ប្រតិបត្តិការ​បង្ក្រាប​ការ​ទាញ​យក​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin របស់​ចិន​បាន​មក​ដល់​ខេត្ត​ភាគ​និរតី​ស៊ីឈួន ដោយ​អាជ្ញាធរ​ខេត្ត​ទាមទារ​ឱ្យ​​បិទ​កន្លែង​សង្ស័យ​ទាញ​យក Bitcoin ចំនួន ២៦ កន្លែង​។ នេះ​បើ​តាម​ការ​បង្ហាញ​រួម​ចុះ​ថ្ងៃ​សុក្រ របស់​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ខេត្ត​ និង​ការិយាល័យ​ខេត្ត​ស៊ីឈ័ន ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទទួល​បាន។

ខេត្ត​ស៊ីឈួន​ ជា​កន្លែង​ធំ​ជាង​គេ​ទី២ របស់​ចិន​ខាង​ការ​រុករក​យក​ Bitcoin។ ខេត្ត​ដែល​ធំ​ជាង​គេ​ក្នុង​គម្រោង​ទាំង​នេះ​គឺ ខេត្ត​ស៊ីនជាំង។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Cambridge ប្រចាំការ​នៅ​ប្រទេស​អង់គ្លេស​។

នៅ​ខេត្ត​ស៊ីឈួន អ្នក​រុករក​ Bitcoin បាន​ឆ្លៀត​ឱកាស​កេង​យក​ប្រយោជន៍​ពី​ថាមពល​វារីអគ្គិសនី​ នៅ​ពេល​ភ្លៀង​ខែ​ក្ដៅ​នៅ​ទីនោះ ដើម្បី​ប្រើ​ថាមពល​ទៅ​ក្នុង​កុំព្យូទ័រ​ពិសេស​របស់​ពួក​គេ​ ក្នុង​គោលបំណង​ធ្វើ​ប្រតិបត្តិ​ទូទាត់​ Bitcoin។

កំណត់​បង្ហាញ​រួម​របស់​អាជ្ញាធរ​ខេត្ត​បាន​បញ្ជាឱ្យ​​ក្រុមហ៊ុន​អគ្គិសនី​បញ្ឈប់​ការ​ផ្គត់ផ្គង់​ថាមពល​ទៅ​កាន់​គម្រោង​រុករក​ Bitcoin។ អាជ្ញាធរ​ក៏​បាន​ហាមប្រាម​មិន​ឲ្យ​មាន​គម្រោង​លុយ​គ្រីបតូ​នេះ​បើក​ថ្មី​នៅ​ក្នុង​ខេត្ត​ស៊ីឈួន​​នោះ​ទេ។

ជំនួញ​ Bitcoin ជា​ជំនួញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ផលិតកម្ម​ Bitcoin ពិភពលោក។ យ៉ាងណាមិញ រដ្ឋាភិបាល​ចិន​កាល​ពី​ខែ​ឧសភាកន្លងទៅ​ បាន​សន្យា​ចេញ​បង្ក្រាប​ការ​រុក​រក​រូបិយប័ណ្ណ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ខ្លួន៕

ហ៊ីម រដ្ឋា