ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារថា​ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ បាន​សម្រេច​លុបចោលក្រុមការងារ​មួយ​ ដែលត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល​គោល​នយោបាយ​របស់​កូរ៉េខាងជើង ដែល​ជំហាន​នេះ​ ត្រូវបានគេមើលឃើញថា​ ជាមធ្យោបាយមួយសម្រាប់​ទីក្រុង​វ៉ាស៊ីន​តោន​ក្នុងកា​រ​ទប់ស្កាត់​គម្រោង​អន្តរ​កូរ៉េ។

ប្រភពដដែល​បាន​បន្តថា នៅក្នុងអំឡុងកិច្ចពិភាក្សារវាងអ្នកតំណាង​ពិសេសរបស់​សហរដ្ឋ​អាមេរិ​ក​សម្រាប់​កូរ៉េខាង​ជើង​ លោក Sung Kim និងសមភាគី​កូរ៉េខាងត្បូងលោក Noh Kyu-duk កាលពីថ្ងៃចន្ទ អ្នក​ទាំង២ ​បាន​ព្រមព្រៀងគ្នា​ «ក្នុងការ​ពិចារណាលុបចោលក្រុមការងារនេះ»​ ហើយ​ជំនួស​ដោយ​ការ​​​​ពង្រឹង​ការ​សម្រប​សម្រួល​នៅ​​ថ្នាក់ផ្សេងទៀតវិញ​។

កាលពីថ្ងៃចន្ទ ដដែល​ លោក​ Kim បាននិយាយថា​ លោក​មានឆន្ទៈ​ក្នុងការជួបជាមួយ​ប្រជាជន​កូរ៉េ​ខាង​ជើង​នៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌហើយលោកទន្ទឹងរង់ចាំ​ការ​ឆ្លើយ​តបជា​វិជ្ជមាន​ក្នុងពេលឆាប់ៗនេះទាក់​ទិននឹង​បញ្ហា​នេះ​។ លោក​គ្រោង​ជួប​ជាមួយរដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាង​ត្បូង​លោក Lee In-young ដែល​មាន​នាទី​គ្រប់​គ្រង​ និងសម្របសម្រួល​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង​នៅថ្ងៃ​អង្គារ កន្លងទៅ​។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ​នេះ​ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្នុង​បំណង​ជួយ​សម្ព័ន្ធ​មិត្ត​ទាំង​ ២ ​​ទៅលើ​បញ្ហា ដែល​កំពុង​កើត​មានឡើង​​ រួមមាន​ដូចជា​ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរជំនួយ​មនុស្សធម៌​ ការដាក់ទណ្ឌកម្មនិងទំនាក់ទំនងអន្តរកូរ៉េ​ និង​ទំនាក់​ទំនង​ចម្រូងចម្រាស​ខាងការទូត​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​នៅពេលនោះ​ផងដែរ​។

សហរដ្ឋអាមេរិកបាន​ឱ្យ​ដឹងថា ខ្លួន​មិនមាន​តួរនាទី​ក្នុងការអនុម័តលើសេចក្តីសម្រេច​របស់កូរ៉េខាងត្បូង​ក្នុង​ការ​លុប​ចោល​ក្រុម​ការងារ​នេះ​ក៏ដោយ ក៏ជំហាន​នេះ​ បានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងទីក្រុង​ សេអ៊ូលនិង​ជាជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោ​ក Moon Jae-in ដែល​ធ្លាប់​​បាន​ប្រាប់​សភាថា​ ក្រុមការងារ​ខ្លួន​ ត្រូវ​បានគេមើលឃើញថា បង្ក​ជា​​ឧបសគ្គចំពោះទំនាក់ទំនងអន្តរ​កូរ៉េ។

អ្នក​ជំនាញ​​បាន​និយាយថា តាមទស្សនៈរបស់កូរ៉េខាងត្បូងនេះ គឺជាយន្តការជាមូលដ្ឋាន​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ ដើម្បី​រារាំង​គម្រោង​អន្តរកូ​រ៉េក្នុងអំឡុង​ពេលលោក​ Donald Trump កាន់​អំណា​ច៕