កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក​ ដែល​បាន​ចែក​ចាយ​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដល់​ប្រជាជន​បាន​ទៅ​ដល់​ ១ ពាន់​​លាន​ដូស​។

ទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិ​ (NHC) កាលពីថ្ងៃអាទិត្យ បាន​ឱ្យ​ដឹងថា ប្រទេស​ចិន​បានចែក​ចាយ​វ៉ាក់​សាំង​បាន​ជាង ១,១ ពាន់លានដូសកាលពីថ្ងៃសៅរ៍។

ចំនួននេះ​ ​ច្រើន​ជាង​ការ​​ចែកចាយនៅសហរដ្ឋអាមេរិក​ស្ទើរ ៣ដង ឬ​ស្ទើរតែស្មើ​នឹង​ ៤០ ភាគរយ​នៃ​ចំនួន​ចែក​ចាយ​វ៉ាក់​សាំង​សរុប​ចំនួន ២,៥ ពាន់លាន​ដូស​ នៅទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័រ​ Our World in Data។

ប្រទេសចិន បានចាប់ផ្តើមកម្មវិធី​ចាក់វ៉ាក់សាំងថ្នា​ក់ជាតិ​របស់ខ្លួននៅក្នុ​ងខែធ្នូ ឆ្នាំ ២០២០។ ទោះ​បី​ជា​មាន​ ​ការចាប់ផ្តើមយឺត​ក៏ដោយ​គេ​មើល​ឃើញ​ថា ​ប្រទេសនេះ​ បាន​បង្កើន​បរិមាណ​ចែក​ចាយ​ប្រចាំថ្ងៃទ្វេ​ដង ពោល​គឺ​មាន​ចំនួនជា​ង ១០ លាននាក់ ក្នុង ១ ថ្ងៃ ​ទៅ​ ២០ លាន​នាក់ ​ក្នុង ១​ ថ្ងៃ​នៅតាម​ខេត្ត​នានា​នៃប្រទេស​ចិន​។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ៧ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានសម្រេច​ដាក់​វ៉ាក់​សាំង​ចិន Sinopharm ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​ដែល​ជា​កត្តា​ជំរុញឱ្យ​ការ​ផលិត​ និង​ផ្គត់​ផ្គង់​សម្រាប់​ការប្រើប្រាស់ជាសកល​កាន់តែ​កើន​ឡើង​ និង​បង្កើនភាពជឿជាក់លើ​វ៉ាក់សាំង​លើ​ឆាក​អន្តរជាតិផងដែរ​។

អ្នកជំនាញបានរៀប​រាប់​ថា ការបង្កើនការផលិតវ៉ាក់សាំង​ និងការចាក់វ៉ាក់សាំងឱ្យបានលឿន​នៅក្នុង​ប្រទេស​ចិន​ឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងរហ័ស​របស់រដ្ឋាភិបាលទាំង​នៅក្នុងការស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​​ និង​ផែនការចាក់វ៉ាក់​សាំង​ទ្រង់ទ្រាយធំ​ គួប​ផ្សំជាមួយ​នឹង​ប្រព័ន្ធអភិបាលកិច្ច​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​ប្រទេស​ចិនផ​ងដែរ​។​

ប្រធានសមាគមឧស្សាហកម្មវ៉ាក់​សាំង​បង្ការចិន លោក Feng Duojia បានប្រាប់កាសែត Global Times ថា៖ «ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ មិន​ត្រឹម​តែ​តំណាង​ដល់​ជំហាន​សំខាន់​សម្រាប់​ប្រទេសចិន​នោះ​ទេ ប៉ុន្តែ​ក៏ប​ង្ហាញ​អំពី​ការ​រួម​ចំណែក​យ៉ាង​ធំធេងក្នុ​ងការប្រយុទ្ធប្រឆាំងនឹងកា​ររីករាលដាលនៃជំងឺនេះហើយ​ប្រទេស​ចិន​ក៏​នៅ​តែ​បន្ត​ការ​ផលិត​វ៉ាក់សាំង​ទាំង​ការ​ប្រើប្រាស់​​ក្នុងស្រុកនិង​ការ​ផ្គត់​ផ្គង់​នៅ​​បរទេសផងដែរ»។

លោកស្រី ​Ernan Cui អ្នកវិភាគមតិ​របស់​អតិថិជនចិន​នៅស្ថាប័ន​ Gavekal Dragonomics បាន​និយាយ​តាមរយៈ​លិខិត​មួយ​ផ្ញើទៅកាន់សារព័ត៌មាន ​Fortune ថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងដ៏​សំខាន់​របស់ចិន​គឺ​ការ​វេចខ្ចប់​វ៉ាក់​សាំង​ដាក់​បំពង់​កែវ​។​ ប្រទេស​ចិន​ មិនអា​ចផលិត​បំពង់​កែវ​ដាក់​វ៉ាក់​សាំង ​បានច្រើនទេ អ៊ីញ្ចឹង​ប្រទេស​ចិន​ត្រូវ​រៀន​លៃ​លក​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រើ​ប្រាស់បំពង់​កែវ​តិច​បំផុត»។

លោកស្រី​ Cui បាន​បន្ថែមថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ប្រទេសចិ​ន ​បានចាប់ផ្តើមបូម​វ៉ាក់​សាំងចំនួន​​២ ​ដូស​ចេញ​ពី​ដប​វ៉ាក់សាំង​តែ ​១​ ហើយ​ក៏​បាន​ប្រើប្រាស់​វិធី​ច្នៃ​ដប​នេះ​ឡើង​វិញ​ ដើម្បី​ប្រើដាក់​​វ៉ាក់​សាំង​បន្ថែម​ទៀត​ផងដែរ​។​

ប្រធានសមាគមឧស្សាហកម្មវ៉ាក់​សាំង​បង្ការចិន បាន​និយាយថា ឥឡូវនេះ ប្រទេសចិន​ មានសមត្ថភាព​ផលិត​វ៉ាក់​សាំង​​ពី ៣ ពាន់ទៅ ៤ ពាន់លានដូស​​ក្នុង​ឆ្នាំ ២០២១។ នេះបើយោងតាម​ការចេញ​ផ្សាយ​របស់​កាសែត​ People''s Daily ។

យុទ្ធនាការចែកចាយវ៉ាក់សាំង​ ដែលមានល្បឿនលឿនរបស់ប្រទេសចិន​ បាន​បង្ហាញ​ពី​គុណសម្បត្តិ​ពី​ការ​ប្រ​កាន់របបផ្តាច់ការរបស់ទីក្រុងប៉េកាំងនិង​ការមិនគោរពប្រព័ន្ធជំនឿសាសនាសេរីភាពផ្ទាល់ខ្លួន​ ដែល​ជាបញ្ហា​កំពុង​ធ្វើ​ឱ្យមា​នការស្ទាក់ស្ទើរ​ និង​ភ័យ​ខ្លាច​ក្នុង​ការ​ទទួល​យក​វ៉ាក់​សាំង​នៅសហរដ្ឋអាមេរិក។

ទោះបីជាការចាក់វ៉ាក់សាំងនៅ​តែមានលក្ខណៈស្ម័គ្រចិត្តក៏ដោយទីក្រុងប៉េកាំង​ក៏​តែ​អាច​ប្រើ​ប្រាស់​ឥទ្ធិពល​ដូចជា​ តម្រូវ​ឱ្យ​មាន​ការ​​ចាក់វ៉ាក់សាំងនៅសហគ្រាស​ ដែលគ្រប់គ្រងដោយរដ្ឋនិងស្ថាប័ន​ពឹងផ្អែកលើ​សមាជិកបក្ស​កុម្មុយ​​នី​ស្ត ដើម្បី​ទទួលបានការលើកទឹកចិត្តពី​រដ្ឋាភិបាល​ផង​ដែរ​។ ប្រសិនបើ វិធាន​នេះ​មាននិរន្តរភាពឬរឹតតែ​មាន​ប្រសិទ្ធភាព​ខ្លាំងឡើង វា​អាច​នឹង​ជំរុញ​ឱ្យ​អត្រាចាក់វ៉ាក់សាំង​របស់​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាងសហរដ្ឋអាមេរិក។

ទោះបីជា ករណី​រីក​រាល​ដាល​នៃ​ជំងឺកូវីដ ១៩ នៅ​​ប្រទេស​ចិន គ្រប់​គ្រង​ហើយ​យ៉ាងណា​ក្តី​ ក៏ប្រទេសចិន​ នៅ​តែ​បន្ត​អនុវត្ត​នូវ​វិធាន​ការទប់ស្កាត់​ការ​ផ្ទុះឡើង​ជានិច្ច​។ វិធានការបែបនេះ​ រួមជាមួយការភ័យខ្លាច​នៃ​រលក​ថ្មី​ គឺ​ជាកា​រលើកទឹកចិត្តដ៏ខ្លាំង​ក្លា​ដល់​ប្រជាជន​ឱ្យ​ទៅទទួល​យក​វ៉ាក់សាំង​។

រហូតមកដល់ពេលនេះ ទោះបីជា​រដ្ឋាភិបាលចិន ឈប់​ដាក់​បញ្ជូល​គោលនយោបាយចាក់វ៉ាក់សាំង​ជាកាតព្វកិច្ចយ៉ាងណាក្ដី​ ​ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​នេះនៅ​តែអំពាវនាវដល់ប្រជាជនរាប់សិបលាននាក់​ ដែល​ធ្វើការនៅក្នុងស​ហគ្រាសរដ្ឋក៏ដូចជាសមាជិកនៃបក្សកុម្មុយនីស្តចិនរបស់ខ្លួនចំនួន ៩០ លាននាក់​ មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ជា​គំរូ និ​ងទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ផងដែរ​។

នៅកន្លែងដទៃទៀត ​អ្នកប្រើបណ្តាញសង្គមចិនក៏​ បានរាយការណ៍ថា​ អាជ្ញាធរកំពុងផ្តល់ជូន​នូវ​អំណោយ​ដូចជា​ ស៊ុតពងមាន់សាប៊ូបោកខោអាវ កាបូប អង្ករ និងក្រដាសបង្គន់​ដល់អ្នក​ដែលព្រម​ទទួលចាក់​​​វ៉ាក់សាំង។​ទន្ទឹម​នឹងនេះ បណ្តាញសារព័ត៌មានចិន បានរាយការណ៍នៅតាមទីប្រជុំជនដូចជាទី ក្រុង ប៉េកាំងអាជ្ញាធរមូលដ្ឋានកំពុង​ប្រគល់វិញ្ញាបនបត្រដ​ល់អាជីវកម្មដែល​មានបុគ្គលិក ៨០% ចាក់​វ៉ាក់​សាំង​ហើយ​ទៀត​ផង​។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua Daily Telegraph ក៏បានរាយការណ៍ នៅក្នុងខែ មីនាថា អាជ្ញាធរ​ក៏ធ្លាប់​បានប្រាប់​ដល់សាធារណជន​មិនឱ្យ​ពាក់​ព័ន្ធ​នឹង​អាជីវកម្ម​ណា ដែល​មាន​បុគ្គលិក​ចាក់​វ៉ាក់​សាំង​បាន​តិចតួច​ទៀត​ផង​។

គួរបញ្ជាក់ផងដែរថា ប្រសិន​បើប្រទេសចិន នៅតែបន្ត​គោល​ការ​ណ៍​ចែក​ចាយ​វ៉ាក់​សាំងចំនួន ១៥ លាន​ដូស ​ក្នុង ១ ​ថ្ងៃ ប្រទេស​នេះ​នឹង​ចែក​ចាយ​វ៉ាក់សាំង​ចំនួន ១,២ ពាន់លានដូស​ នៅថ្ងៃទី ៧ ខែកក្កដា​ បើ​តាមទ្រឹស្តី​ វា​មាន​ចំនួនគ្រប់គ្រាន់ ដើម្បីចែក​ចាយ​​ប្រជាជ​ន​ចំនួន ៥៦០ លាននាក់នៅ​ទូទាំង​ប្រទេស​៕