ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​ បាន​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​ស្ថានទូត​ក្រុង​វ៉ាស៊ីនតោន​វិញ​ ដោយ​និយាយ​ថា​លោក​រំពឹង​កសាង​ទំនាក់​ទំនង​ «ស្មើ​ភាព​គ្នា និង​សម​ហេតុ​ផល​» បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក– រុស្ស៊ី​នៅ​ទីក្រុង​ហ្ស៉ឺណែវ ​ប្រទេស​ស៊្វីស​។

មុន​នឹង​ឡើង​ជើង​ហោះហើរ​ពី​ទីក្រុង​ម៉ូ​ស្គូ​ ទៅ​កាន់​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ២០ មិថុនា លោក​ឯកអគ្គរដ្ឋទូត​ Anatoly Antonov បាន​ប្រាប់​សារព័ត៌មាន Ria Novosti ថា​៖ «ដោយ​សារ​លទ្ធផល​នៃ​ជំនួប​រវាង​ប្រធានាធិបតី​ទាំង​ ២ ខ្ញុំ​ពឹង​ផ្អែក​លើ​ការងារ​ស្ថាបនា​ជា​មួយ​សហ សេវិក​អាមេរិក​របស់​ខ្ញុំ ដើម្បី​កសាង​ទំនាក់​ទំនង​ស្មើភាព​គ្នា និង​សម​ហេតុ​ផល​»​។

ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង ​២ ​បាន​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​លោក​ ចូ បៃដិន ​ចូល​កាន់​តំណែង ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ រុស្ស៊ីបាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ និង​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​។

បន្ទាប់​ពី​លោក​ បៃដិន​ បាន​និយាយ​ថា​លោក​ចាត់​ទុក​ប្រធានាធិបតី​រុស្សី​លោក ​វ្លា​ឌីមៀរ ពូទីន​ ជា​«ឃាតករ» កាល​ពី​ខែ​មីនា​ រុស្ស៉ីបាន​កោះហៅ​លោក​ Antonov ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​ ហើយ​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ូ​ស្គូ​លោក​ John Sullivan ថា​ លោក​គួរ​តែ​ត្រឡប់​ទៅ​ក្រុង​វ៉ាស៊ីនតោន​វិញ​។

ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុង​ហ្ស៉ឺណែវ​លោក​ បៃដិន​ និង​លោក​ ពូទីន​ បាន​យល់ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទាំង​ ២ ឱ្យ​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​ស្ថានទូត​រៀង​ៗ​ខ្លួន​វិញ​៕