នាយក​រដ្ឋមន្រ្តី​ហ្វីលីពីន​លោក​ Rodrigo Duterte​ គំរាម​​ដាក់​គុក​ប្រជាពល​រដ្ឋ​ណា​​ដែល​បដិសេធ​មិន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​ខណៈ​ករណី​វិជ្ជមាន​កូវីដ ១៩​ បន្ត​​កើន​ឡើង។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA នាយក​រដ្ឋមន្រ្តី​ហ្វីលីពីន លោក Duterte ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃទី ២១ ខែ​មិថុនា​ថា​៖ «អ្នក​មិន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ឬ​ខ្ញុំ​នឹង​ឱ្យ​អ្នក​​​ជាប់​គុក»។ ​លោក​បាន​បន្ត​និយាយ​ថា ​កុំ​យល់​ខុស​ពី​អ្វី​ដែល​លោក​បាន​និយាយ​ប្រទេស​​កំពុង​ជួប​វិបត្តិ លោក​គ្រាន់​តែ​ខឹង​នឹង​ជនជាតិ​ហ្វីលីពីន​ដែល​មិន​យក​ចិត្តទុក​ដាក់​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល។

ការ​លើក​ឡើង​របស់​លោក Duterte​ គឺ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្រ្តី​សុខាភិបាល​របស់​លោក​ដែល​បាន​និយាយ​ថា ​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ នេះ​ជា​ការ​ស្ម័គ្រ​ចិត្ត។

គិតត្រឹម​ថ្ងៃទី ​២០ ​ខែ​មិថុនា ​អាជ្ញាធរ​ហ្វីលីពីន​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​ទៅ​ដល់​ប្រជាជន​ចំនួន​ ២,១ លាន​​នាក់ ដែល​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាក់​វ៉ាក់​សាំង ​គឺ​មាន​រហូត​ដល់​ ៧០ លាន​នាក់​​នៅ​ឆ្នាំ​នេះ៕