ក្រុមចម្រុះដឹកនាំដោយទីក្រុងរីយ៉ាដ បាននិយាយកាលពីថ្ងៃអាទិត្យថា ការកាត់បន្ថយសម្ភារយោធារបស់អាមេរិកនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត នឹងមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការពាររបស់ប្រទេសនេះទេ ក្រោយពីចាប់បានដ្រូនជាច្រើនគ្រឿងរបស់ក្រុមឧទ្ទាមយេម៉ែនក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ។
ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនកំពុងកាត់បន្ថយចំនួនទ័ព និងប្រព័ន្ធការពារដែនអាកាសដែលត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ាក្នុងនោះមានកាំភ្លើងធំ Patriot ជាច្រើនគ្រឿង និងប្រព័ន្ធប្រឆាំងមីស៊ីល ហៅថា «THAAD» ចេញពីអារ៉ាប៊ី សាអ៊ូឌីត។
អ្នកនាំពាក្យក្រុមចម្រុះលោក TurkialMaliki បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការដកសម្ភារយោធារបស់អាមេរិកនេះនឹងមិនធ្វើឱ្យប៉ះពាល់ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីតទេ»។
«យើងមានការយល់ដឹងច្បាស់ជាមួយក្រុមសម្ព័ន្ធមិត្តរបស់យើងអំពីការគំរាមកំហែងក្នុងតំបន់នេះ។ យើងពិតជាមានសមត្ថភាពការពារប្រទេសរបស់យើង»។ ការដកចេញរបស់អាមេរិកនេះ បានកើតឡើង ខណៈដែលរដ្ឋការលោកប្រធានាធិបតី ចូ បៃដិន ប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ ជាសត្រូវស្លាប់រស់របស់អារ៉ាប៊ី សាអ៊ូឌីត ក្រោយពីភាពតានតឹងនោះ បានកើនឡើងខ្លាំងក្នុងឆ្នាំ ២០១៩ នៅក្រោមយុទ្ធនាការដាក់សម្ពាធអតិបរមារបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើទីក្រុងតេអេរ៉ង់។
លោក Maliki មិនបានបង្ហាញថា តើបច្ចុប្បន្នព្រះរាជណាចក្រនេះ មាន Patriots ប៉ុន្មានគ្រឿងនោះទេ?
កាលពីខែមេសា ប្រទេសក្រិក បាននិយាយថា ខ្លួនបានបញ្ជូនកាំភ្លើងធំ Patriot ១ គ្រឿង ទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ខ្លួន។
អារ៉ាប៊ី សាអ៊ូឌីត ដែលបានដឹកនាំក្រុមចម្រុះយោធាប្រឆាំងក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន តាំងពីឆ្នាំ ២០១៥ បានពឹងផ្អែក Patriots ដែលផលិតដោយអាមេរិក ដើម្បីចាប់មីស៊ីល និងដ្រូនដែលត្រូវបានគេបាញ់សំដៅទៅព្រះរាជាណាចក្រនេះស្ទើរតែរៀងរាល់ថ្ងៃដោយក្រុមឧទ្ទាមមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់។
លោក Maliki បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត ចាប់បានដ្រូនចំនួន ១៧ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃសៅរ៍ ជាចំនួនច្រើនបំផុតក្នុងរយៈពេលតែ១ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីជម្លោះនេះ បានចាប់ផ្តើម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កាលពីដើមខែនេះ ដ្រូន១ គ្រឿងផ្ទុកគ្រាប់បែករបស់ក្រុមហ៊ូធី បានធ្លាក់ចំសាលារៀនមួយនៅក្នុងខេត្ត Asir ភាគខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មន្ត្រីតំបន់ម្នាក់បាននិយាយថា អារ៉ាប៊ី សាអ៊ូឌីត មិនអាចការពារប្រទេសទាំងមូល ដោយ Patriots បានទេ»៕