ពាក្យ​ថា​ ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍ ​ឬ ​herd immunity សំដៅ​លើ​ក្រុម​ប្រជាជន ​ឬ​សហគមន៍​មួយ​រួម​គ្នា​ ដែល​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ជាក់លាក់​មួយ។ កាល​ណា​ក្រុម​ទាំង​នោះ​ បាន​ទទួល​ការ​ចាក់​​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​ហើយ​នោះ វា​នឹង​ជួយ​ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​ឆ្លង​ធ្លាក់​ចុះ​ទាប​។

ការ​សម្រេច​បាន​នូវ​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ គឺ​ជា​គោល​បំណង​ធំ​បង្អស់​របស់​រដ្ឋាភិបាល​ប្រទេស​នានា​នៅ​លើ​ពិភព​លោក។ បច្ចុប្បន្ន ​ប្រទេស​មួយ​ចំនួន​តូច​បាន​ចាក់​វ៉ាក់សាំង​បាន​យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពួក​គេ​ ប៉ុន្តែ​សំណួរ​សួរ​ថា​ តើ​ពេល​ណា​ស៊ាំ​ជា​សហគមន៍​ទទួល​បាន​លទ្ធផល ហើយ​ថា​តើ​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា?​

យ៉ាងណា​មិញ គេ​អាច​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​តាមរយៈ​​វិធី ២ យ៉ាង​។ ទី១​ តាម​ធម្មជាតិ​ពោល​ គឺ​​​នៅ​ពេល​មនុស្ស​គ្រប់​គ្នា​អាច​បង្កើត​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​ជំងឺ​បាន​ដោយ​ខ្លួន​ឯង​។ នៅ​ពេល​ដែល​ប្រជាជន​ភាគ​ច្រើន​ឆ្លង​មេរោគ ឬ​ធ្លាប់​ឈឺ​ដោយសារ​វីរុស​ បុគ្គល​នោះ​នឹង​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ពី​ធម្មជាតិ​ ដោយ​ផលិត​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​ធាតុ​បង្ក​ជំងឺ​នោះ​ ដោយ​ខ្លួន​ឯង​។

ទី២ គឺ​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ដែល​បង្កើត​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​តាមរយៈ​វ៉ាក់សាំង​។​ អ្នក​ជំនាញ ភាគ​ច្រើន​បាន​ពន្យល់​ថា ​នៅ​ក្នុង​ខ្លួន​ប្រាណ​របស់​យើង​មាន​កោសិកា​ជា​ច្រើន​ដែល​មាន​នាទី​កំណត់​សម្គាល់​ពី​ប្រភេទ​វីរុស និង​ផលិត​អង្គប​ដិប្រាណ​​ ដើម្បី​​ការពារ​ប្រឆាំង​នឹង​មេរោគ​នោះ​នៅ​ពេល​អនាគត​។​ វ៉ាក់សាំង​ទាំង​នេះ បង្កើត​នូវ​ភាព​ស៊ាំ​សិប្បនិម្មិត​ ដូច្នេះ​នៅ​ពេល​មាន​ការ​ឆ្លង​មេរោគ​កើត​ឡើង​រាង​កាយ​របស់​យើង​អាច​ស្គាល់​វីរុស​​ហើយ​ចាប់​ផ្តើម​ផលិត​អង្គ​បដិប្រាណ ដើម្បី​ប្រឆាំង​នឹង​វា។

ទោះជា​យ៉ាង​ណា​​ក្នុង​ករណី​មាន​​ជំងឺ​ឆ្លង​វីរុស​ហ្ស៊ែន​​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​ និង​ធ្វើ​ការ​បំប្លែង​ខ្លួន​ជា​ញឹកញាប់​ នោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ផល​វិបាក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ ដូច​ក្នុង​ករណី​វ៉ារ៉្យង់​ថ្មី​នេះ​ផង​ដែរ​។

យ៉ាងណា​មិញ ​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​តាម​វិធី​ធម្មជាតិ​មាន​​ប្រសិទ្ធភាព​​តែ​លើ​វីរុស​ណា​​ដែល​​មិន​ផ្លាស់​ប្តូរ​ និង​មិន​បំប្លែង​ខ្លួន​តែ​​ប៉ុណ្ណោះ​​។ វេជ្ជបណ្ឌិត Shuchin Bajaj ស្ថាបនិក​ និង​ជា​នាយក​នៃ​ក្រុម​មន្ទីរពេទ្យ Ujala Cygnus បាន​មាន​ប្រសាសន៍​ថា៖ «ដោយសារ​យើង​មិន​មាន​ការ​យល់ដឹង​ជ្រៅជ្រះ​អំពី​វីរុស​កូវីដ ១៩​ ដូច្នេះ​យើង​មាន​តែ​សង្ឃឹម​ថា​ ការ​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ទៅ​លើ​ក្រុម​មនុស្ស​ប្រហែល​ ៥០-៦០ ភាគរយ​ អាច​នឹង​មាន​ប្រសិទ្ធភាព»។

លោក​បាន​បន្ថែម​ទៀត​ថា ការ​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​អាច​នឹង​ចំណាយ​ពេល​ពី ១ ទៅ​ ២ ​ខែ។ ប៉ុន្តែ​ប្រសិន​បើ​អង្គបដិ​ប្រាណ​រលាយ​បាត់​ ឬ​វីរុស​នោះ​ផ្លាស់ប្តូរ​ទៀត​​នោះ ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ ក៏​មិន​អាច​មិន​ដំណើរការ​នៅ​ទីនេះ​ទេ​ ដូច​ដែល​យើង​ឃើញ​ក្នុង​ករណី​វីរុស​គ្រុន​ផ្តាសាយ​ ដែល​ភាគ​ច្រើន​​ធ្លាក់​ខ្លួន​ឈឺ និង​ឆក់​យក​ជីវិត​មនុស្ស​ជារៀង​រាល់​ឆ្នាំ​ផង​នោះ​ ក៏​ដោយសារ​វីរុស​នោះ ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ហើយ​​បង្ហាញ​ជាទ​ម្រង់​ថ្មី​រាល់​ពេល​។

ទោះ​យ៉ាងណា​ក្ដី​ការ​ស្រាវជ្រាវ​​នៅ​តែ​បន្ត​ធ្វើ​ឡើង​ ដើម្បី​បញ្ជាក់​ថា​ ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​នឹង​មាន​ប្រសិទ្ធភាព​ និង​រយៈពេល​យូរ​ប៉ុនណា។​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​ផង​ដែរ​ថា​ តើ​ភាព​ខ្លាំង​ និង​រយៈពេល​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​អាស្រ័យ​លើ​​ប្រភេទ​មនុស្ស​ឆ្លង​គ្មាន​រោគ​សញ្ញា (asymptomatic) ​ស្រាល​ ឬ​ធ្ងន់ធ្ងរ​នោះ​ដែរ ​ឬ​យ៉ាង​ណា​ ព្រោះ​សូម្បី​តែ​មនុស្ស​ដែល​មិន​មាន​រោគសញ្ញា​ក៏​តែង​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ជានិច្ច​។

ជាមួយគ្នា​នេះ​ដែរ ​អង្គការ​ WHO​ ក៏​បាន​គាំទ្រ​ការ​បង្កើត​ប្រព័ន្ធស៊ាំ​ជា​សហគមន៍​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​ ដែល​មិន​អនុញ្ញាត​ឱ្យ​ជំងឺ​រាលដាល​ដល់​ផ្នែកណា​មួយ​នៃ​ចំនួន​ប្រជាជន​ទេ​ ព្រោះ​នេះ​​នឹង​បណ្តាល​ឱ្យ​មាន​​​ករណី​ឆ្លង និង​ការ​ស្លាប់​ច្រើន​។

បន្ថែម​ពី​នេះ​ ដើម្បី​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ប្រទេស​នីមួយៗ​ត្រូវ​ចែកចាយ​វ៉ាក់សាំង​រហូត​ដល់​ទៅ ៨០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ទាំង​មូល​។ យើង​ត្រូវ​សង្កេត​មើល​ថា ​វ៉ាក់សាំង Pfizer ឬ Moderna មាន​ប្រសិទ្ធិភាព​ពី ៩០ ទៅ​ ៩៥ ​ភាគរយ។ ប៉ុន្តែ​ចំពោះ​វ៉ារ្យ៉ង់ ​Delta ថ្មី​នេះ​មាន​ការ​ប្រែប្រួល​​ឆាប់​រហ័ស​ជាមួយ​​នឹង​រលក​ទី៣​ ដែល​​រំពឹង​ទុក​នាពេល​អនាគត​យើង​ត្រូវ​រក​វិធី និង​មធ្យោបាយ​យ៉ាង​ណា​ ដើម្បី​ទទួល​ប្រព័ន្ធ​ស៊ាំ​​ជា​សហគមន៍​ ដោយ​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​ច្រើន​។

អ្នក​ជំនាញ​បាន​បន្ត​ថា ការ​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ត្រូវ​តែ​ធ្វើ​ឡើង​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង។ អ្នក​ជំនាញ​ភាគ​ច្រើន​បាន​ព្យាករ​ថា ​រលក​ទី៣​ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​​ផង​ដែរ​ ដូច្នេះ​ឪពុក​ម្តាយ​ត្រូវ​តែ​ទទួល​​ការ​ការពារ​។ ឧទាហរណ៍​រដ្ឋាភិបាល​រដ្ឋ​ Uttar Pradesh ​នៅ​ឥណ្ឌា ​កំពុង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​ដល់​ឪពុក​ម្តាយ​ ដើម្បី​ឱ្យ​កុមារ​អាច​ទទួល​បាន​ការ​ការពារ​ដូចគ្នា។

ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន​ដំបូង ​ស្ដី​អំពី​ការ​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​តាមរយៈ​ការ​សិក្សា​គំរូ​វីរុស​ដើម​នៅ​ពេល​នោះ​អ្នក​ឆ្លង​ម្នាក់​ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​អាច​ចម្លង​បាន​ពី ២ ​ទៅ​ ៣ នាក់​ទៀត ​ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​នា​ពេល​ថ្មីៗ​នេះ ​ការ​លេច​ចេញ​នូវ​វ៉ារ៉្យង់​ថ្មី​មាន​កម្រិត​ខ្ពស់​ជាង​មុន​ ដែល​ជំរុញ​ឱ្យ​មាន​ការ​គ្រប​ដណ្តប់​តាម​ការ​ប៉ាន់​ប្រមាណ ​ដើម្បី​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​។

ទន្ទឹម​នឹង​នេះ​ ប្រទេស​នានា​ដាក់​ចេញ​វ៉ាក់សាំង​ផ្សេងៗ​គ្នា​ក្នុង​ល្បឿន​ខុសៗ​គ្នា​ រួម​ជាមួយ​វិធានការ​ត្រួត​ពិនិត្យ​ផ្សេងៗ​ ​ទំនង​ជា​មាន​លទ្ធផល​ និង​ហានិភ័យ​ផ្សេងៗ​គ្នា​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​ខាង​មុខ។ ​អ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា វា​ក៏​អាច​នឹង​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ ១៩ ​តាម​រដូវកាល ​ដូច​ជា​ជំងឺ​ផ្តាសាយ​តាម​រដូវ​ដូចគ្នា​ផង​ដែរ​។

រហូត​ដល់​ពេល​នោះ​យើង​ត្រូវ​រក្សា​គន្លាត​សង្គម​ និង​អនាម័យ​ជានិច្ច​។ ម៉្យាង​វិញ​ទៀត​ការ​ធ្វើ​តេស្ត​គ្រប់គ្រាន់​ ដើម្បី​ឱ្យ​អ្នក​អាច​​​រក​ឃើញ​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​​ធ្វើ​ចត្តាឡីស័ក​នៅ​តែ​ជា​វិធាន​​ចាំបាច់​ត្រូវ​អនុវត្ត​ជានិច្ច​។ មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ សេវា​សុខភាព​ពេញ​លេញ​មួយ ​និង​ការ​អនុវត្ត​វិធាន​តឹងរ៊ឹង​ទេ ​ដែល​អាច​សម្រេច​បាន​នូវ​បំណង​បង្កើត​ប្រព័ន្ធ​ស៊ាំ​ជា​សហគមន៍​ដោយ​ជោគជ័យ​៕