មន្រ្តី​អង្គការសុខភាព​ពិភពលោក​បាន​និយាយនៅ​ថ្ងៃពុធនេះ​ថា​ វ៉ារ៉្យង់​មក​ពី​ប្រទេស​ឥណ្ឌា​ បច្ចុប្បន្ន​បាន​រីក​រាលដាល​ដល់​ប្រទេសជា​ង ៨០ ​នៅ​តែ​បន្ត​​បំប្លែង​ខ្លួន​ និង​ឆ្លង​ពាស​ពេញ​ពិភព​លោក​​​។

បច្ចុប្បន្នវ៉ារ្យ៉ង់​មា​ន​ចំនួន​ស្មើ​ប្រមាណ​ ១០ ភាគរយ​នៃ​ករណី​ឆ្លង​ថ្មី​ទាំងអស់​នៅ​សហរដ្ឋ​អាមេរិក​ ដែល​កើន​ឡើង​ពី​ ៦ ភាគរយ​កាលពីសប្តាហ៍​មុន​។ ការសិក្សាថ្មី​នេះ បានបង្ហាញថា​ វ៉ារ្យ៉ង់​នេះមាន​លទ្ធភាព​ចម្លង​ ​​ច្រើន​ជាង​វ៉ារ្យ៉ង់​ផ្សេ​ងទៀត​ផងដែរ​។

មន្ត្រីអង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា​ របាយការណ៍​មួយ​ចំនួន​ បានរកឃើញថា វ៉ារ៉្យង់​ថ្មី​ក៏បង្ក​ឱ្យ​មាន​ករណី​ធ្ងន់​ធ្ងរ​ខ្លាំង​ផង​ដែរ​ ប៉ុន្តែទោះយ៉ាងណា​ក្ដី​ អ្នក​សិក្សា​នៅតែ​ត្រូវ​ការ​​ការស្រាវជ្រាវ​បន្ថែម​ទៀត​ជាចាំបាច់​ ដើម្បី​បញ្ជាក់ការ​សន្និដ្ឋាន​ទាំងនេះ​។

អង្គការ WHO​ កំពុងតាម​ដាន​លើ​របាយការណ៍ថ្មីៗ​ស្តី​ពី​វ៉ារ្យ៉ង់​ថ្មី​ ឬ ​ហៅថា​ delta plus នេះ។​ លោកស្រី Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេក​ទេស​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ ​របស់អង្គការ​សុខភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍ថា៖ «អ្វីដែ​លខ្ញុំអាច​សន្និដ្ឋាន​បាន​ខ្លួនឯង មាន​ន័យថា ​វ៉ារ៉្យង់​នេះ​ បាន​នឹង​កំពុង​បំបែក​ខ្លួន​ថែម​ទៀត​ហើយ​។ នៅ​ក្នុង​វ៉ារ៉្យង់​ delta ធម្មតា​ យើង​មើល​ឃើញ​ពី​ការ​ផ្លាស់ប្ដូរខ្លួន​យឺត​ជាង ឬតិច​ជាងប្រភេទ​​ delta plus»។

គួរបញ្ជាក់​ផងដែរថា delta plus នេះ ត្រូវ​បាន​គេ​រក​ឃើញជាង​ ៦០% នៃករណី​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​សរុប​នៅ​ចក្រភព​អង់គ្លេស​។ ទន្ទឹម​នឹង​នេះ ​មជ្ឈមណ្ឌល​គ្រប់គ្រង​និងបង្ការ​ជំងឺ​អាមេរិក​កាល​ពីថ្ងៃ ​អង្គារ​ កន្លង​ទៅ​ ក៏បានកំណត់​វ៉ា​រ្យ៉ង់​​ថ្មី​នេះ ជា​វ៉ា​រ្យ៉ង់​គួរ​ឱ្យ​ព្រួយ​បារម្ភ ក្រោយ​អង្គការសុខភាព​ពិភព​លោក​ បាន​កំណត់​វ៉ារ្យ៉ង់​​នេះ ជា​វ៉ា​រ្យ៉ង់​គួរ​ឱ្យ​ព្រួយ​បារម្ភដូច​គ្នា​ កាល​ពី​ដើម​ខែ​ឧសភា។

អង្គការ WHO កាលពីថ្ងៃអង្គារក៏​បានបន្ថែម​វ៉ារ៉្យង់​បំប្លែង​ថ្មី​មួយ​ទៀត ចូល​ក្នុង​បញ្ជី​វ៉ារ៉្យង់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផងដែ​រ​។ ទីភ្នាក់ងារនេះ​ កំពុង​ឃ្លាំមើលភាព​ខុសគ្នា​នៃវ៉ារ៉្យង់​បំប្លែងចំនួន ​៥០​ ប្រភេទ​ផ្សេងៗគ្នា​ ប៉ុន្តែ​វ៉ារ៉្យង់​ទាំង​នេះ​មិន​មែន​សុទ្ធ​តែគំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​ទាំង​អស់​នោះ​ទេ​៕