មនុស្ស​រាប់​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​នានា​ទូទាំង​ប្រទេស​ប្រេស៊ីល​ ប្រឆាំង​នឹង​ផែនការ​ឆ្លើយ​តប​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ របស់​រដ្ឋាភិបាល​លោក​ Jair​ Bolsonaro​ ខណៈ​ដែល​អ្នក​ស្លាប់​ក្នុង​ប្រទេស​ដោយសារ​​ជំងឺ​នេះ​បាន​កើន​ឡើង​រហូត​ដល់​កន្លះ​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​​អាទិត្យ ​ទី ​២០​ មិថុនា​​។​

ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​សៅរ៍​​បាន​ស្តីបន្ទោស​រដ្ឋបាល​ចំពោះ​​ការ​កើន​ឡើង​​ចំនួន​អ្នក​ស្លាប់​​ និង​បាន​អំពាវនាវ​ឱ្យ​មាន​​ការ​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ ហើយ​បាន​​រិះគន់​លោក​ Bolsonaro​ ចំពោះ​ការ​​មិន​ទទួល​វ៉ាក់សាំង​ឱ្យ​បាន​លឿន ​និង​ការ​មិន​ទុកចិត្ត​​វិធានការ​គម្លាត​សង្គម​រួម​ទាំង​ការ​ពាក់​ម៉ាស់​។​

មក​ទល់​ពេល​នេះ​ ប្រេស៊ីល​មាន​ករណី​ឆ្លង​សរុប​រហូត​ដល់​ជិត​ ១៨​ លាន​ករណី​ ហើយ​​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​កន្លង​មក ​ប្រទេស​នេះ​មាន​អត្រា​ស្លាប់​ជា​មធ្យម​ចំនួន​ ២ ០០០ ​ករណី ​ក្នុង ​១ ​ថ្ងៃ​។ ​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា​ ប្រជាជន​ប្រេស៊ីល​ជាង​ ១១ ​ភាគរយ ​បាន​​ទទួល​វ៉ាក់សាំង​ពេញលេញ​​ហើយ​ ២៩ ​ភាគរយ ​បាន​ទទួល​​ដូស​ទី១ ​របស់​ពួក​គេ​​៕​

ហួន ​ឌីណា