ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា​ ពួកគេ បានប្តេជ្ញាចិត្ត​ចំពោះ​ការចរចាសន្តិភាព​ជាមួយ​អាហ្វហ្គានីស្ថាន ព្រោះ​​ពួកគេ​ ចង់បានការគ្រប់​គ្រង​​ប្រព័ន្ធ​សាសនាអ៊ិស្លាមត្រឹម​ត្រូវ​មួយ ដែល​អាច​​បង្កើតបទប្បញ្ញត្តិស​ម្រាប់សិទ្ធិរប​ស់ស្ត្រីស្របតាមប្រពៃណីវ​ប្បធម៌ និង​ច្បាប់សាសនានៅ​ក្នុងប្រទេស​នេះ​។

សេចក្តីថ្លែងការណ៍នេះ កើតឡើង​ចំពេលដំណើរការនៃ​កិច្ចចរចារវាងក្រុមអ៊ិស្លាម​ និងតំណាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅប្រទេសកាតា​ មាន​ដំណើរ​ការ​យឺត​ខ្លាំង​ ខណៈ​មាន​អំពើហិង្សា​មុនពេលការ ដកកងកម្លាំង​បរទេស​ចេញ​​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា​ មាន​សភាព​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង​។

ក្រុមមន្រ្តីនៃ​ប្រទេស​ខាង​លើ បានលើកឡើងពីការព្រួយបារម្ភជុំវិញការចរចា​ ដែល​ជាប់គាំង​ ហើយ​បាន​និយាយថា​ពួកតាលីបង់មិនទាន់បានដាក់សំណើសន្តិភាពជាលាយលក្ខណ៍អក្សរ​ ដែល​អាច​ប្រើជា​ចំណុច​ចាប់ផ្តើម​សម្រាប់​កិច្ចពិភាក្សាដ៏​សំខាន់នោះ​ នៅ​ឡើយ​ទេ។

យ៉ាងណាមិញ​ ប្រធានការិយាល័យនយោបាយរបស់តាលីបង់ លោក Mullah Abdul Ghani Baradar បាននិយាយថា៖ «យើងយល់ថាពិភពលោក​ និងអាហ្គានីស្ថាននៅមានសំណួរ​ជាច្រើនទាក់ទិន​នឹង​ទម្រង់នៃ​ប្រព័ន្ធ​ថ្មី​ ដែល​ត្រូវបង្កើតឡើង ​ប​ន្ទាប់ពីមានការដកកងទ័​ពបរទេស»។

លោកបានបន្តថា៖ «ប្រព័ន្ធគ្រប់​គ្រង​សាសនាអ៊ិ​ស្លាមត្រឹមត្រូវ​ គឺជាមធ្យោបាយដ៏ល្អបំផុត​សម្រាប់ដំណោះ​ស្រាយ​បញ្ហាទាំ​ងអ​ស់របស់​ប្រទេស​អាហ្វហ្គានីស្ថាន។ យើងប្ដេជ្ញា​ចូលរួមចរចា​ និង​បង្ហាញ​ការ​គាំទ្រ​របស់​​យើង​ដោយបើកចំហ ហើយ​​យើងជឿជាក់​លើ​ដំណោះ​ស្រាយ​បញ្ហា​ ដែល​ធ្វើ​ឡើង​តាមរយៈ​ការ​ស្វែង​យល់​ពី​គ្នាទៅវិញទៅមក»។​​

លោកបានបន្ថែមថា តាម​រយៈ​ប្រព័ន្ធថ្មីនេះ ស្ត្រីនិងជនជាតិភាគតិច​ភាគច្រើន​នឹង​ត្រូវ​បាន​គេ​ការពារ​ ហើយ​អ្នក​ការទូត​ និង​បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានា​ ក៏​អាច​ធ្វើការ​ប្រកបដោយសុវត្ថិភាពដូចគ្នា​។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់ទេ​ថា​ តើពួកតាលីបង់​នឹងអនុញ្ញាតឱ្យ​ស្ត្រីអនុវត្តតួនាទីជា​សាធារណៈ​​​ នៅ​តាម​កន្លែងធ្វើការនិ​ងសាលារៀននឹងត្រូវបានបែងចែកតាមភេទដែរឬយ៉ាងណា? ដោយឡែក អ្នកនាំពាក្យរបស់ក្រុម​នេះមិន​បានឆ្លើយតបភ្លាមៗ​ទាក់​ទិន​នឹងករណី​នេះ​នៅឡើយ​៕