វ៉ារ្យ៉ង់ Delta ថ្មី ឬ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វ៉ារ៉្យង់​មក​ពី​ប្រទេស​ឥណ្ឌា​ ​កំពុងរីក​រាលដា​លដ​ល់ប្រ​ទេស​ជា​ង ៨០ នៅ​ទូទាំង​ពិភព​លោក​ និង​ត្រូវបាន​អ​ង្គការសុខភាពពិភពលោក បាន​ដាក់​វ៉ារ៉្យង់​នេះ​ទៅ​ក្នុង​ចំណាត់​ថ្នាក់​ ប្រភេទ​​ដ៏​គួរ​ឱ្យ​បារម្ភខ្ពស់​​។

វ៉ារ្យ៉ងថ្មី​នេះ​ ត្រូវបាន​អ្នក​សិក្សា​នានា​ព្រមាន​ថា​មាន​សមត្ថភាព​ចម្លង​ខ្លាំង និង​កាច​សាហាវ​​ជាង​វ៉ារ៉្យង់​កូវីដ ១៩​ ដទៃ​ទៀត​ផងដែរ​។ ប៉ុន្តែ​ទោះយ៉ាងណាក្ដី អ្នក​សិក្សា​ក៏​បង្ហាញ​​ភ័ស្តុតាង​នានា​ ដែល​បញ្ជាក់​បាន​ពី​ប្រសិទ្ធភាព​របស់​វ៉ាកសាំង​ បន្ទាប់​ពីដូស​ទី២​​។

ការសិក្សា​របស់អង់គ្លេសចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet កាលពីដើមខែមិថុនា​ បាន​ពិនិត្យ​មើលកម្រិត​នៃការបន្សាបអង្គបដិបក្ខប្រាណដែលផលិតនៅក្នុងរាង​កាយ​មនុស្ស​ទទួលបាន​វ៉ាក់សាំង ដើម្បី​ប្រឆាំង​នឹង​វ៉ារ៉្យង់​ Delta នេះ​។

គេ​បានរកឃើញថា កម្រិត​នៃអង្គបដិបក្ខប្រាណរបស់​អ្នកទទួល​បាន​វ៉ាក់សាំង Pfizer-BioNTech ដូស​ទី២ មាន​កម្រិត​ទាបជា​ងវត្តមាន​របស់​វ៉ារ៉្យង់​ Delta ជាង ៦ ដង បើ​ធៀបនឹង​វត្តមាននៃ​ប្រភេទវ៉ារ៉្យង់​កូវីដ ​១៩ ដទៃ​។

ដោយឡែក ការសិក្សា​ពីវិទ្យាស្ថានប៉ាស្ទ័របារាំងបានសន្និដ្ឋានថា ការបន្សាបអង្គបដិបក្ខប្រាណដែល​ផលិត​ដោយ​ចាក់វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពតិចជាង ៣ ទៅ ៦ ដង​ ក្នុង​ការ​ប្រឆាំងនឹ​ង​​វ៉ារ៉្យង់​ Delta ជាងវ៉ារ្យង់ Alpha។

ទោះបីជាពួកគេបង្ហាញពីភាព​ខ្លាំង​ក្នុង​ការ​ប្រឆាំង​នឹង​វ៉ារ្យ៉ង់នេះ​ក្ដី ​​កម្រិតប្រសិទ្ធភាព​​នៃ​​ការ​បង្កើត​អង្គ​បដិ​បក្ខប្រាណ​ ដែល​ត្រូវ​បាន​គេ​ពិនិត្យ​មើល​​ក្នុង​​ពិសោធន៍​ នៅ​មិន​ទាន់​មាន​កម្រិត​គ្រប់​គ្រាន់​ ដើម្បី​កំណត់​ប្រសិទ្ធ​ភាព​​នៃ​​វ៉ាក់សាំង​នៅ​ឡើយ​ទេ។ ជាពិសេសវ៉ាក់សាំង​ទាំង​នេះ បាន​​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ជាលើ​កទី២ ​ក្នុងទម្រង់កោសិកា​ T ដែល​មាន​នាទី​​ជួយ​​វាយប្រហារកោសិកាដែលឆ្លងរួច​ ប៉ុន្តែ​មិន​បាន​សម្លាប់​លើ​វីរុស​នោះ​ទេ។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃច័ន្ទនេះ ដោយសុខភាពសាធារណៈអង់គ្លេស​បានឱ្យ​ដឹងថា​ វ៉ាក់សាំង​ Pfizer-BioNTech និង AstraZeneca មានប្រសិទ្ធភាពក្នុងការការពារ​មិន​ឱ្យ​មាន​ករណី​ធ្ងន់​ធ្ងរ​ ដែល​តម្រូវ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ និង​ធ្វើ​ឱ្យ​ករណី​ ដែល​ឆ្លង​ដោយ​​វ៉ារ៉្យង់​ Delta មាន​លក្ខណៈ​ស្រាល​ដូច​ករណី​ឆ្លង​ដោយ​​វ៉ារ៉្យង់​ Alpha ផងដែរ​។

វ៉ាក់សាំង Pfizer-BioNTech ចំនួន ២ ​ដូស​ អាច​ជួយ​ការ​ពារ​​វ៉ារ៉្យង់​ Delta មិន​ឱ្យ​មាន​ករណី​ធ្ងន់​ធ្ងរ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ បាន​ទៅដល់ ៩៦% ឯណោះ​ ខណៈ​វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធភាព​ប្រមាណ ៩២%។ នេះបើយោងតាម​ការសិក្សា​លើ​មនុស្ស​ជាង​ ១៤ ពាន់​នាក់។

​បើ​យោងតាម ទិន្នន័យ​ចេញផ្សាយដោយអាជ្ញាធរសុខាភិបាលអង់គ្លេសនៅចុងខែឧសភា ក៏​បាន​ធ្វើកា​រ​សន្និដ្ឋានស្រដៀងគ្នាផងដែរ​ ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់​សាំង​លើ​ករណី​ស្រាល។

វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំង​នឹង​​វ៉ារ៉្យង់​ Delta បាន​ទៅ​ដល់​ ៨៨% ក្រោយ​ ២ សប្តាហ៍​ បន្ទាប់ពី​ការ​ចាក់ដូស​លើកទី២ ខណៈវ៉ាក់​សាំង​ដដែល​នេះ​មានប្រសិទ្ធភាពការពារ​ដល់​ទៅ​ ៩៣% ចំពោះ​ករណី​វ៉ារ៉្យង់​ Alpha។ ដោយឡែក សម្រាប់​វ៉ាក់សាំង AstraZeneca បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​ដល់​ទៅ​ ៦០% ប្រឆាំងនឹងករណីដែលបណ្តាលមកពី​វ៉ារ៉្យង់​ Delta និងប្រមាណ​ ៦៦% ក្នុង​ករណី​​វ៉ារ៉្យង់​ Alpha។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រភាគច្រើន​យល់ស្រប​ថា​ ការការពារដ៏ល្អបំផុត​ក្នុង​ការ​ប្រឆាំង​នឹង​វ៉ារ៉្យង់​ Deltaគឺប្រជាជន​ត្រូវ​តែទទួលបាន​​វ៉ាក់​សាំង​ទាំង ២ ដូស​។អ្នកវិទ្យាសាស្ត្របារាំងជាន់ខ្ពស់ Jean-François Delfraissy បាន​និយាយថា​ ការ​បង្កើត​ឱ្យ​មាន​តំបន់​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​គ្រប់​គ្នា​ គឺ​ជាវិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ការពារ​កុំ​ឱ្យវ៉ារ៉្យង់​ Delta ​រីករាលដាល​ពេញ​សហគមន៍។

ការសិក្សារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ ខែមិថុនានេះ ក៏បានចង្អុលបង្ហាញពីសារៈសំខាន់​នៃការ​ចាក់វ៉ាក់សាំង​ ដើម្បី​ការពារ​កុំ​ឱ្យ​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្លាំង​ផងដែរ។ ប្រភពដដែល​បាន​ឱ្យ​ដឹងថា៖ «ការបង្កើន​សមាមាត្រនៃចំនួនប្រជាជន​ ដែលទទួល​បាន​វ៉ាក់សាំង​គឺជា​គន្លឹះ ក្នុង​ការ​​កាត់បន្ថយ​ការ​លេច​ចេញនូ​វ​វ៉ារ៉្យង់ថ្មី​ និងបញ្ចប់ការរីករាលដាលនៃ​ជំងឺកូវីដ ១៩ ផងដែរ»។

លោក Antoine Flahault ប្រធានវិទ្យាស្ថានសុខភាពសកលនៃសាកលវិទ្យាល័យ Geneva បានទទូចថា​ ការ​សង្កេតមើលការ​រក្សា​គម្លាត​សង្គម​ ការ​ចែករំលែកព័ត៌មានអំពីការឆ្លង និងសង្កេតមើលការរឹតត្បិត​នៅ​ពេល​មាន​ករណី​ជួប​ជុំ​ នៅ​តែ​មាន​សារៈសំខាន់​ក្នុង​ការ​ទប់​មិនឱ្យ​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង​ព្រោះ ករណី​ឆ្លង​កាន់​តែ​ច្រើន​ឱកាស​នៃ​ការ​បំលែង​​ខ្លួន​នៃ​វីរុស​ក៏​កាន់តែច្រើនដូចគ្នា​៕