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​ដូច​ដែល​ពួកគេ​មាន​មុន​ការ​ចាប់​ផ្ដើម​កិច្ចប្រជុំ​។

«ខ្ញុំ​មិន​មាន​ទំនុក​ចិត្ត​ថា​ គាត់​នឹង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​គាត់​ទេ​» លោក ​បៃដិន​ បាន​និយាយ​បែប​នេះ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ចប្រជុំ​ ហើយ​បន្ត​ទៀត​ថា​៖ «អ្វី​ដែល​នឹង​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​គាត់​គឺ​ ការ​ប្រតិកម្ម​របស់​ពិភពលោក​ ហើយ​បន្ថយ​ជំហរ​នៅ​លើ​ពិភពលោក​។ ខ្ញុំ​មិន​មាន​ទំនុក​ចិត្ត​លើ​អ្វី​ផ្សេង​ទៀត​ទេ​»​។

លោក​ បៃដិន​ បាន​និយាយ​ថា ​នឹង​មាន​ផលវិបាក​ «ធ្ងន់ធ្ងរ»​ សម្រាប់​ប្រទេស​រុស្សី​ ប្រសិន​បើ​មេដឹកនាំ​ចលនា​ប្រឆាំង​លោក​ Alexei Navalny បាត់​បង់​ជីវិត​ ខណៈពេល​​​ឃុំឃាំង​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​មុន​លោក ​បៃដិន លោក​ ពូទីន​ បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​លោក​ Navalny និង​ការ​បង្កើន​វត្តមាន​យោធា​នៅ​ជិត​ព្រំដែន​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។ លោក​បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​គ្មាន​ជំហរ​ក្នុង​ការ​បង្រៀន​ក្រុង​ម៉ូ​ស្គូ​ ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស​ទេ ហើយ​និយាយ​ថា​ ការ​បង្ក្រាប​នៅ​ក្នុង​រុស្សី​ គឺ​ធ្វើ​ឡើង​ដើម្បី​បង្ការ​ការ​កើត​ភាព​ចលាចល​ដូច​ដែល​កើត​ឡើង​នៅ​អាមេរិក​។

ទំនាក់ទំនង​រុស្ស៊ី​-អាមេរិក ​មាន​ភាព​យ៉ាប់​យ៊ឺន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​បន្ទាប់​ពី​កាត់​យក​ឧបទ្វីប​គ្រីមា​ដោយ​រុស្ស៊ី ការ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី និង​លីប៊ី និង​ការ​ចោទ​ប្រកាន់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ទៅ​វិញ​ទៅ​មក​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សម្រាប់​បន្ធូរ​បន្ថយ​ភាព​តានតឹង​ និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ស្ថិរភាព​ ហើយ​អាច​ព្យាករបាន​។ ប៉ុន្តែ​ភាគី​ទាំង ២ ​បាន​ដាក់​ការ​រំពឹង​ទុក​ទាប​សម្រាប់​ការ​សម្រេច​សមិទ្ធផល​ធំ​ដុំ​ណា​មួយ៕