សារ​ព័ត៌មាន​អាមេរិក​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ​រដ្ឋកា​រលោក​ ចូ​​ បៃដិន កំពុង​ដក​កាំភ្លើង​ធំ​ប្រឆាំង​មីស៊ីល​ Patriot​ ចេញ​ពី​ប្រទេស​ចំនួន​ ៤ ​នៅ​មជ្ឈិម​បូព៌ា​ ខណៈ​អាមេរិក​កាត់បន្ថយ​ចំនួន​យោធា​របស់ខ្លួន​នៅ​ក្នុង​តំបន់នេះ​ ស្រប​ពេល​មាន​ការ​បន្ធូរ​បន្ថយ​ភាពតាន​តឹង​ជា​មួយ​អ៊ីរ៉ង់​។

សារព័ត៌មាន ​Wall Street Journal ​បាន​រាយការណ៍​ ដោយ​បាន​ដកស្រង់​សម្តី​មន្ត្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ថា ​មន្ទីរ​បញ្ចកោណ ​កំពុង​ដក​កាំភ្លើងធំ​ប្រឆាំង​មីស៊ីល​ Patriot ​ចំនួន​ ៨ ​គ្រឿង ​ចេ​ញ​ពី​ប្រទេស​អារ៉ាប៊ី ​សាអ៊ូឌីត​ អ៊ីរ៉ង់​ កូវែត ​និង​ហ្ស៊កដានី ​រួ​មទាំង​​ប្រព័ន្ធ​ការពារ​តំបន់​​មាន​រយៈ​កម្ពស់​ខ្ពស់បំផុត​ (THAAD)​ ចេញពី​អារ៉ាប៊ី ​សាអ៊ូឌីត​ ដែល​ត្រូវ​បាន​ដាក់ពង្រាយ​ដោយ​រដ្ឋការ​អតីត​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ។​

ការ​ដាក់ពង្រាយ​ឡើងវិញ​ រួមមាន​ទាហាន​អាមេរិក​រាប់រយ​នាក់​ដែល​ប្រតិបត្តិការ​ប្រព័ន្ធ​ទាំងនេះ​ និង​បាន​ចាប់​ផ្តើម​កាល​ពី​ដើមខែនេះ ​បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃទី​ ២​ មិថុនា​ ដែល​លោករដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ Lloyd Austin ​បាន​ផ្តល់​ព័ត៌មាន​ដល់​ព្រះ​អង្គម្ចាស់​ Mohammed bin Salman អំពី​ការ​ផ្លាស់ប្តូរ​នេះ។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ Journal​។

សារ​ព័ត៌មាន​ Journal ​បាន​រាយការណ៍​ថា ​ការ​ដកកាំភ្លើង​ធំ​ប្រឆាំង​មីស៊ីល​ទាំងនេះ ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​វិលទៅ​រក​ការ​ការពារ​កម្រិត​ធម្មតា​ ជា​ទីដែល​អាមេរិក​បន្ត​រក្សា​ទុក​ទាហាន​រាប់​ម៉ឺននាក់ ​ទោះ​បីជា​ខ្លួន​ បាន​កាត់បន្ថយ​ចំនួន​ទ័ព​ដែល​ត្រូវ​បាន​ដាក់ពង្រាយ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​អ៊ីរ៉ាក់​ក្តី។ ​

មន្ត្រីការ​ពារជាតិជាន់​ខ្ពស់​ម្នាក់​បាន​ប្រាប់​ Journal ថា៖​ «យើង​នៅ​មាន​មូលដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ដៃគូ​ឈូង​សមុទ្រ​របស់​យើង​ មូលដ្ឋាន​ទាំង​នោះ​ មិន​បិទទេ​»។ ​

អាមេរិក​បាន​ដាក់​ពង្រាយ​កាំភ្លើងធំ​ប្រឆាំង​មីស៊ីល​ Patriot ​និង​ទាហាន​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​ក្រោយ​ពី​ការ​វាយប្រហារ​ដោយដ្រូន​របស់​អ៊ីរ៉ង់ ​បាន​ចំរោង​ចក្រ​ប្រេង​ជា​ច្រើន​កន្លែងនៅ​អារ៉ាប៊ី សាអ៊ូឌីត​ និង​ដាក់ពង្រាយ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​ឆ្នាំ​ ២០២០​ ក្រោយ​ពីមាន​ការ​វាយប្រហារ​មីស៊ីល​ និងរ៉ុក្កែត​ទៅ​លើ​កង​កម្លាំង​អាមេរិក ​ដោយ​អ៊ីរ៉ង់និង​ជន​សកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ីរ៉ង់​៕