កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​២០ មិថុនា ​មន្ត្រី​ប្រទេស​លោក​ខាង​លិច ​បាន​ធ្វើ​ការ​ព្រមាន​ទៅ​អ៊ីរ៉ង់​ថា​ ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ នឹង​មិន​បន្ត​រហូត​ដោយ​មិន​មាន​ការ​បញ្ចប់​ទេ​ បន្ទាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ បាន​ធ្វើ​ការ​ប្រកាស​សម្រាក​ពី​ការ​ចរចា​ បន្ទាប់​ពី​អ៊ីរ៉ង់​ទើប​តែ​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​។

ចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់ ដែល បានដើរតួជាអ្នកសម្របសម្រួលក្នុងការចរចាបាននិយាយថា កាលណាអ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀងកាន់តែយូរទៅហើយផលិតសម្ភារនុយ-ក្លេអ៊ែរហាមឃាត់នឹងធ្វើឱ្យការស្ដារកិច្ចព្រមព្រៀងនេះ គឺកាន់តែលំបាក។ពួកគេបានបន្តទៀត ថា៖«ដូចដែលយើងបានបញ្ជាក់រួចមកហើយពេលវេលា គឺមិននៅខាងនរណាម្នាក់ទេ។កិច្ច ពិភាក្សាទាំងនេះ មិនអាចបើកចំហដោយមិនបញ្ចប់ទេ »។

ការ​ចរចា​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ និង​អាមេរិក​ត្រឡប់​ទៅ​អនុលោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ២០១៥ ដែល​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ​ បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​មេសា​មក​ម្ល៉េះ​។ កាល​ពី​ឆ្នាំ ២០១៨ ក្រុង​វ៉ាស៊ីនតោន​ ​បាន​ចាក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​វិញ ធ្វើ​ឱ្យ​ក្រុង​តេអេ​រ៉ង់​ឈប់​អនុលោម​តាម​លក្ខខណ្ឌ​ ហើយ​ចាប់​ផ្ដើម​បន្សុទ្ធ​និង​ស្តុក​ទុក​សារធាតុ​អ៊ុយរ៉ានី​ញ៉ូម​កាន់​តែ​ច្រើន​ទៅ​ៗ​។

ការ​សម្រាក​ការ​ចរចា​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ Ebrahim Raisi ដែល​ជា​អ្នក​នយោបាយ​អភិរក្ស​និយម និង​អ្នក​ប្រឆាំង​លោក​ខាង​លិច​យ៉ាង​ខ្លាំង​ បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សុក្រ​។ ការ​ឡើង​កាន់​អំណាច​របស់​លោក​ Raisi ទំនង​ជា​មិន​ផ្លាស់​ប្ដូរ​ជំហរ​ចរចា​របស់​អ៊ីរ៉ង់​ទេ​ ដោយ​សារ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei គឺ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​គោលនយោបាយ​ធំ​ៗ​របស់​អ៊ីរ៉ង់​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​អ្នក​វិភាគ​មួយ​ចំនួនបាន​គិត​ថា ​ក្រុង​តេអេ​រ៉ង់ ​អាច​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​មុន​ពេល​ប្រធានាធិបតី​ថ្មី​ចូល​កាន់​តំណែង​នៅ​ខែ​សីហា ដែល​អនុញ្ញាត​ឱ្យ​លោក​ Raisi ធ្វើ​ការ​ច្រាន​ការ​ចោទ​ប្រកាន់​ទៅ​អតីត​ប្រធានាធិបតី​ Hassan Rouhani ប្រសិន​បើ​មាន​ការ​រិះគន់​ពី​សាធារណជន៕