កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ១៩ មិថុនា ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន​ Moderna ចំនួន​ ២,៥ លាន​ដូស ​ជូន​​កោះ​តៃវ៉ាន់​ ដែល​ច្រើន​ជាង​ការ​បម្រុង​ទុក​មុន​ដោយ​ក្រុង​វ៉ាស៊ីនតោន​ សម្រាប់​កោះ​នេះ​រហូត​ទៅ​ដល់​ ៣ ដង​។

វ៉ាក់សាំង​ទាំងអស់ចំនួន​​ ២,៥ លាន​ដូស​ បាន​ចាកចេញ​ពី​ក្រុង​ Memphis រដ្ឋ​ Tennessee សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ តាមរយៈ​​ជើង​ហោះហើរ​ក្រុមហ៊ុន​អាកាសចរ​តៃវ៉ាន់​ China Airlines ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចុះ​ចត​នៅ​កោះ​តៃវ៉ាន់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

ក្រុង​វ៉ាស៊ីនតោន​ ដែល​កំពុង​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជា​មួយ​ក្រុង​ប៉េកាំង​តាមរយៈ ​«ការទូត​វ៉ាក់សាំង​» ដើម​ឡើយ​បាន​សន្យា​បរិច្ចាគ​វ៉ាក់សាំង​ចំនួន​ ៧៥០,០០០ ដូស​​​ជូន​​កោះ​តៃវ៉ាន់​ ប៉ុន្តែ​បាន​បង្កើន​ចំនួន​នេះ​បន្ទាប់​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី ​ចូ បៃដិន​ បាន​ធ្វើ​ការ​សន្យា​ចែកចាយ​វ៉ាក់សាំង​អាមេរិក​ចំនួន ៨០ លាន​ដូស​ជុំ​វិញ​ពិភពលោក​។

ក្រុង​ប៉េកាំង​ ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទឹក​ដី​របស់​ពួកគេ ម្ដង​ហើយ​ម្ដង​ទៀត​បាន​ព្យាយាម​ធ្វើ​ការ​ផ្ដល់​ជូន​វ៉ាក់សាំង​ចិន​ទៅ​កាន់​កោះ​តៃវ៉ាន់​ ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​កើន​ឡើង​ករណី​វិជ្ជមានរបស់​​កូវីដ ១៩ ​ប៉ុន្តែ​ក្រុង​តៃប៉ិ​បាន​បដិសេធ​មិន​ទទួល​ដោយ​សម្ដែង​ការ​មិន​ទុក​ចិត្ត​លើ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព៕