ក្រុម​សកម្មជន​ និង​បាតុករ​នៅ​ហុងកុង​ច្រើន​ឡើងៗ ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​បរទេស​បន្ទាប់​ពី​ច្បាប់សន្តិសុខ​ជាតិ​ចូលជា​ធរមាន​កន្លងទៅ។ ​ប្រទេស​អូស្ត្រាលី​ និង​អង់គ្លេស​ ជា​ជម្រើស​កំពូលសម្រាប់​ក្រុមតស៊ូមតិ​សិទ្ធិមនុស្ស​ហុងកុង​ភៀសខ្លួន ខណៈបណ្តា​ប្រទេសលោក​ខាងលិច​ដែលទទួល​យកអ្នក​ដែលភៀស​ខ្លួនបាន​ចេញ​នូវ​វិធានការ​លម្អិត​ ដើម្បីផ្តល់​សិទ្ធិ​ជ្រកកោន​ដល់ជា​ជន​ភៀសខ្លួន​។

យោងតាម​ការស្រង់​ទិន្នន័យ​របស់​សារព័ត៌មាន​ South China Morning Post​ បានរក​ឃើញ​ថា មានប្រជាជន​ហុងកុង​ប្រហែល ៤៧០ នាក់ បាន​សុំសិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេសអូស្ត្រាលី​អង់គ្លេស​អាមេរិក​កាណាដា​អាល្លឺម៉ង់​ និង​នូវែលសេឡង់​ក្នុងរយៈពេល ​២ ឆ្នាំ​កន្លងមក។

ប្រទេស​ដែលមា​នប្រជាជន​ហុងកុង​សុំសិទ្ធិ​ជ្រកកោន​ច្រើនជាង​គេ គឺ​នៅ​ប្រទេស​អូស្ត្រាលី ​ដែលមាន​មនុស្ស ៣០៥ នាក់​ បាន​ដាក់​ពាក្យសុំ​ការពារ​សិទ្ធិ​ជនភៀស​ខ្លួន​ចន្លោះ​ខែ​មិថុនា​ ឆ្នាំ ​២០១៩ ដល់ខែ​ឧសភា ​ឆ្នាំនេះ​។

កាលពី​ខែ​កក្កដា ឆ្នាំ ២០២០ បន្ទាប់​ពីច្បាប់​សន្តិសុខ​ជាតិបាន​ចូល​ជាធរមាន​អ្នកកាន់​លិខិត​ឆ្លង​ដែន​ហុងកុង ៣៤ នាក់ បាន​ស្វែង​រក​សិទ្ធិជ្រក​កោននៅ​ទីនោះ​ដែលជា​ចំនួនខ្ពស់​បំផុតក្នុងរយៈ​ពេលតែ ១ ខែបន្ទាប់​ពីច្បាប់នេះ​ចូល​ជា​ធរមាន។

គួរបញ្ជាក់ផង​ដែរ​ថា ​ច្បាប់​សន្តិសុខជាតិ​ហុងកុងនេះ ​បាន​ចូលជាធរ​មាន​កាលពី​ខែ​មិថុនា ​ឆ្នាំ ​២០២០​ ហើយ​ច្បាប់​នេះហាម​ឃាត់ស​ក​ម្មភាព​នៃ​ការធ្វើ​អបគមន៍​ ​ការធ្វើវិទ្ធង្សនា ​អំពើភេរវកម្ម ​និង​ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស។

ប្រទេស​អង់គ្លេស​ បាន​ទទួល​ពាក្យសុំ​ចំនួន ​១២១ ​ដោយមាន ​៣៥ ​នៅក្នុង​រយៈពេល ​៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១។ ​ប្រទេសកាណាដា​ មានអ្នក​ដាក់ពាក្យសុំ​សិទ្ធិការពារ​ជន​ភៀសខ្លួន​ចំនួន​ ២១ ​នាក់ ​នៅ​ចុង​ឆ្នាំ ២០២០។

រីឯ​សហ​រដ្ឋអាមេរិក​មិន​រក្សា​កំណត់​ត្រាដាច់​ដោយឡែក​សម្រាប់​អ្នកស្វែងរក​សិទ្ធិជ្រក​កោន​ហុងកុងទេ​ប៉ុន្តែ​ប្រហែល​ជា ១៥ នាក់ ត្រូវ​បានគេ​ប៉ាន់ស្មានថា​បានទៅ​ទីនោះ​ចាប់តាំង​ពីច្បាប់នេះ​ ចូលជា​ធរមាន។ ​យោងតាមមន្រ្តី​អាល្លឺម៉ង់​បាន​ឱ្យ​ ដឹងថា ​ប្រទេសអាល្លឺម៉ង់​ មាន​ប្រជាជន​ហុងកុង​ចំនួន​ ៣ នាក់​សុំសិទ្ធិ​ជ្រកកោន​៕