យោងតាមប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) បាន​ឱ្យ​ដឹងថា តំបន់​ជាង ៥០ ក្នុង​ចំណោម​តំបន់សរុប​​ ៣៧០ របស់អាហ្វហ្គានីស្ថាន​ បានធ្លាក់ទៅក្នុង​ការ​គ្រប់​គ្រង​យោធា​របស់​ក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់​ ចាប់តាំងពីខែឧសភា ​មកម្ល៉េះ។​

ប្រេសិតពិសេសរបស់​អង្គការសហប្រជាជាតិ (UN) លោក Deborah Lyons បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​កាល​ពីថ្ងៃអង្គារថា៖ «ការ​បង្កើន​សក្ដានុពល​​របស់ក្រុម​តាលីបង់​នាពេលថ្មីៗនេះ មាន​សភាព​កាន់តែ​គួរឱ្យ​បារម្ភ​ ដែល​អាច​ក្លាយទៅ​ជា​លទ្ធផល​នៃការ​ពង្រឹង​យុទ្ធនាកា​រយោធារបស់​ក្រុ​មនេះ​ កាន់តែខ្លាំងឡើង»។

លោកបាន​បន្តថា៖ «ស្រុកភាគច្រើនជាតំបន់ដែលត្រូវបានគេព័ទ្ធជុំវិញទីរួមខេត្ត ដែល​ជា​កន្លែង​ក្រុម​ តាលីបង់​​កំពុងឈរជើង​ ដើម្បីព្យាយាមកាន់កាប់រដ្ឋធានីទាំងនេះ​ នៅពេលដែល​កម្លាំង​បរទេស​ ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង»។

ដំណឹង​នេះ កើតឡើង​ក្រោយ​មាន​ការរាយ​ការណ៍​ស្ដីអំពីការប៉ះទង្គិចគ្នា​ ដោយអំពើហិ​ង្សា​ ហើយ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​​ដល់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីសំខាន់ៗដែល​បណ្តាលឱ្យដាច់ច​រន្តអគ្គិសនីនៅក្នុងខេត្តចំនួន ១១ រួមទាំងទីក្រុងកាប៊ុល កាលពីថ្ងៃ​អង្គារ ផងដែរ។

ក្នុងរយៈពេល ២៤ ម៉ោង ក្រុម​តាលីបង់បានកា​ន់កាប់ស្រុកជាច្រើននៅក្នុងខេត្ត Kunduz និងការឆ្លងកាត់​ព្រំដែន​ដ៏​សំខាន់ជា​មួយរួមមាន Tajikistan ផងដែរ។ នេះបើ​យោងតាមសមាជិកម្នាក់នៃក្រុមប្រឹក្សាខេត្ត Kunduz។ លោក Rabani បាននិយាយថា សង្កា​ត់ទាំងនោះរួមមាន Chahar Dara, Khan Abad, Imam Sahib និង Shirkhan Bandar ដែលជាចំណុចឆ្លងកាត់ជាមួយតំបន់ Tajikistan។

កាលពីចុងសប្តាហ៍ក្រុមតាលីបង់ បានអះអាងថា ខ្លួនបានលុកលុយ​មូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថាន​មួយនៅ​ក្នុង​រដ្ឋ Balkh ដែ​លស្ថិតនៅភាគខាងជើងប្រទេស។ វីដេអូឃោសនារបស់តាលីបង់​ បាន​បង្ហាញ​ពី​សកម្មភាព​ក្រុមនេះ​ រឹប​អូសយានយន្តយោធានិង​អាវុ​ធក្នុង​តំបន់​នេះ​។

ពួកគេបានអះអាងនៅក្នុងវីដេអូមួយទៀតថា ពួក​គេបានកាន់កាប់តំបន់កង​ទ័ពជាតិអាហ្វហ្គានីស្ថាន Humvees នៅក្នុងខេត្ត Takhar ភាគឦសានផងដែរ​៕