ផែនការ​ចែកចាយ​វ៉ាក់សាំង​​របស់​អាមេរិក ដែល​ប្ដេជ្ញា​ថា​ នឹង​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩​ ប្រមាណ ​​៨០ លាន​ដូស ទៅ​​ប្រទេស​ទូទាំង​ពិភព​លោក​នៅ​ត្រឹម​ចុង​ខែ​មិថុនា​នេះ ត្រូវ​យឺត​ជាង​ការ​រំពឹង​ទុក​ដោយសារ​ជួប​ប្រទះ​ឧបសគ្គ​មួយ​ចំនួន ​ខណៈ​ប្រទេស​នេះ​ប្រកាស​ពី​ផែនការ​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ កន្លង​ទៅ​។

សេតវិមាន​ (White House)​ បាន​ប្រកាស​ពី​ផែនការ​ចែក​ចាយ​វ៉ាក់សាំង​ចុង​ក្រោយ​ប្រមាណ​ ៦០ លានដូស​ ទៅ​ឱ្យ​សម្ព័ន្ធភាព​វ៉ាក់សាំង​សកល ​COVAX និង​ចំនួន​ ២០ លាន ត្រូវ​ចែកចាយ​ដោយ​ផ្ទាល់​ដល់​​ដៃគូ​​ជាក់​លាក់។​ ប៉ុន្តែ​មាន​វ៉ាក់សាំង​ប្រមាណ​ ១០ លាន​ដូស​ប៉ុណ្ណោះ​ ត្រូវ​បាន​ចែកចាយ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​​វ៉ាក់សាំង​ ២,៥ លាន​ដូស​ចែក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ កាល​ពី​ចុង​សប្តាហ៍​ហើយ​ប្រមាណ​ ១ លាន​ ដូស​ ត្រូវ​ចែក​ទៅ​ឱ្យ​ប្រទេស​ម៉ិកស៊ិក ​កាណាដា​ និង​កូរ៉េខាងត្បូង​ នៅ​ដើម​​ខែ​នេះ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​បើ​ទោះ​ជា​ការ​ចែកចាយ​វ៉ាក់សាំង​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ឧបសគ្គ​មួយ​ចំនួន​រួមមាន​​តម្រូវការ​ផ្នែក​ច្បាប់​ភ័ស្តុភារ​ និង​បទប្បញ្ញត្តិ​រវាង​អាមេរិក​ និង​ប្រទេស​អ្នក​ទទួល​ក៏​ដោយ​ ក៏​វ៉ាក់សាំង​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ចែកចាយ​ជានិច្ច។

លេខាធិការ​នៃ​សេតវិមាន​លោកស្រី​ Jen Psaki​ បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​យើង​បាន​រក​ឃើញ​ថា​ ជា​បញ្ហា​ប្រឈម​ធំ​បំផុត គឺ​មិនមែន​ការ​ផ្គត់ផ្គង់​ទេ​យើង​ផលិត​បាន​វ៉ាក់សាំង​ជា​ច្រើន​​​ដូស​ហើយ ប៉ុន្តែ​​យើង​ត្រូវ​ជួប​ឧបសគ្គ​ខាង​ច្បាប់​ទាក់ទិន​នឹង​​ភ័ស្តុភារ​ខាង​ជលសាស្ត្រ​»។

លោកស្រី​ Psaki ​បាន​និយាយ​ថា​ ការ​ដឹក​ជញ្ជូន​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ នៅ​ពេល​ណា​ដែល​ប្រទេស​នានា​ត្រៀម​ខ្លួន​ទទួល​យក​ដូស​នេះ​ ហើយ​ខាង​រដ្ឋបាល​នឹង​ចាត់​​វិធានការ​លើ​ភាព​ស្មុគស្មាញ​ខាង​ផ្នែក​ភ័ស្តុភារ ​រួម​ទាំង​ឧបករណ៍​សម្រាប់​​ចាក់វ៉ាក់​សាំង​ដូចជា​សេរ៉ាំង​ និង​អាល់កុល ​ការ​ស្តុកទុក​នីតិវិធី​គយ​ និង​ផល​លំបាក​នៃ​ការ​ទំនាក់ទំនង​ផ្នែក​ភាសា​ផង​ដែរ​។

យ៉ាងណា​មិញ លោកស្រី​មិន​បាន​ដឹង​ថា ​តើ​មាន​វ៉ាក់សាំង​ចំនួន​​ប៉ុន្មាន​នឹង​ត្រូវ​ដឹក​ជញ្ជូន​នៅ​ចុង​ខែ​នេះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី ១៧ ​ខែ​ឧសភា​ ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden បាន​ប្រកាស​ថា៖ «ក្នុង​រយៈពេល​ ៦​សប្តាហ៍​ខាង​មុខ​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន ​៨០ ​លាន​ដូស​ទៅ​បរទេស​ដែល​ចំនួន​នេះ​នឹង​ក្លាយ​ជា​ចំនួន​វ៉ាក់សាំង​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ ដែល​បាន​ចែកចាយ​វ៉ាក់សាំង​កន្លងមក​ដល់​ទៅ​ ៥ ​ដង​ ច្រើន​ជាង​រុស្ស៊ី​ និង​ចិន​ដែល​បាន​បរិច្ចាគ ​១៥ លាន​ដូសទៀត​»។

កាល​ពី​ដើម​ខែ​នេះ​ផង​ដែរ ​លោក Biden បាន​ប្រកាស​ថា​ ក្រៅ​ពី​វ៉ាក់សាំង​ ៨០ ​លានដូស​ ដែល​អាមេរិក​ផលិត​បាន ​ប្រទេស​នេះ​ ក៏​នឹង​ទិញ​វ៉ាក់សាំង​ប្រមាណ​ ៥០០ ​លាន​ដូស​ពី​ក្រុមហ៊ុន​ Pfizer​ ដើម្បី​បរិច្ចាគ​ទៅ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​ ដែល​ការ​ចែកចាយ​លើក​ដំបូង​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា។

ដំបូង​ឡើយ​លោក ​Joe Biden ​បាន​ប្តេជ្ញា​ចែកចាយ​វ៉ាក់សាំង​ AstraZeneca ​ដែល​ផលិត​ក្នុង​ស្រុក​ប្រមាណ​ ៦០​ លាន​ដូស​ ដែល​មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក ​(ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​ទូទាំង​ប្រទេស​) ដល់​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​។ យ៉ាងណា​មិញ ​វ៉ាក់សាំង AstraZeneca ​ត្រូវ​បាន​គេ​ឃាត់​ទុក​កុំ​ឱ្យ​មាន​ការ​នាំ​ចេញ​ហើយ​តម្រូវ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​រយៈពេល ១ សប្តាហ៍​ ដោយ​រដ្ឋបាល​ចំណីអាហារ​ និង​ឱសថ​អាមេរិក​សិន​។

ដោយសារ​តម្រូវ​ការ​ក្នុង​ស្រុក​ធ្លាក់ចុះ​ លោក​ Biden ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​​បំពេញ​តាម​ការ​ប្តេជ្ញា​ចិត្ត​ខ្លួន​ ដោយ​ចែកចាយ​វ៉ាក់សាំង​ចំនួន ​៨០ លាន​ដូស​ដោយ​មិនចាំ​បាច់​ប្រើ​វ៉ាក់សាំង​ AstraZeneca។ សេតវិមាន​បាន​បង្ហាញ​ផែនការ​កាល​ពី​ដើម​ខែ​នេះ ​នៃ​ចំនួន​វ៉ាក់សាំង​ ២៥ លាន​ដូស​ដំបូង​ សម្រាប់​ការ​នាំចេញ​វ៉ាក់សាំង Pfizer, Moderna និង Johnson &Johnson ដែល​មាន​រួច​ហើយ ​និង​មួយ​ចំនួន​ទៀត​បាន​ចាប់​ផ្តើម​ដឹក​ជញ្ជូន​រួច​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​រដ្ឋបាល​លោក​ Biden បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចែកចាយ​វ៉ាក់សាំង​ចំនួន ​៥៥ ​លានដូស ​ទៅ​ប្រទេស​នានា​ នៅ​អាមេរិកឡាទីន​ អាស៊ី ​និង​អាហ្វ្រិក​ ខណៈ​វីរុស​នេះ​កំពុង​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​។

ការ​ចាក់​វ៉ាក់សាំង​ចំនួន​ ៥៥​ លាន​ដូស​ គឺ​ជា​ផ្នែក​មួយ ដែល​នៅ​សល់​ពី​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន ៨០ លាន​ដូស ​ដែល​លោក Biden ​ប្តេជ្ញា​បរិច្ចាគ​ទៅ​ប្រទេស​​បរទេស។ កាល​ពី​ដើម​ខែ​នេះ​ រដ្ឋបាល​បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន​ ២៥​ លាន​ដូស​ដំបូង​ទៅ​អាមេរិក​ខាង​ត្បូង​ និង​កណ្តាល​អាស៊ី​អាហ្វ្រិក បណ្តា​ប្រទេស​ជិត​ខាង​ និង​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​ផងដែរ៕