អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា​ ខ្លួនកំពុងបង្កើត​មជ្ឈមណ្ឌល​មួយ​នៅអា​ហ្រ្វិក​ខាង​ត្បូង​​ ដើម្បីផ្ដល់​ឱកាស​ដល់​ក្រុមហ៊ុនមកពីបណ្តាប្រទេស​ ដែលមានប្រាក់ចំណូលទាប​ និង​មធ្យម​ឱ្យមាន​ចំណេះ​ធ្វើ​​ និង​ទទួល​បាន​អាជ្ញា​ប័​ណ្ណ​ ក្នុង​ការផលិតវ៉ាក់សាំងកូវីដ ១៩ ជា​ជំហាន​ថ្មី​មួយ​ ដែល​ប្រធានា​ធិប​តី​​ លោក Cyril Ramaphosa ហៅ​ថាជា​ ជំហានប្រវត្តិសាស្ត្រ ដើម្បី​ផ្សព្វផ្សាយប​ច្ចេក​វិទ្យា​សង្គ្រោះ​ជីវិ​ត។

អង្គការ​ WHO អោយដឹង​ថា៖ «មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា»នេះ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាហ្រ្វិក​ចាប់​ផ្តើម​ផលិត​វ៉ាក់សាំង​ប្រភេទ​ mRNA ជាបច្ចេកវិទ្យាទំនើបដែល​ប្រើ​ក្នុង​ការ​ផលិត​វ៉ាក់​សាំង​Pfizer-BioNTech និង Moderna ដែល​អាច​នឹង​ផលិត​ក្នុងចន្លោះ​​រយៈពេ​លពី​ ៩ ទៅ ១២ ខែ។

អគ្គនាយករងអង្គការ WHO លោក Tedros Adhanom Ghebreyesus បានធ្វើការ​ប្រកាស​នេះ​ ក្នុង​គោល​បំណង​ជំរុញការទទួលវ៉ាក់​សាំង​នៅទូទាំងទ្វីបអាហ្រ្វិក​ ដែល​កំពុង​ប្រឈម​នឹង​ការ​ឆ្លងមេរោគ​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់​បានកើនឡើងជិត ៤០ ភា​គរយ​ កាលពីសប្តាហ៍មុន។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្ស៉ឺណែវ កាលពីថ្ងៃចន្ទ លោក Tedros បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីរីករាយ និង​ធ្វើការ​ប្រកាសថា​ អង្គការសុខភាពពិភពលោកកំពុង​ពិភាក្សាជា​មួយ​សម្ព័ន្ធ​ក្រុមហ៊ុន​​ និងស្ថាប័ននានា ដើម្បី​បង្កើតមជ្ឈមណ្ឌ​លផ្ទេរបច្ចេកវិទ្យាមួយនៅ​អាហ្វ្រិកខាងត្បូង​»។

លោកបានបន្ថែមថា៖ «សម្ព័ន្ធភាពនេះនឹងសហការជាមួយ​ក្រុមហ៊ុនជីវសាស្ត្រនិងវ៉ាក់សាំង Afrigen ដែល​នឹង​ដើរតួជាមជ្ឈមណ្ឌល​ផលិតវ៉ាក់សាំង mRNA ដោយខ្លួនវាផ្ទាល់និងផ្តល់ការបណ្តុះ​បណ្តាល​ដល់​ក្រុមហ៊ុន​ផលិត​ជីវៈជីវវិទ្យាដទៃ​ទៀត​ផងដែរ​»៕