កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​២០​ មិថុនា ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Naftali Bennett បាន​ថ្កោល​ទោស​ជ័យ​ជម្នះ​របស់​លោក​ Ebrahim Raisi ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ ដោយ​និយាយ​ថា ​លោក​ Raisi នឹង​បង្កើត​ «របប​ពេជ្ឈឃាត​ព្យួរ​ក​ដ៏​ឃោរឃៅ​» ហើយ​មហា​អំណាច​ពិភព​លោក​​គួរ​តែ​ «ភ្ញាក់​ដឹង​ខ្លួន​» មុន​នឹង​ធ្វើ​ការ​ចរចា ស្ដារ​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​។

ជា​​ប្រធាន​ប្រព័ន្ធ​តុលាការ​អភិរក្ស​និយម​ លោក Raisi​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​ ដោយ​ទទួល​សំឡេង​គាំទ្រ​ ៦២ ភាគរយ​ ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ចូលរួម​​​តិចតួច​ពី​ប្រជាជន និង​មាន​ការ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​របស់​បេក្ខជន​កណ្ដាល​និយម​ជា​ច្រើន​។ លោក Rasi ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ដោយសារ​ការ​ចូលរួម​របស់​លោក​ក្នុង​ការ​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​រាប់​ពាន់​នាក់​នៅ​ចុង​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​។ លោក​ Raisi មិន​ដែល​បាន​អត្ថាធិប្បាយ​បដិសេធ ឬ​បញ្ជាក់​អំពី​ការ​ចូលរួម​របស់​លោក​ក្នុង​ការ​សម្លាប់​ទាំង​​នេះ​ទេ​។

លោក Bennett បាន​​បើក​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​ទូរទស្សន៍​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​សប្ដាហ៍​មុន​លោក​​​ថា​ ការ​ជាប់​ឆ្នោត​របស់​លោក​ Raisi​ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei មិនមែន​ដោយ​ការ​បោះឆ្នោត​សេរី​ និង​ពេញ​និយម​ទេ​។

លោក​ Bennett បាន​និយាយ​ថា​៖ «ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ Khamenei ​អាច​ជ្រើសរើស លោក​បាន​ជ្រើសរើស​ពេជ្ឈឃាត​ព្យួរ​ក​ក្រុង​តេអេរ៉ង់​ ដែល​ជា​បុរស​​ម្នាក់​ល្បី​ក្នុង​បណ្តា​ប្រជាជន​អ៊ីរ៉ង់​ និង​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ការ​ដឹកនាំ​គណៈកម្មការ​ពិឃាត​ ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ីរ៉ង់​គ្មាន​ទោស​រាប់​ពាន់​នាក់​»​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​លោក Bennett បាន​និយាយ​ថា​៖ «ការ​ជាប់​ឆ្នោត​របស់​ Raisi​ ខ្ញុំ​អាច​និយាយ​បាន​ថា​ គឺ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​មហា​អំណាច​ពិភព​លោក​ភ្ញាក់​ដឹង​ខ្លួន ​មុន​ពេល​ត្រឡប់​ទៅ​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ហើយ​គួរ​តែ​ស្វែងយល់​ថា​ ពួក​គេ​កំពុង​ចរចា​ជា​នរណា​?»​។

«ពួក​នេះ​ គឺ​ជា​ឃាតករ​ ឃាតករ​សម្លាប់​រង្គាល។ របប​ពេជ្ឈឃាត​ព្យួរ​ក​ដ៏​ឃោរឃៅ​មិន​​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​អាវុធ​ប្រល័យ​លោក​ឡើយ​» លោក​ Bennett បាន​និយាយ​បែប​​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ជំហរ​របស់​អ៊ីស្រាអែល​នឹង​មិន​ផ្លាស់ប្តូរ​លើ​បញ្ហា​នេះ​ទេ​»​។

លោក​ Bennett ដែល​ជា​អ្នក​នយោបាយ​ជាតិ​និយម​ និង​អភិរក្ស​និយម​បាន​ប្រកាន់​ជំហរ​ដាច់​ខាត​ប្រឆាំង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដូច​អ្នក​កាន់​តំណែង​មុន​លោក​ Benjamin Nethanyahu ដោយ​គិត​ថា​ លក្ខខណ្ឌ​បច្ចុប្បន្ន​នឹង​មិន​ហាម​ឃាត់​អ៊ីរ៉ង់​មិន​ឱ្យ​បង្កើត​អាវុធ​។

រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​ បាន​យល់​ស្រប​​នឹង​ជំហរ​របស់​អ៊ីស្រាអែល​ ហើយ​បាន​​ដក​ខ្លួន​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ និង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់​។​ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក​ ចូ បៃដិន ​ចង់​ឱ្យ​​អាមេរិក​ចូល​កិច្ច​ព្រមព្រៀង​នេះ​វិញ​ ហើយ​ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ បាន​ចាប់​ផ្ដើម​ការ​ចរចា​ដោយ​ប្រយោល​ជា​អ៊ីរ៉ង់​ ល​ពី​ខែ​មេសា​ ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង។

រីឯ​លោក​ Raisi វិញ​ ដែល​ដើម​ឡើយ​ប្រឆាំង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ បាន​ផ្លាស់​មក​គាំទ្រ​ការ​ស្ដារ​វិញ​ ដើម្បី​លុប​បំបាត់​ទណ្ឌកម្ម​របស់​អាមេរិក​ ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ផ្អែក​លើ​ប្រេង​របស់​អ៊ីរ៉ង់​បែកបាក់​ ជំរុញ​ឱ្យ​ការ​មិន​សប្បាយ​ចិត្ត​រីក​រាលដាល​។

រដ្ឋាភិបាល​ថ្មី​នឹង​សង្ឃឹម​ថា ​អាច​ទទួល​បាន​សរសើរ​ពី​សាធារណជន​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ ដែល​កើត​ឡើង​ពី​ការ​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​ជា​អ្វី​មួយ​រដ្ឋបាល​មុន​អាច​សម្រេច​បាន​មុន​ពេល​លោក​ Raisi ចូល​កាន់​តំណែង​៕