មេខ្លោង​ជួញដូរ​គ្រឿង​ញៀនអាស៊ីម្នាក់​​ ត្រូវ​បាន​នគរបាល​ហូឡង់ ចាប់ខ្លួន​នៅក្រុង​ Amsterdam ប្រទេសហូឡង់​កាលពីខែ​មករា​ បាន​បដិសេធ​មិនព្រម​​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​​​អូស្ត្រាលីតាម​សំណើអាជ្ញាធរ​ ដោយអះ​អាង​ថា​ ដំណើរ​ការ​កាត់​ក្ដីនៅ​ទីនោះ​ មិន​មាន​យុត្តិធម៌​។

លោក Tse Chi Lop ជនជាតិ​ចិន​សញ្ជាតិកាណាដា ​ត្រូវ​បាន​គេសង្ស័យ​ថា ជា​មេខ្លោង​ជួញដូរ​គ្រឿង​​ញៀន​ធំជាង​គេ​នៅអាស៊ី បា​នបដិសេធ​មិន​​ធ្វើបត្យាប័ន​ដោយលើកហេតុផលថា​ អាជ្ញាធរ​អូស្រ្តា​លី​ជា​អ្នក​រៀប​ចំ​ផែន​ការធ្វើ​បត្យាប័នលោក​ នៅ​ពេល​លោក​ធ្វើ​ដំណើរចេញពីកោះតៃវ៉ាន់ទៅកាណាដា​តាម​រយៈ​ការ​បញ្ឈប​ ជើង​ហោះ​ហើរ​​នៅប្រទេសហូឡង់ ដើម្បី​ចាប់​ខ្លួន​លោក​នៅទីនោះ។

ស្របពេលដែលប្រទេសអូស្រ្តាលី ​មានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសហូឡង់និងកាណាដា​ មេធាវី​របស់លោក Tse បានប្រកែកនៅក្នុងតុលាការកាលពីថ្ងៃអង្គារថា គោលនយោបាយធ្វើបត្យាប័ន​ហូឡង់​​នេះ ​កាន់​តែសម្រួល​​ឱ្យ​ការ​អនុវត្តច្បាប់អូស្រ្តាលីមាន​ឥទ្ធិពល​ឡើង​។

លោក​មេធាវី Andre Seebregtsបានប្រាប់សារព័ត៌មាន​រ៉យទ័រ​​ថា៖ «ប្រសិនបើអូស្ត្រាលី​ចូល​ពាក់ព័ន្ធ​​ក្នុងករណី​ធ្វើ​បត្យាប័ន​ កូនក្តីរបស់ខ្ញុំទៅប្រទេសហូឡង់​ដោយមិន​មាន​ភាព​ត្រឹមត្រូវ​ សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះដោយ​យុត្តិធម៌របស់កូនក្ដីខ្ញុំ ​ត្រូវបានគេរំលោភហើយ»។

លោកក៏​បាន​ស្នើឱ្យ​ ចៅក្រម​ស៊ើប​អង្កេត​​ពី​​កាលៈទេសៈនៃការចាប់​ខ្លួន មុ​នពេល​សម្រេចចិត្តធ្វើបត្យាប័ន។​ យ៉ាងណាមិញ ព្រះរា​ជអាជ្ញាបាននិ​យាយថា កាលៈទេសៈនៃការបណ្តេ​ញលោក Tse ចេញពី​កោះតៃវ៉ាន់​ មិន​មាន​ភាព​ពាក់ព័​ន្ធនឹង​ករណី​នេះ​​ទេ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលី​ បានរក​ឃើញស្ថាប័ន​របស់លោក Tse បាន​គ្រប់​គ្រង​ពាណិជ្ជក​ម្មគ្រឿងញៀនអាស៊ី-ប៉ាស៊ីហ្វិ​កក្នុង​១ឆ្នាំ​ ៧០ពាន់លានដុល្លារ ហើយ​លោក​ក៏ត្រូវបាន​គេដាក់​រហ័សនាម​ជាស្ដេច​ជួញដូរគ្រឿងញៀន​ ដូចស្ដេច​គ្រឿង​ញៀន​អាមេរិក​ឡាទីន ​លោក​ El Chapo ដែល​ត្រូវបាន​គេចាប់​ខ្លួន​កាលពីពេល​ថ្មីៗនេះ៕