សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប ​កាណាដា​ និងចក្រភ​ពអង់គ្លេស​ បាន​ដាក់​ទណ្ឌកម្ម​ជាផ្លូវការ​លើអង្គភាព ​និង​មន្រ្តីបេឡារុស​ហើយ​បានអំពាវនាវឱ្យ​ទីក្រុង Minsk បញ្ឈប់ការ​អនុវត្តការ​គាបសង្កត់​ប្រឆាំងនឹង​ប្រជាជន​របស់ខ្លួន។

តាមការ​ស្រង់​សម្តី​របស់​សារព័ត៌មាន Aljazeera កាល​ពី​ថ្ងៃទី ២១ ​មិថុនា​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ភាគីទាំង ៤ បាន​និយាយ​ថា៖ «យើងមា​ន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំងពី​ការ​បន្តមាន​ការវាយ​ប្រហារទៅ​លើ​សិទ្ធិ​មនុស្ស​សេរីភាព​មូលដ្ឋាន ​និងច្បាប់​អន្តរជាតិ​នៅក្នុងរបប​ Lukasheko»។

សេចក្តីថ្លែងការណ៍រួម​បន្ត​សរសេរ​ថា៖ «យើងប្តេជ្ញា​ចិត្តគាំទ្រ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​បេឡារុស​ដែលត្រូវ​បាន​គាប​សង្កត់​ជា​យូរមក​ហើយ ​ហើយយើង​ឈររួមគ្នា​ដើម្បី​ដាក់​បន្ទុកលើ​របបនេះ​ចំពោះ ការ​មិនគោរព​តាមការ​ប្តេជ្ញាចិត្ត​របស់​អន្តរជាតិ»។

គួរបញ្ជាក់​ផងដែរថា ​កាលពី​ខែ​ឧសភា​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Ryanair ត្រូវបាន​បង្ខំឱ្យ​ចុះ ចតនៅ​រដ្ឋធានី ​Minsk​ របស់ប្រទេស​បេឡារុស​ មុនពេល​អាជ្ញាធរ​ប្រទេសនេះ​​ ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​នៅ លើ​យន្តហោះនោះ​។

អ្នកកាសែត​ដែលត្រូវ​បានអាជ្ញា​ធរបេឡារុស​ចាប់ខ្លួន​មានឈ្មោះ​ Roman Protasevich​ អាយុ ​២៦ ឆ្នាំ ជា​សហស្ថាបនិក​ និង​អ្នកកែ​សម្រួល​អត្ថបទព័ត៌មាន​របស់​ Nexta ដែល​ជា​សារព័ត៌មាន​អនឡាញបានផ្សព្វផ្សាយពី​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំតាមរយៈ​កម្មវិធី ​Telegram។

នៅខែវិ​ច្ឆិកា ឆ្នាំ​ ២០២០​ បេឡារុស​ បាន​បើកការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​ Protasevich​ ពីបទ​រំខាន​ដល់ សណ្តាប់ធ្នាប់​សង្គមនិងញុះ​ញង់ឱ្យមាន​ការ​ស្អប់ខ្ពើមសង្គម។​ ការ​ចោទប្រកាន់នេះ​មាន​ទោសជាប់​ពន្ធនាគារ​ជាង ​១២ ឆ្នាំ​។

លោក Protasevich​ ត្រូវ​បានចោទ​ប្រកាន់ពី​សកម្មភាព​ភេរវករ​ខណៈដែល​ប៉ុស្តិ៍ ​Telegram របស់ Nexta និង​ស្លាកសញ្ញា​របស់សារព័ត៌​មានមួយនេះ​ត្រូវបាន​ដាក់ស្លាក​ថាជា​ក្រុម​ជ្រុលនិយម​ហើយត្រូវ​បានបញ្ជាឱ្យ​រារាំង​ដោយ​អាជ្ញាធរ​បេឡារុស​។

ភាគីទាំង ៤​ បាន​អំពាវនាវឱ្យ​ទីក្រុង Minsk​ សហការ​ជា​មួយការស៊ើបអង្កេត​អន្តរជាតិ​ក្នុង​ឧប្បត្តិហេតុ​នៅ​យន្ដហោះ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ជាបន្ទាន់ ​និង​ចូលទៅក្នុង​កិច្ច​ពិភាក្សា​នយោបាយ​ដ៏​ទូលំទូលាយ​និងពិត​ប្រាកដមួយ​ជាមួយ​ក្រុមប្រឆាំង​ប្រជាធិបតេយ្យ​ និង​សង្គមស៊ីវិល​។

សហភាពអឺរ៉ុប​បាននិយាយថា ​ខ្លួនកំពុងដាក់​បម្រាមលើ​ការធ្វើ​ដំណើរ​ និងបង្កក​ទ្រព្យសម្បត្តិ​មន្រ្តី​ចំនួន​ ៧៨ រូប រួម​មាន​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បេឡារុ​មេបញ្ជាការ​កងទ័ព ​អាកាសចៅ​ក្រម ​សមាជិក​សភា​និង​ អង្គភាព​នានា​ដូចជា​ ក្រុមហ៊ុន​ធនាគារ​ឬសមាគម។​ មនុស្ស​សរុបចំនួន ​១៦៦​ នាក់​និង​អង្គភាព​ចំនួន​ ១៥ ឥឡូវនេះ​ស្ថិតនៅ​ក្រោមវិធាន​ការរឹតត្បិត​របស់​សហភាព​អឺរ៉ុប​។

បន្ទាប់ពីកិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​ត្រូវបាន​ព្រមព្រៀង​កាលពី​សប្តាហ៍មុន ​បណ្តា​រដ្ឋ​នៃ​សហ​ភាព​អឺរ៉ុប ក៏ត្រូវ​បានកំណត់​ឱ្យដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​វិស័យ​ហិរញ្ញវត្ថុ​ប្រេងនិង​ថ្នាំ​ជក់ផងដែរ​។

ក្នុងពេល​ជាមួយគ្នានេះ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​បាននិយាយថា​ ខ្លួនបាន​ចុះបញ្ជី​មនុស្ស ១៦​ នាក់​ និង​អង្គភាព​ចំនួន ៥ ​ដើម្បី​ឆ្លើយតបទៅ​នឹង​អំពើ​ហិង្សា​និង​ការគាប​សង្កត់ របស់​រដ្ឋាភិបាល Lukasheko ​រួមទាំង​ការចុះ​ចតជើងហោះ​ហើរ​ដោយ​បង្ខំ​កាលពី​ខែឧសភា​។

ក្រសួងរ​តនាគារ​សហរដ្ឋ​អាមេរិក​បាន​និយាយថា​ សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​បានផ្តោត​លើមិត្ត​ជិតស្និទ្ធ​របស់​លោក Lukasheko ​រួមទាំង​លេខាធិការ​សារព័ត៌មាន​របស់​លោក និងជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​សាធារណរដ្ឋ​នៃ​សភាជាន់ខ្ពស់​នៃ​សភា​បេឡារុស​។

ចំពោះ​ចក្រភព​អង់គ្លេស​វិញ ​បាន​និយាយថា​ខ្លួនបាន​ដាក់​បម្រាម​ការ​ធ្វើដំណើរ​និង​បង្កក​ទ្រព្យ​សម្បត្តិ ដែលមិនត្រឹម​ត្រូវប្រឆាំង​នឹង​មន្រ្តី​ជាន់ខ្ពស់​បេឡារុស​ក៏ដូចជា​ក្រុមហ៊ុន​ប្រេង ​BNK​ ។

ការិយាល័យ​ការបរទេស​អង់គ្លេស​បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយថា ​ការដាក់ទណ្ឌ​កម្មនេះ​បានផ្តល់​ជា​សញ្ញា​យ៉ាងខ្លាំង​ដល់​អាជ្ញាធរបេឡារុស​ថា​ ចក្រភព​អង់គ្លេស​នឹងមិនអត់ឱន​ចំពោះអ្នក​ដែលគាប​សង្កត់សិទ្ធិ​មនុស្ស​ ដែលចូល​មក​ចក្រភពអង់​គ្លេស​ ឬ​ប្រើប្រាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ចក្រ​ភពអង់​គ្លេស​ឡើយ។​

ប្រទេសអង់គ្លេស​បាន​និយាយថា ​ទណ្ឌកម្ម​របស់ខ្លួន​ត្រូវបាន​ដាក់ដោយ​ឡែក​ពី​សហភាព​អឺរ៉ុប​ដែលខ្លួន​បានចេញ​ពី​សហភាពកាល​ពីឆ្នាំមុន ​ប៉ុន្តែស្របនឹង​ការ​ដាក់ទណ្ឌកម្ម​ដែលបាន​ប្រកាស​ដោយ​ទីក្រុងវ៉ាស៊ីន​តោន ​អូតាវ៉ា​ និង​ប្រ៊ុចសែល​៕