កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៧​ មិថុនា​ ក្រុមហ៊ុន​ផលិតប្រេង​ Chevron Corp ​និង​ក្រុមហ៊ុន​ Occidental Petroleum Corp បាន​ឱ្យ​ ដឹង​ថា ​ពួកគេ​នឹង​ដក​បុគ្គលិក​មួយ​ចំនួន និង​អនុវត្តការ​ប្រុង​ប្រយ័ត្នពីព្យុះ​នៅឯ​ ​ឈូងសមុទ្រ​ម៉ិកស៊ិក​មុនពេល​មានព្យុះ​ត្រូពិក​។

ស្ថានីយ​ឧតុនិយម​អាមេរិក​បាន​និយាយ​កាល​ពីថ្ងៃ​ទី ១៧ មិថុនាថា ​នៅ​តំបន់​ឈូងសមុទ្រ​ម៉ិកស៊ិក​អាចនឹង​មានព្យុះ​ត្រូពិកមួយ​នៅថ្ងៃទី ១៨​ ហើយនឹង​ទៅដល់​នៅ​ឆ្នេរ​សមុទ្រ​រដ្ឋ​ Louisiana និង Mississippi។

ក្រុមហ៊ុន​ Chevron ​បាន​និយាយថា​ ក្រុមហ៊ុន​បាន​ដក​បុគ្គលិក​ដែល​មិន​មានភារ​កិច្ចសំខាន់​ពី​កន្លែង​ចម្រាញ់​ប្រេង​អាមេរិកចំនួន​ ៣ នៃ​ឈូង​សមុទ្រម៉ិកស៊ីកូ​ហើយបាន​ជម្លៀស​បុគ្គលិក​ពី​កន្លែង​ចម្រាញ់​ប្រេងទី​ ៤ ចេញ​ទាំង​ស្រុង។

អ្នកនាំ​ពាក្យ​ក្រុមហ៊ុន​ Chevron ​លោក​ស្រី​ Deena McMullen បាន​និយាយថា៖ «យើង​នឹងបន្ត​ឃ្លាំមើលស្ថាន​ភាពព្យុះ​នេះយ៉ាង​ដិតដល់​ ហើយយើង​នៅតែផ្តោត​ការយក​ចិត្តទុកដាក់​លើសុវត្ថិភាព​បុគ្គលិក​របស់​យើងនិង​ការការពារ​បរិស្ថាន»។ ​នេះបើយោង​តាម​ការស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters៕