រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ឺរ៉ុបបានលើកឡើងពីការវាយលុករបស់វីរុសកូវីដ ១៩ ប្រភេទ Delta កំពុងបង្កើនករណីវិជ្ជមាននៅចក្រភពអង់គ្លេស ប្រទេសព័រទុយហ្កាល់ អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញជាដើម។
តាមការស្រង់សម្តីរបស់សារព័ត៌មាន NikkiAsia រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសបារាំងលោក Olivier Veran បានប្រាប់អ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងប៉ារីសមួយកាលពីសប្តាហ៍មុនថា៖ «យើងកំពុងស្ថិតក្នុងដំណើរការកម្ចត់វីរុស និងការរាតត្បាតហើយយើងមិនត្រូវអនុញ្ញាតឱ្យវីរុសប្រភេទនេះដណ្តើមយកឈ្នះបានឡើយ»។
លោក Veran បាននិយាយថាសំណាកមេរោគពី ២ ទៅ ៤ ភាគរយ ដែលត្រូវបានគេវិភាគនៅក្នុងប្រទេសបារាំង កំពុងបង្ហាញថាជាវីរុសប្រភេទដែលតា។ លោកបាននិយាយថា៖ «អ្នកអាចនិយាយថា ទិន្នន័យនេះនៅទាបប៉ុន្តែវាស្រដៀងនឹងស្ថានភាពនៅចក្រភពអង់គ្លេស កាលពីប៉ុន្មានសប្តាហ៍មុន»។
ចំនួនករណីទាប ប៉ុន្តែចំនួនកើនឡើងបានធ្វើឱ្យមានការព្រួយបារម្ភថា ប្រភេទវីរុសនេះអាចរារាំងរបស់សហភាពអឺរ៉ុបក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ ក្នុងរយៈពេល ២ ខែកន្លងមកនេះ។
បន្ទាប់ពីទិន្នន័យជាផ្លូវការបានបង្ហាញថា វីរុសប្រភេទ Delta ហាក់ដូចជាបង្កើនហានិភ័យចំនួន ២,២ ដងបើប្រៀបធៀបជាមួយប្រភេទវីរុសដើម។ រដ្ឋាភិបាលអង់គ្លេសនៅសប្តាហ៍នេះបានពន្យារពេល ១ ខែ ចំពោះការដកចេញនូវការរឹតបន្តឹងដោយសារករណីវិជ្ជមាននៅតែបន្តកើនឡើង។
ការស្រាវជ្រាវរបស់រដ្ឋាភិបាលអង់គ្លេសនាពេលថ្មីៗនេះ បានបង្ហាញពីភាពចាំបាច់ក្នុងការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត។ យោងតាមទិន្នន័យដែលបានប្រមូលដោយសុខភាពសាធារណៈអង់គ្លេសការចាក់វ៉ាក់សាំងការាពារកូវីដ ១៩ ដូសដំបូងមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសប្រភេទ Delta ឡើយ។ ដូសទី២ បង្កើនការការពារប្រឆាំងនឹងការឆ្លងវីរុសបំប្លែងប្រភេទ Delta ពី ៣៣ ភាគរយដល់ ៨១ ភាគរយ។
វីរុសប្រភេទដែលតាត្រូវបានគេស្គាល់ជាផ្លូវការថា B.1617.2 ដែលជាប្រភេទ ១ នៃបណ្តាញប្រភេទទាំង ៤ ដែលប្រភេទវីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ កាលពីខែឧសភា អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវីរុសប្រភេទបំប្លែងដែលរកឃើញនៅ ប្រទេសឥណ្ឌាថា វីរុសដែលតា។
នៅប្រទេសអាល្លឺម៉ង់ វីរុសដែលតា ត្រូវបានគេរកឃើញប្រមាណ ៦ ភាគរយនៃករណីថ្មីៗនៅដើមខែមិថុនានេះ។ ទោះបីជាចំនួននេះទាបពីចក្រភពអង់គ្លេសដែលមានចំនួនប្រមាណ ៩០ភាគរយ ប៉ុន្តែវីរុសប្រភេទនេះ កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស។ នៅក្នុងរដ្ឋមួយចំនួននៃប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា កុមារមានវិជ្ជមានកូវីដ ១៩ វីរុសបំប្លែងប្រភេទដែលតាដែលធ្វើឱ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំអនុវត្តការបិទសាលារៀនដោយផ្នែកម្តងទៀត៕