កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​ ១៩ មិថុនា​ កម្មករចំនួន​ ៣ នាក់​ បាន​រង​របួស​ស្រាល​ក្នុង​ការ​ផ្ទុះ​រោងចក្រ​ផលិត​គ្រាប់​រំសេវ​នៅ​ទីក្រុង​ Cacak ប្រទេស​ស៊ែប៊ី។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​ RTS​។

RTS បាន​រាយការណ៍​ថា​ អភិបាល​ក្រុង​ Cacak បាន​បញ្ជា​ឱ្យភៀស​ខ្លួន​ប្រជាពលរដ្ឋ​ ​ដែល​រស់​នៅ​ជិត​​រោងចក្រ​នោះ​។ ប៉ូលិស​បាន​បិទ​ការ​ចូល​ទៅ​កាន់​បរិវេណ​នៃ​រោងចក្រ​នេះ​ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​ និង​ពន្លត់​អគ្គិ​ភ័យ​ត្រូវ​បាន​គេ​ឃើញ​នៅ​ជិត​ទី​នោះ​។

នេះ​គឺ​ជា​ការ​ផ្ទុះ​លើក​ទី២ ក្នុង​ខែ​នេះ​នៅឯ​​រោងចក្រ ​Sloboda ដែល​​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ ក៏​ដូចជា​គ្រាប់​កាំភ្លើង​ធំ រំសេវ និង​សារធាតុ​ផ្ទុះ​ផ្សេង​ទៀត​។ មិន​មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​កាល​ពី​លើក​មុន​ ដែល​បាន​កើត​ឡើង​នៅ​ឃ្លាំង​នៃ​រោងចក្រ​។

ការ​ផ្ទុះ​ស្រដៀង​នឹង​នេះ​កាល​ពី​ឆ្នាំ​ ២០០៣ បាន​ធ្វើ​ឱ្យ​កម្មករ​៣​​នាក់​ស្លាប់​ ខណៈ​ការ​ផ្ទុះ​មួយ​ទៀត​កាល​ពី​ឆ្នាំ ​២០១០ មិន​បាន​ធ្វើ​ឱ្យ​មាន​ជន​រង​គ្រោះ​ទេ​៕