កាលពីថ្ងៃសៅរ៍ កន្លងទៅ តុលាការហុងកុងបានបញ្ជាមិន​ឱ្យ​មាន​ការ​ធានា​និពន្ធនាយក​ និង​ម្ចាស់​​កាសែត​គាំ​ទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily ឱ្យ​នៅ​ក្រៅឃុំ ​ក្រោយ​អ្នក​ទាំង ២ ​ត្រូ​វ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ ២ ថ្ងៃមុ​ន ​ក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុ​ងហុង​កុង​។

លោក Ryan Law ប្រធាននិពន្ធ​នាយក និ​ងលោក Cheung Kim-hung នាយកប្រតិបត្តិក្រុមហ៊ុន Next Digital ត្រូវបានចោទប្រកាន់ពី​បទឃុបឃិតជាមួយបរទេសដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ​ ដោយ​ករណីនេះ​ត្រូវ​បាន​គេ​​មើលឃើញថា ជា​ការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន​នៅក្នុង​ទឹក​ដី​ចិន​ពាក់​កណ្តាល​ស្វយ័ត​នេះ​។

លោក Victor So ប្រធានចៅក្រមបានមានប្រសាសន៍ថា មិនមានហេតុផល​គ្រប់គ្រាន់​ណាមួយ ដើម្បី​បញ្ជាក់​ថា​ ពួកគេ​សន្យា​ថា ​នឹង​​មិន​​​រំលោភលើច្បាប់សន្តិសុខ​ម្តងទៀតទេ ហើយ​ក៏​បាន​បញ្ជាឱ្យ​ឃុំ​ខ្លួន​អ្នក​ទាំង​២ នៅ​​​មន្ទីរឃុំឃាំងឡៃជីកុ​ក ដោយ​ត្រូវ​រង​ចាំការ​​បើកសវនាការ​លើកក្រោយនៅថ្ងៃទី ១៣ ខែសី​ហា ខាង​មុខ​។

គួរបញ្ជាក់​ផងដែរថា សារព័ត៌មាន Apple Daily ធ្លាប់ជា​ស្ថាប័ន​ ដែលការពារ​សេរីភាពស៊ីវិ​លនៅហុងកុងដ៏​ល្បីល្បាញ​មួយ​ ហើយ​ក៏​ធ្លាប់​បាន​គាំទ្រការតវ៉ាទ្រង់ទ្រាយធំទាមទារលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ ២០១៩ និង​បានរិះគន់ការបង្ក្រាបជាបន្តបន្ទា​ប់របស់​រដ្ឋាភិបាល​​ក៏ដូចជារិះ​គន់​ដល់​ការអនុម័តច្បាប់សន្តិសុខជាតិ​កាលពី​ឆ្នាំមុន​ផង​ដែរ​។

ការចាប់ខ្លួនចុងក្រោយបង្អស់នេះគឺ​ជាការចាប់​ខ្លួន​អ្នក​កាសែត​ជា​លើកទី១ ក្រោមច្បាប់សន្តិសុខ​ថ្មីនេះ ដោយ​​​លើកលែងតែអ្នកកាសែត​ឯករាជ្យដែល​ធ្លាប់​បាន​​ចាប់ខ្លួន​ពីសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ​ភ្នាក់ងា​រប៉ូលីសនិង​ភ្នាក់ងារសន្តិសុខរាប់រយនាក់ដែល​បានវាយឆ្មក់ការិយាល័យ Apple Daily កាលពី​ថ្ងៃព្រហស្បតិ៍ក៏បា​នរឹបឧបករណ៍​ផ្ទុក​ឯក​សារ​ចំនួន ៤៤ គ្រឿង ពី​ស្ថាប័ននេះ និង​​បង្កក​ទ្រព្យ​សម្បត្តិ​ចំនួនជាង​ ២,៣ លានដុល្លារ​ផងដែរ​។

ប៉ូលីសបាននិយាយថា ការចាប់ខ្លួននេះគឺផ្អែកទៅលើអត្ថបទ​ជាង​ ៣០ ដែល​ចេញ​ផ្សាយ​ដោយ​កាសែត Apple Daily ចាប់តាំងពីច្បាប់សន្តិសុខបានចូលជាធរមាន​ ដែល​បាន​អំពាវនាវឱ្យ​មាន​ការដាក់ទណ្ឌ​កម្ម​អន្តរជាតិ​ប្រឆាំង​នឹងប្រទេសចិន និ​​ងហុងកុងជាដើម​៕