កាលពីថ្ងៃពុធ​ ទី ១៦​ មិថុនា​ នាយក​រដ្ឋមន្ត្រី​ប្រទេសថៃ​លោក Prayut Chan-O-Cha បានសន្យា​បើកប្រទេស​វិញក្នុងរយៈពេល ​១២០ ​ថ្ងៃ ដើម្បី​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​ជាតិ ខណៈ​ប្រជាជន​ជាច្រើន​បាន​បាត់បង់ការ​ងារ​ដោយ​សារជំងឺ​កូវីដ ១៩។

តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន ​Wall Street Journal ​នាយក​រដ្ឋមន្ត្រីថៃ ​លោក Prayut បានថ្លែង​នៅក្នុង​ប៉ុស្តិ៍ទូរ​ទស្សន៍ថា៖​ «ខ្ញុំដឹងថា​ ការ​សម្រេចចិ​ត្តនេះ​គឺមាន​ហានិភ័យ​ខ្លះ ពីព្រោះ​នៅពេល​យើងបើក​ប្រទេសវិញ​ វានឹង​មាន​ការកើនឡើង​នៃ​ការឆ្លងវីរុសនោះ ​ទោះបីជា​មានការ​ប្រុងប្រយ័ត្ន​យ៉ាងណា​ក៏ដោយ​។ ប៉ុន្តែ​ខ្ញុំគិតថា ​បើ​យើងគិត​ពី​តម្រូវការ​សេដ្ឋកិច្ច​របស់​ប្រជាជន​គឺដល់​ពេលដែល​យើងគួរ​តែសាក​ប្រថុយហើយ​»។

ការប្តេជ្ញា​របស់​នាយក​រដ្ឋមន្រ្តី​ថៃបាន​ធ្វើឡើង​ក្រោយពី​សេដ្ឋកិច្ច​ប្រទេស​ថា ​បានធ្លាក់ចុះ​ប្រមាណ ​៦,១ ភាគរយ កាល​ពីឆ្នាំ ​២០២០ ​ដែលការ​ធ្លាក់ចុះ​នេះ​គឺទាបជាង​គេបំផុត​នៅក្នុង​កំឡុង​ពេល​ ២ ទសវត្សរ៍ចុង​ក្រោយ។​​ នេះ​បើយោង​តាមទិន្នន័យ​របស់​ធនាគារ​ពិភពលោក​កាលពី​ឆ្នាំមុន​។

ប្រទេសថៃ ​បាន​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​ករណីកូវីដ ១៩។ វិស័យ​ទេសចរណ៍​នៅ​ប្រទេសថៃ ​ដែល​មាន​ប្រមាណ ១៥ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុបស្ទើរ​តែជាប់​គាំង​អំឡុង​ពេលមានការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ។ ​តួលេខផ្លូវ​ការ​បង្ហាញថា ​ចំនួនភ្ញៀវ​ទេសចរណ៍​បាន​ធ្លាក់​ចុះ​ពី​ ៣៩,៩ ​លាននាក់​ក្នុងឆ្នាំ ​២០១៩ ​មកត្រឹម ៦​,៧ លាន​នាក់នៅឆ្នាំ២០២០ ។

ការសិក្សា​របស់មន្រ្តី​សុខាភិបាល​ថៃបាន​រកឃើញថា​ វីរុស​បំប្លែង​ខ្លួន​ប្រភេទ​អាល់ហ្វា​ដែល​រីករាលដាល​កាន់តែខ្លាំង​ដែលត្រូវ​បាន​រកឃើញ​ដំបូងនៅ​ចក្រភព​អង់គ្លេស​ គឺ​ជាវីរុស​ដែលរកឃើញ​ ច្រើនជាងគេ​នៅក្នុង​ករណីថ្មីៗ​នេះ។​

ក្នុងចំណោម​អ្នកជំងឺ​ ៤​ ១៨៥ នាក់ ដែល​ត្រូវ​បានស្ទង់​មតិនៅ​ចន្លោះខែ​មេសា​ និង​មិថុនា​គឺមានអ្នក​ជំងឺ​ ច្រើនជាង​ ៨៨ ​ភាគរយ​បានឆ្លង​វីរុស​អាល់ហ្វានេះ​។ ការផ្ទុះឡើង​ករណីវិជ្ជមាន​នាពេលថ្មីៗ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ក្លិបរាត្រី​នៅទី​ក្រុងបាង​កក​ហើយ​ក្រោយមក​បាន​រីករាលដាល​ដល់​ខេត្តផ្សេងទៀត​ដែលឆ្លង​ដល់កម្មករ​ដែលធ្វើការ​ក្នុង​រោងចក្រ​។

លោក Sa-Nga Ruangvatnakul​ ​ប្រធាន​សមាគម​អាជីវកម្ម​ផ្លូវ Khaosan​ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏ពេញ​និយមបំផុត​មួយ​ក្នុងទីក្រុង​បាងកក​បាន​និយាយថា៖«យើង​បានត្រៀមខ្លួន​បើក​ដំណើរការ​ឡើងវិញ​ហើយពីព្រោះ​ប្រជាជន​កំពុង​រងទុក្ខ»។​ លោកបាន​បន្ត​និយាយថា ​អាជីវកម្ម​ត្រូវ​បាន​បិទ បុគ្គលិក​មិនបាន​បើកប្រាក់​ខែ​ច្រើន​ខែទៀត ​ដូច្នេះ​យើង​មិនអាច​រង់ចាំ​បាន​ទៀតទេ​។

រដ្ឋាភិបាល​នឹង​អនុវត្តផែន​ការ​បើក​ដំណើរការ​កោះ​ទេសចរណ៍​ភូកេត​នៅថ្ងៃទី ​១ ខែកក្កដា ​ដែល​អនុញ្ញាត​ឱ្យជន​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​ដែល​មកពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​អាចធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​រឹតត្បិត។

គួរ​បញ្ជាក់ផងដែរ​ថា ​ប្រជាជន​ថៃ​ប្រមាណតិច​ជាង ​៣ ​ភាគរយ​នៃ​ប្រជាជន​សរុប​ដែលមាន ​៧០ លាននាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​ដែល​ចំនួននេះ​ជា​អត្រាទាប​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ យុន្ទាការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ ១៩​ បាន​ចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ​ទោះបី​ជា​យុន្ទាការ​ទូទាំង​ប្រទេស​ដែលមាន​ទ្រង់ទ្រាយ​ធំមិន​ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ការរហូត​ដល់ខែនេះ​ក៏​ដោយ។

ប្រទេសថៃ ​ពឹងផ្អែក​ទៅលើ​វ៉ាក់សាំង​ដែល​ផលិតក្នុង​ប្រទេស​ដោយ​ក្រុមហ៊ុន​ Siam Bioscience ​ដែលសហការ​ជា​មួយ​ក្រុមហ៊ុន​ឱសថ ​Astrazena។ ក្រុមហ៊ុន ​AstraZeneca និយាយថា ​កន្លែង​ផលិតវ៉ាក់សាំង​របស់​ថៃដែល​មិនដែល​ផលិតវ៉ាក់​សាំងសោះ​ត្រូវបានគេ​រំពឹងថា ​នឹង​ផលិតវ៉ាក់សាំង​បាន​ជាង ៦០ លានដូស​ ដល់​មន្រ្តីថៃ​និងជាង​ ២០០ ​លានដូស​ទៅ​ប្រទេសដទៃ​ទៀត​ក្នុង​តំបន់។

ការដាក់​ឱ្យ​ដំណើរការចុះ​ឈ្មោះចាក់​វ៉ាក់សាំង​មានភាព​ស្មុគស្មាញ​ដោយសារ​តែមាន​កម្មវិធី​ចុះឈ្មោះច្រើន។ ​១ សប្តាហ៍​ បន្ទាប់ពី​ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់​សាំង អ្នកដែល​ចុះឈ្មោះ​ចាក់វ៉ាក់សាំង​ជាច្រើន​ត្រូវបាន​ពន្យារពេល​ទទួល​បានការ​ចាក់វ៉ាក់​សាំង៕