The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់​ លោក Ebrahim Raisi ជា​នរណា?




តើ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់​ លោក Ebrahim Raisi ជា​នរណា?

Content image - Phnom Penh Post
លោក Ebrahim Raisi គ្រវី​​ដៃ​​ទៅ​កាន់​អ្នក​គាំទ្រ​ ក្រោយ​ពី​​លោក​បោះ​ឆ្នោត ​រួច​នៅ​ក្នុង​ទីក្រុង​តេអេរ៉ង់ កាល​ពី​ថ្ងៃទី ១៨ មិថុនា​ ឆ្នាំ ២០២១។ រូប​ AFP

តើ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ៊ីរ៉ង់​ លោក Ebrahim Raisi ជា​នរណា?

ប្រធាន​អំណាច​តុលាការ​អ៊ីរ៉ង់ និង​អ្នក​នយោបាយ​ស្ដាំ​និយម​លោក​ Ebrahim Raisi បាន​ឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ១៨ មិថុនា ​​ដោយ​​ទទួល​បាន​សំឡេង​គាំទ្រ​ ៦២%​ នៃ​ចំនួន​ឆ្នោត​​​សរុប​ក្នុង​ការ​​បោះឆ្នោត​មួយ​​​ដែល​មាន​ការ​ចូលរួម​​ពី​ប្រជាជន​ត្រឹមតែ​ ៤៨,៨%​ ប៉ុណ្ណោះ​។

លោក​ Raisi ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុម​អភិរក្ស​និយម​ ក្រុម​ជ្រុល​និយម និង​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍ ដោយ​មិន​បាន​លាលែង​ពី​តំណែង​នៅ​ពេល​ឈរ​ឈ្មោះ​បោះឆ្នោត​នឹង​បន្ត​ធ្វើ​ជា​ប្រធាន​អំណាច​តុលាការ​រហូត​ដល់​ពេល​លោក​ស្នង​តំណែង​ពី​ប្រធានាធិបតី​កណ្ដាល​និយម​ រូប​លោក Hassan Rouhani នៅ​ដើម​ខែ​សីហា​។

លោក​ Raisi គឺ​ជា​មនុស្ស​​ជំនិត​​​មួយ​របស់​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei​ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​លោក​ Khamenei ​នឹង​ជ្រើសរើស​លោក​ Raisi ឱ្យ​ស្នង​តំណែង​មេ​ដឹកនាំ​កំពូល​នៅ​ពេល​អនាគត​។ ដូច​លោក​ Khamenei ដែរ​ លោក​ Raisi សំពត់​រុំ​ក្បាល​ពណ៌ខ្មៅ​ និង​មាន​គោរមងារ​ Sayyid ដែល​មាន​ន័យ​ថា ​អ្នក​ទាំង​ ២ ​គឺ​ស្ថិត​ក្នុង​សែ​ស្រឡាយ​របស់​​ព្យាការី​សាសនា​អ៊ិស្លាម​មហាម៉ាត់​។

លោក Raisi មាន​កំណើត​នៅ​ទីក្រុង​ Mashhad ភាគ​ឦសាន​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​ទីក្រុង​សំខាន់​មួយ​ក្នុង​សាសនា​អ៊ិស្លាម​និកាយ​​ស៊ីអ៊ីត។

លោក​ធំ​ដឹង​ក្ដី​នៅ​​ក្នុង​គ្រួសារ​សាសនា​និយម​ ហើយ​បាន​ទទួល​​ការ​អប់រំ​សាសនា និង​បាន​ចូលរួម​​សិក្ខាសាលា​សាសនា​នៅ​ទីក្រុង​បញ្ញវន្ត​សាសនា​ Qom នៅ​​ពេល​ដែល​លោក​មាន​អាយុ​ ១៥ ឆ្នាំ​។ នៅ​ទី​នោះ​លោក​បាន​ទទួល​ការ​អប់រំ​ពី​អ្នក​ប្រាជ្ញ​លេច​ធ្លោ​ជា​ច្រើន​ ដែល​រួមមាន​លោក​ Khamenei​។ នៅ​ពេល​ដែល​ការ​​អប់រំ​របស់​លោក​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​តស៊ូ​មតិ​ប្រធានាធិបតី​លោក​ Raisi បាន​​និយាយ​ថា​ លោក​គឺ​ជា​បណ្ឌិត​ផ្នែក​ច្បាប់​ បន្ថែម​ពី​លើ​ការ​អប់រំ​សាសនា​របស់​លោក​។

បន្ទាប់​ពី​បដិវត្តន៍​ឆ្នាំ ១៩៧៩ ដែល​បាន​ផ្ដួល​រំលំ​របប​រាជានិយម​ លោក​ Raisi បាន​ចាប់​ផ្ដើម​អាជីព​របស់​លោក​ដោយ​ក្នុង​ការិយាល័យ​រដ្ឋ​អាជ្ញា​ជា​ច្រើន​​នៅ​តាម​យុត្តាធិការ​នានា​ទូទាំង​ប្រទេស​អ៊ីរ៉ង់​។ ការ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក​បាន​ផ្លាស់​ទៅ​រដ្ឋធានី​តេអេរ៉ង់​ ក្នុង​ឆ្នាំ ១៩៨៥​ បន្ទាប់​ពី​ត្រូវ​​បាន​តែងតាំង​ជា​អនុ​រដ្ឋអាជ្ញា​។

ក្រុម​សិទ្ធិ​មនុស្ស និង​អតីត​អនុ​មេ​ដឹកនាំ​កំពូល​លោក ​Hussein-Ali Montazeri បាន​និយាយ​ថា​ ​៣ ឆ្នាំ​ក្រោយ​មក និង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ាក់-​អ៊ីរ៉ង់​ លោក Raisi បាន​ចូលរួម «គណៈកម្មការ​ពិឃាដ» ដែល​ដឹកនាំ​ការ​សម្លាប់​ និង​បំបាត់​ខ្លួន​អ្នក​ទោស​នយោបាយ​រាប់​ពាន់​នាក់​ដោយ​សម្ងាត់​។ អ្នក​ទោស​ទាំង​នេះ​ត្រូវ​បាន​មេ​ដឹកនាំ​កំពូល​កាល​នោះ​ លោក​ Ruhollah Khomeini​បាន​ចោទ​ថា​ បាន​ក្បត់​អ៊ីរ៉ង់​ដើម្បី​ជួយ​អ៊ីរ៉ាក់​។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ការ​​សម្លាប់​ទាំង​នេះ​ ហើយ​និយាយ​ថា ​វា​ស្រប​ច្បាប់​ដោយសារ​បុគ្គល​ទាំង​នោះ​ គឺ​ជា​ភេរវករ​។

កាល​ពី​ឆ្នាំ​ ២០១៩ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ Raisi ក្រោម​ការ​ចោទ​ប្រកាន់​ខាង​លើ​ថា​ លោក​បាន​ចូលរួម​ក្នុង​ការ​សម្លាប់​រង្គាល​ ហើយ​នឹង​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ដំបូង​ដែល​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​។

លោក Raisi បន្ត​ឡើង​ជណ្ដើរ​អំណាច​នៃ​ប្រព័ន្ធ​តុលាការ​របស់​អ៊ីរ៉ង់​ បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​ Khamenei ជា​មេ​ដឹកនាំ​កំពូល​កាល​ពី​ឆ្នាំ​ ១៩៨៩​។ ក្រោយ​មក​លោក​បាន​កាន់​តួនាទី​ជា​រដ្ឋអាជ្ញា​នៃ​រដ្ឋធានី​តេអេរ៉ង់ បន្ទាប់​មក​ដឹកនាំ​​អង្គការ​អធិការកិច្ច​ទូទៅ ហើយ​បន្ទាប់​មក​បាន​បម្រើ​ការ​ជា​អនុប្រធាន​អំណាច​តុលាការ​អស់​រយៈពេល​ ១ ទសវត្សរ៍​ រហូត​ដល់​ឆ្នាំ ២០១៤​។ នៅ​ឆ្នាំ​ ២០១៤ ​​លោក​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋ​អាជ្ញា​នៃ​អ៊ីរ៉ង់​ ហើយ​លោក​កាន់​តំណែង​នេះ ​រហូត​ដល់​ឆ្នាំ ២០១៦​។

នៅ​ឆ្នាំ ២០១៧ លោក Raisi បាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ជា​លើក​ដំបូង ហើយ​បាន​ក្លាយ​ជា​បេក្ខជន​សំខាន់​ប្រឆាំង​នឹង​លោក Rouhani ដែល​បាន​គាំទ្រ​ការ​ចូលរួម​ជា​មួយ​លោក​ខាង​លិច និង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ជាមួយ​មហា​អំណាច​ពិភព​លោក ដែល​បាន​ដក​ទណ្ឌកម្ម​ពហុភាគី​ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ។ លោក​ Raisiបាន​ចាញ់​ការ​បោះ​ឆ្នោត​នេះ ហើយ​លោក​ Rouhani ​បាន​បន្ត​ការ​ដឹកនាំ​មួយ​អាណត្តិ​ទៀត​។

បន្ទាប់​ពី​ការ​ដក​ថយ​មួយ​រយៈ​ខ្លី​លោក​ Raisi ត្រូវ​បាន​មេ​ដឹកនាំ​កំពូល​តែងតាំង​ជា​ប្រធាន​អំណាច​តុលាការ​ក្នុង​ឆ្នាំ​ ២០១៩​។​ នៅ​ក្នុង​​តំណែង​នោះ​លោក​បាន​ព្យាយាម​​បង្រួប​បង្រួម​មុខ​មាត់​របស់​គាត់​ជា​គូ​ប្រជែង​ដ៏​រឹងមាំ​ប្រឆាំង​អំពើ​ពុក​រលួយ​។ លោក​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ជា​សាធារណៈ និង​បាន​កាត់​ទោស​បុគ្គល​ដែល​ជិត​ស្និទ្ធ​ នឹង​រដ្ឋាភិបាល និង​​តុលាការ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ Raisi បាន​ហាម​ឃាត់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​កម្មវិធី​បញ្ជូន​សារ​ធំៗ​ទាំង​អស់​ក្រៅ​ពី​ Instagram និង WhatsApp។

ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត​​ឆ្នាំ ២០២១ លោក​ Raisiបាន​និយាយ​ថា​ លោក​នឹង​នាំ​រោងចក្រ​ធំៗ​មក​វិញ​ពី​ការ​ក្ស័យធន​ និង​ជំរុញ​អាជីវកម្ម​ក្នុង​ស្រុក​ក្រោម​​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។ ក្នុង​ការ​តស៊ូ​មតិ​លោក​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​លោក​ធ្លាប់​បាន​ជំទាស់​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឥឡូវ​នេះ​ លោក​នឹង​គាំទ្រ​វា​​ដូចជា​​ការ​ប្ដេជ្ញា​ចិត្ត​ដទៃ​ទៀត​របស់​រដ្ឋ ប៉ុន្តែ​នឹង​បង្កើត​រដ្ឋាភិបាល «រឹងមាំ» ដែល​នឹង​អាច​ដឹកនាំ​វា​ក្នុង​ទិសដៅ​ត្រឹមត្រូវ​។

ការ​ចរចា​ជុំ​ទី៦ រវាង​អ៊ីរ៉ង់​ និង​មហាអំណាច​ពិភព​លោក​ គឺ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ​នៅ​ទីក្រុង​វីយ៉ែនណា​ ប្រទេស​អូទ្រីស។ ​បើ​សិន​ពួក​គេ​ជោគជ័យ​អាមេរិក​នឹង​​ដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ ហើយ​អ៊ីរ៉ង់​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​ឥឡូវ​នេះ​បាន​ឈាន​ដល់​កម្រិត​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​​រហូត​ទៅ​ដល់​ ៦៣%​៕

អត្ថបទគួរចាប់អារម្មណ៍