The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​សង្កេត​ការណ៍​៖​ លោកស្រី​ អ៊ុងសាន ស៊ូជី នឹង​មិនមែន​ជា​ជើងឯក​សិទ្ធិ​មនុស្ស​ទៀត​ទេ​




អ្នក​សង្កេត​ការណ៍​៖​ លោកស្រី​ អ៊ុងសាន ស៊ូជី នឹង​មិនមែន​ជា​ជើងឯក​សិទ្ធិ​មនុស្ស​ទៀត​ទេ​

Content image - Phnom Penh Post
លោកស្រី ស៊ូជី ចូលរួម​ជំនួប​គណៈកម្មាធិការ​​កណ្តាលបក្ស​ NLD នាពេលកន្លងទៅ។AFP

អ្នក​សង្កេត​ការណ៍​៖​ លោកស្រី​ អ៊ុងសាន ស៊ូជី នឹង​មិនមែន​ជា​ជើងឯក​សិទ្ធិ​មនុស្ស​ទៀត​ទេ​

លោកស្រី អ៊ុងសាន ស៊ូជី ដែល​នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា ត្រូវ​បាន​អ្នក​វិភាគ​ និង​អ្នក​តាមដាន​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា​យល់​ឃើញ​ថា លោកស្រី​អាច​នឹង​មិនមែន​ជា​ជើងឯក​​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ទៀត​​ទេ ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​យោធា​នៅ​លើក​​នេះ។

មេ​ដឹកនាំ​ស៊ីវិល​ស៊ូជី មាន​វ័យ​ ៧៦ ឆ្នាំ​ កាល​ពី​ថ្ងៃ​សៅរ៍​ ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្តរូប​នៃ​សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ទាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​នៅ​លើ​ឆាក​អន្តរជាតិ។ យ៉ាងណា​មិញ ក្រោយ​ពី​លោកស្រី​ឡើង​ដឹកនាំ​ប្រទេស​បាន​ប្រមាណ ៥ ឆ្នាំ មតិ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ជា​ច្រើន ហាក់​សម្ដែង​អារម្មណ៍​មួយ​ខុស​ប្លែក​ពី​ពេល​ដែល​លោកស្រី​ត្រូវ​បាន​ក្រុម​យោធា​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ កាល​ពី​ចុង​ទសវត្សរ៍ ​ឆ្នាំ ១៩៨០។

កាល​ពី​ឆ្នាំ ១៩៨៨​ លោកស្រី​ ស៊ូជី ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​ដែល​កាល​នោះ​នៅ​មាន​ឈ្មោះ​ភូមា​នៅ​ឡើយ ដើម្បី​ទៅ​មើល​ម្ដាយ​លោកស្រី​ដែល​ពេល​នោះ ​កំពុង​តែ​ឈឺ។ គាប់​ជួន​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​ ​ព្រឹត្តិការណ៍​តវ៉ា​នឹង​របប​យោធា​មីយ៉ាន់ម៉ា​បាន​​កើត​ឡើង ហើយ​ក្រុម​យោធា​​បាន​បង្ក្រាប​ការ​តវ៉ា​នេះ​យ៉ាង​ព្រៃផ្សៃ​ រហូត​ដល់​មនុស្ស​រាប់រយ​ទៅ​​រាប់​ពាន់​នាក់​បាន​បាត់បង់​ជីវិត។
ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​ នេះ​ហើយ​ទើប​បណ្ដាល​ឱ្យ​លោកស្រី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​​ភូមា ដោយ​បាន​បង្កើត​គណបក្ស​សម្ព័ន្ធ​ជាតិ ​ដើម្បី​ប្រជាធិបតេយ្យ (NLD)។

លោកស្រី​បាន​តស៊ូ​មតិ​ និង​ឃោសនា​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​​ទូទាំង​ប្រទេស​ភូមា​ នៅ​កាល​នោះ។ លុះ​រហូត​ដល់​ឆ្នាំ ១៩៨៩ លោកស្រី​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​។ លោកស្រី​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​រាប់​ឆ្នាំ​ ដោយ​ឃុំ​ហើយ​ដោះ​លែង បន្ទាប់​មក​ត្រូវ​បាន​ចាប់​ឃុំ​ទៀត លុះ​មក​ឆ្នាំ ២០១០ ទើប​លោកស្រី​ត្រូវ​​បាន​គេ​ដោះលែង​ឱ្យ​​មាន​សេរីភាព​ពេញ​លេញ។ នៅ​ពេល​នោះ​ ស្ថិត​ចំ​កាលៈទេសៈ​ដែល​របប​យោធា​មីយ៉ាន់ម៉ា​ធ្វើ​កំណែ​ទម្រង់​ពី​ការ​ដឹកនាំ​ដោយ​យោធា​សុទ្ធសាធ​មក​ការ​ដឹកនាំ​ដោយ​​ជន​ស៊ីវិល​វិញ​ម្ដង។

អំឡុង​ពេល​ជាប់​ឃុំ​នោះ អង្គការ​អន្តរជាតិ​ក៏​ដូច​ជា​រដ្ឋ​នានា​ជុំវិញ​ភាគ​ច្រើន​ពួក​លោក​ខាង​លិច​បាន​ផ្ដល់​ពាន​ និង​ទទួល​ស្គាល់​នូវ​កិត្តិនាម​របស់​លោកស្រី ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ក្នុង​បណ្តា​​ពាន​ទាំង​នោះ​ គឺ​មាន​ពាន​រង្វាន់​សន្តិភាព​ណូបែល។ លោកស្រី​ទទួល​បាន​ពាន​នេះ​នៅ​ឆ្នាំ​ ១៩៩១។

ស្លេះ​មក​ដល់​ឆ្នាំ ២០១៥ គណបក្ស​ NLD របស់​លោកស្រី​ ស៊ូជី បាន​ឈ្នះ​ការ​បោះឆ្នោត​។ យ៉ាងណា​មិញ យោង​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ របស់​មីយ៉ាន់ម៉ា ក្រុម​យោធា​នៅ​រក្សា​អាសនៈ​ចំនួន ២៥ ភាគរយ នៅ​ក្នុង​សភា​ទាំង​ ២ ​ថ្នាក់ ហើយ​កាន់​កាប់​ក្រសួង​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ទៀត​​​ផង​។ ក្នុង​ច្បាប់​កំពូល​របស់​មីយ៉ាន់ម៉ា​នេះ ក៏​បាន​ហាម​ប្រាម​លោកស្រី​ ស៊ូជី មិន​ឱ្យ​​ឡើង​ជា​ប្រធានាធិបតី​នោះ​ទេ ដោយសារ​តែ​លោកស្រី​មាន​ស្វាមី​ជា​ជន​បរទេស។

ទោះ​ជា​យ៉ាង​ណា​ក្ដី​លោកស្រី​​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រដ្ឋ​ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ដែល​​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ភាគ​ច្រើន​យល់​ថា លោកស្រី​ជា​មេ​ដឹកនាំ​ពិត​ប្រាកដ។

កាន់​អំណាច​បាន ២ ឆ្នាំ​ មាន​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​មួយ​បាន​កើត​ឡើង​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​លិច​មីយ៉ាន់ម៉ា។ យោធា​មីយ៉ាន់ម៉ា​បាន​បើក​ប្រតិបត្តិការ​បោស​សម្អាត​មួយ ដែល​បណ្ដាល​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ ៧០ ម៉ឺន​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​។

ប្រាកដ​ណាស់​ថា យោធា និង​រដ្ឋាភិបាល​ស៊ីវិល​ជា​ស្ថាប័ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្សេង​គ្នា។ ប៉ុន្តែ​លោកស្រី ស៊ូជី និង​រដ្ឋាភិបាល​លោកស្រី​បាន​ស្ងាត់ស្ងៀម​នៅ​​​ក្នុង​រឿង​នេះ។​ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ​ គឺ​លោក​ស្រី ស៊ូជី ខ្លួន​ឯង​ផ្ទាល់​បាន​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ការពារ​សកម្មភាព​នៃ​អំពើ​ព្រៃផ្សៃ​នេះ។

ទង្វើ​នេះ​ទទួល​បាន​ការ​សាទរ​ យ៉ាង​ក្លៀវក្លា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ការ​សាទរ​នេះ ​អាច​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​ឈ្នះ​ឆ្នោត​​ជា​ថ្មី​របស់​គណបក្ស​ NLD កាល​ពី​ឆ្នាំ ២០២០។ ​នៅ​លើ​ឆាក​​អន្តរជាតិ​វិញ លោកស្រី​ត្រូវ​បាន​គេ​លែង​ទទួល​ស្គាល់​ថា ​ជា​និមិត្តរូប​នៃ​សន្តិភាព និង​សិទ្ធិ​មនុស្ស​ទៀត​ឡើយ ខណៈ​ពាន​រង្វាន់​ជា​ច្រើន​ពី​អង្គការ​នានា​ត្រូវ​បាន​គេ​ដក​ហូត ហើយ​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន​ បាន​រិះគន់​លោកស្រី​ខ្លាំងៗ​ពី​ការ​ការពារ​សកម្មភាព​របស់​ពួក​យោធា។

មតិ​ជា​ច្រើន​បាន​យល់​ឃើញ​ថា ដោយសារ​តែ​រឿង​រ៉ូហ៊ីងយ៉ា​នេះ​ហើយ ធ្វើ​ឱ្យ​ការ​ជាប់​ឃុំ​របស់​លោកស្រី​នៅ​ក្នុង​ពេល​រដ្ឋប្រហារ​នេះ​មិន​សូវ​ត្រូវ​បាន​គេ​បង្ហាញ​ក្ដី​​អាណិត​អាសូរ​ដូច​កាល​ពី​មុន។

លោកស្រី Miemie Winn Byrd អ្នក​ស្រាវជ្រាវ​ ១ ​រូប ​នៅ​មជ្ឈមណ្ឌល​បូព៌ាបស្ចិម​នៃ​រដ្ឋ​ហាវ៉ៃ​ សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន NPR ថា «មិនទាន់​​មាន​នរណា​បាន​ដាក់​ការ​ទាមទារ​ជាក់លាក់​ណា​មួយ ដើម្បី​​ឱ្យ​ដោះ​លែង​លោក ស្រី អ៊ុងសាន ស៊ូជី​នោះ​ទេ។ យោង​តាម​ទំនោរ​នេះ ខ្ញុំ​សន្និដ្ឋាន​ថា​ ការ​បាក់​មុខ​នៅ​ឆាក​អន្តរជាតិ​របស់​លោកស្រី​អាច​ជា​កត្តា​មួយ»។

លោក Kenneth Roth នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Right Watch បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter កាល​ពី​ពេល​កន្លង​ទៅ​ថា៖ «លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់​ជា​ជន​រងគ្រោះ​​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​មួយ។ លោកស្រី​ឈ្នះ​​ពាន​រង្វាន់​ណូបែល ដោយ​សារ​​តែ​រឿង​នេះ។ លោកស្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​អន់​ម្នាក់។ សួរ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​ដឹង​ហើយ។ ​ពេល​នេះ​ លោកស្រី​ត្រឡប់​មក​ជា​ជន​រងគ្រោះ​វិញ តែ​លើក​នេះ​មិន​ដូច​ពី​មុន​ទៀត​ទេ»។

នាយិកា​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​លោកស្រី Carolyn Nash បាន​ប្រាប់ NPR ថា៖ «ដោយសារ​តែ​រឿង​រ៉ូហ៊ីងយ៉ា ទើប​លោកស្រី​ ស៊ូជី ក្លាយ​ជា​តួអង្គ​សិទ្ធិ​មនុស្ស​យ៉ាង​ស្មុគស្មាញ​ ១ ​រូប»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រវត្តិវិទូ​ដ៏​ល្បី​ខាង​ទំនាក់ទំនង​អាមេរិក-អាស៊ីអាគ្នេយ៍​លោក​សាស្ត្រាចារ្យ​ Kenton Clymer បាន​លើកឡើង​ថា៖ «ប្រាកដ​ណាស់ រឿង​រ៉ូហ៊ីងយ៉ា​ធ្វើ​ឲ្យ​លោកស្រី​ ស៊ូជី បាត់បង់​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ។ រឿង​ជា​ច្រើន​នោះ​ដោយសារ​តែ​លោកស្រី​ឡើង​ការពារ​សកម្មភាព​របស់​យោធា​នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

បន្ថែម​ពី​លើ​រឿង​នេះ​ទៀតលោក John Stifton មក​ពី​អង្គការ​ ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​លើកឡើង​ថា៖ «សិទ្ធិ​មនុស្ស​នៅ​ភូមា មិនមែន​ជា​រឿង​អំពី​មនុស្ស​តែ​ម្នាក់​ទៀត​នោះ​ទេ។ វា​ជា​បញ្ហា​ទាំង​មូល ចាប់​តាំង​ពី​រដ្ឋប្រហារ​ដោយ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ផ្ដួល​រលំ និង​មាន​ការ​រំលោភ​សិទ្ធិ​​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ពេល​នេះ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន NPR។

ក្រោយ​រដ្ឋប្រហារ​ខែ​កុម្ភៈ លោកស្រី​ អ៊ុងសាន ស៊ូជី ត្រូវ​បាន​ជាប់​​ឃុំ និង​ត្រូវ​បាន​ជាប់​ចោទ​ក្រោម​បទល្មើស​ជា​ច្រើន​ករណី​ចាប់​តាំង​ពី​រឿង​ល្មើស​បទបញ្ជា​កូវីដ ១៩ រហូត​ដល់​បទ​ល្មើស​ញុះញង់​បង្ក​ចលាចល​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍