យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​ចិន សម្រេច​បាន​ជិត​ ១ ពាន់​លាន​ដូស​ហើយ ​បើ​គិត​ត្រឹម​ចុង​សប្តាហ៍​មុន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ជំហាន​ដ៏​សំខាន់​មួយ​របស់​ចិន​ក្នុង​ការ​អនុវត្ត​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​ធំ​បំផុត​ ខណៈ​ប្រទេស​នេះ​កំពុង​ការពារ​ករណី​ឆ្លង​ថ្មី​ចូល​ស្រុក​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​​សុខភាព​ជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​​ ដោយ​លើក​ឡើង​ថា​​ ការ​សម្រេច​នេះ​ គឺ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។​​ យ៉ាង​ណា​មិញ​បើ​យោង​តាម​សារព័ត៌មាន​ Bloomberg​ ទិន្នន័យ​​នេះ ហាក់​មិន​ត្រូវ​គ្នា​ជាមួយ​នឹង​ទិន្នន័យ​ចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ពិភព​លោក​ទេ​ ដោយ​ចំនួន​​ ដែល​បាន​ប្រកាស​នេះ​មាន​ចំនួន​ច្រើន​ជាង​ ១ ភាគ ៣ ​នៃ​ចំនួន​ចែកចាយ​នៅ​ទូទាំង​ពិភព​លោក​ពេល​​​បច្ចុប្បន្ន​ទៀត​។

ប្រភព​ដដែល​បាន​រាយការណ៍​ថា ​ការ​ចែកចាយ​វ៉ាក់សាំង​សរុប​នៅ​​ទូទាំង​ពិភព​លោក​មាន​ចំនួន​ដល់​ទៅ ២,៥ ពាន់លាន​ដូស​ កាល​​ពី​សប្តាហ៍​មុន ឬ​ស្មើ​នឹង ៣៧​ លាន​ដូស ​ជា​មធ្យម​​ក្នុង​ ១ ថ្ងៃ​។ យ៉ាង​ណា​មិញ កម្រិត​ចែកចាយ​វ៉ាក់សាំង​ជា​ប្រចាំថ្ងៃ​ជា​មធ្យម​របស់​ប្រទេស​ចិន ក្នុង​ខែ​នេះ​ មាន​ចំនួន​ជាង​ ១៨ ​លាន​ដូស​ ដែលជា​ចំនួន​ខ្ពស់​បំផុត (គិត​ត្រឹម​ថ្ងៃ​សុក្រ) ដោយ​បាន​ចែកចាយ​វ៉ាក់សាំង​ជាង​ ២៣ ​លាន​ដូស​ ក្នុង ១ ថ្ងៃ​។

អ្នក​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង ​Imperial College ​លោក Zolta nKis​ បាន​និយាយ​ថា៖ «ទិន្នន័យ​នេះ ​ពិត​ជា​ចំនួន​មួយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ​ទាំង​ការ​ចែកចាយ​ និង​ការ​ផលិត​»។

ប្រទេស​ចិន ​គ្រោង​នឹង​ចែកចាយ​​វ៉ាក់សាំង​ឱ្យ​បាន​ ៤០ ភាគរយ ​នៃ​ប្រជាជន​ចំនួន​ ១,៤ ​ពាន់​លាន​នាក់​ របស់​ខ្លួន​​ឱ្យ​​បាន​មុន​ខែ​កក្កដា​ ហើយ​គ្រោង​នឹង​ចែកចាយ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ ៧០ ភាគរយ​នៃ​ចំនួន​ប្រជាជន​គោលដៅ​នៅ​ចុង​ឆ្នាំ​នេះ ដោយ​រហូត​មក​ទល់​បច្ចុប្បន្ន​ប្រទេស​នេះ​ពឹង​ផ្អែក​តែ​លើ​វ៉ាក់សាំង​ ដែល​ផលិត​ក្នុង​ស្រុក​ទាំង​ស្រុង​ប៉ុណ្ណោះ​។

ប៉ុន្តែវា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចំនួន​ប្រជាជន​ច្រើន​ពេក​ ហើយ ​គេ​​នៅ​​មិន​ទាន់​ដឹង​ច្បាស់​​ថា ​តើ​ចំនួន​ប្រជាជន​ដែល​ទទួល​បាន​វ៉ាក់សាំង​ពេញ​លេញ​មាន​ប៉ុនណា​នោះ​ឡើយ​ ព្រោះ​ទិន្នន័យ​នេះ​គេ​នៅ​​មិន​ទាន់​បែងចែក​ចេញ​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ​។​

ដូចគ្នា​នេះ​ដែរ​ កាល​ពី​ដើម​ខែ​នេះ ​ក្រុម​មន្រ្តី​ចិន​ក៏​បាន​​បង្ហាញ​ទិន្នន័យ​កម្រ​ដែល​ថា​ ប្រជាជន​ចំនួន ​៦២២ លាន​នាក់​ ទទួល​បាន​វ៉ាក់សាំង​ហើយ​ បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ១០ ​​ខែ​មិថុនា​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​តើ​មាន​ប្រជាជន​ប៉ុន្មាន​នាក់​ ទទួល​បាន​វ៉ាក់សាំង​ពេញលេញ​នៅ​ឡើយ​នោះ​ទេ​។

ដោយ​ឡែក ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ក៏​បាន​ពឹង​ផ្អែក​លើ​បទពិសោធ​របស់​ពួក​គេ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ដើម្បី​ពន្លឿន​ការ​ផលិត​វ៉ាក់សាំង​ និង​ប្រសិទ្ធភាព ​ដោយ​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ផង​ដែរ​។

វីរុស​​ វិទូ​ និង​ជា​សាស្ត្រាចារ្យ​នៅ​​សាកល​វិទ្យាល័យ​ហុងកុង​ លោក Jin Dong-yan បាន​ឱ្យ​​ដឹង​ថា​៖ «ទាំង​វ៉ាក់សាំង​ Sinopharm និង​វ៉ាក់សាំង​ Sinovac​ បាន​បង្កើត​វ៉ាក់សាំង​អសកម្ម​ (ផលិត​ដោយ​ប្រើ​ភ្នាក់ងារ​បង្ក​ជំងឺ​ ដែល​ត្រូវបាន​គេ​ចិញ្ចឹម​ និង​សម្លាប់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​) ដើម្បី​សម្លាប់​​វីរុស​ដទៃ​ទៀត ឧទាហរណ៍​ដូចជា វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ A​ ដែល​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​បើ​ឱ្យ​ធ្វើការ​ផលិត​ឱ្យ​បាន​ច្រើន​នោះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​»។

លោក​បន្ថែម​ថា ​បើ​ចង់​ពន្លឿន​ នោះ ​មិន​មែន​ជា​រឿង​ពិបាក​ទេ តែ​​បញ្ហា​​គឺ​ថា​ ការ​រក្សា​ការ​ត្រួត​​ពិនិត្យ​គុណភាព​​តឹងរ៊ឹង​ ដើម្បី​រក្សា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​អសកម្ម​ ពោល​គឺ​ជា​រឿង​ពិបាក​ ព្រោះ​វ៉ាក់សាំង​នេះ​មិន​ដូច​វ៉ាក់សាំង​ខ្លះ​ទៀត​ត្រូវ​ការ​តែ​គ្រឿង​បក្ខារ​ជីវឧស្ម័ន​ពិសេស​ ដើម្បី​រក្សា​នោះ​ឡើយ។ ​ការ​គ្រប់គ្រង​វ៉ាក់សាំង​ចំនួន ២០ លាន​ដូស​ ដែល​ផលិត​បាន​ក្នុង ១ ថ្ងៃ​ មាន​ការ​លំបាក​ ហើយ​ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​ក៏​មាន​ភាព​ស្មុគស្មាញ​ទៀត​។

យោង​តាម​ការ​ប៉ាន់​ស្មាន​មួយ​ចំនួន​អ្នក​ផលិត​វ៉ាក់សាំង​របស់​ចិន​អាច​ផលិត​វ៉ាក់សាំង​បាន​យ៉ាង​​ហោច​ណាស់​ ៣ ពាន់លាន​ដូស​ក្នុង​ឆ្នាំ ​២០២១។​

លោក Feng Duojia ប្រធាន​សមាគម​ឧស្សាហកម្ម​វ៉ាក់សាំង​ចិន​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ព្យាករ​ថា វ៉ាក់សាំង​ចំនួន ៥ ​ពាន់​លាន​ដូស ​អាច​នឹង​​ត្រូវ​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​នៅ​ឆ្នាំ ២០២២​ ហើយ​នាយក​ប្រតិបត្តិ​ខ្លះ​មក​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ក៏​បាន​និយាយ​ថា​ តួលេខ​​អាច​នឹង​ខ្ពស់​ជាង​នេះ​ក៏​ថា​បាន៕