អង្គការ​សុខភាព​ពិភព​លោក ​(WHO) បាន​ឱ្យ​ដឹង​​​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បន្ធូរ​បន្ថយ​វិធានការ​​ ដើម្បី​ការពារ​ជំងឺ​កូវីដ ១៩​ របស់​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​អឺរ៉ូ​ ២០២០​ដោយ​កត់​សម្គាល់ថា​ ករណី​ឆ្លង​នៅ​ប្រទេស​មួយ​ចំនួនកំពុង​តែ​កើន​ឡើង​។​

លោក ​Robb ​Butler ​នាយក​ប្រតិបត្តិ​នៅ​ការិយាល័យ​ប្រចាំ​តំបន់​របស់​ WHO ​ប្រចាំ​​អឺរ៉ុប ​បាន​និយាយ​តាម​រយៈ​អ៊ីមែល​ទៅ​កាន់​ទី​ភ្នាក់ងារ​ព័ត៌​មាន​ AFP ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២២​ មិថុនា​ថា​៖​ «​អង្គការ​សុខភាព​ពិភពលោក​ព្រួយ​បារម្ភ​អំពី​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​នៅ​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ​មួយ​ចំនួន​»​។ លោក​បន្ត​ថា​៖​ «​ឥឡូវ​នេះ​ពហុ​កីឡដ្ឋាន​មួយ​ចំនួន​ដែល​រៀប​ចំ​ការ​ប្រកួត​កំពុង​បង្កើន​ចំនួន​អ្នក​ទស្សនា​»​។  

​ទោះយ៉ាង​ណា​ លោក​​ Butler​ មិន​បាន​បញ្ជាក់​ថា ​ប្រទេស​ណា​ឬ​ក្រុង​ណា​ទេ ​ប៉ុន្តែ​ចក្រ​ភព​អង់គ្លេស បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​​ថា​ ​​អ្នក​ទស្សនា​ជាង​៦​ម៉ឺន​នាក់​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ទស្សនា​នៅ​ពហុ​កីឡដ្ឋាន​ Wembley​ ក្នុង​ទីក្រុង​ឡុងដ៍​ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​ទី​ ៦ ​និង​ ៧​ ខែ​កក្កដា​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​ទី​ ១១​ ខែ​កក្កដា​។ ដើម​ឡើយ​អង់​គ្លេស​មាន​គោល​បំណង​កំណត់​ចំនួន​មនុស្ស​ចូល​រួម​ត្រឹម​តែ ​៤​ ម៉ឺន​នាក់ ​ដែល​ត្រូវ​នឹង ​៥០ ​ភាគរយ​នៃ​ចំណុះ​កីឡដ្ឋាន​ប៉ុណ្ណោះ​។​

​ទោះ​ជា​យ៉ាង​ណា ​អ្នក​ដែល​មាន​សំបុត្រ​ចូល​រួម​ទស្សនា​ទាំង​អស់ ​ត្រូវ​តែ​ធ្វើ​តេស្ត​បញ្ជាក់​លទ្ធផល​អវិជ្ជមាននៃ​វីរុស​​កូវីដ ១៩ ​ឬ​បញ្ជាក់ថា​ ​ទទួល​វ៉ាក់សាំង​ពេញ​លេញ​យ៉ាង​ហោច​ណាស់ ​១៤ ​ថ្ងៃ​ មុន​ការ​ប្រកួត​ចាប់​ផ្ដើម​។​

ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​របស់អង្គការ​សុខភាពពិភព​លោក​​ ( WHO) ​នាយក​រដ្ឋ​មន្រ្តី​អ៊ីតាលី​លោក​ Mario ​Draghi​ កាល​ពី​ថ្ងៃចន្ទ​ ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ប្រកួត​អឺរ៉ូ​ ២០២០​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចេញ​ពី​ទី​ក្រុង​ឡុងដ៍​ ដោយ​សារ​តែ​ការ​រីក​រាល​ដាល​វ៉ារ្យ៉ង់​ដែលតា​ (Delta)​ នៃ​ជំងឺ​កូវីដ ១៩​ ដែលបំប្លែង​​ខ្លួនដំបូង​នៅ​ប្រទេស​ឥណ្ឌា​ ផ​ង​ដែរ​។​

លោក​ Draghi​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ប៊ែរឡាំង ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​អធិការ​បតី​លោក​ស្រី​ Angela​ Merkel​ ថា​ លោក​ចង់​ប្រាកដ​ថា​ ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​អឺរ៉ុប​នឹង​មិន​ត្រូវ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ដែល​មាន​ការ​រីករាល​ដាល​វីរុស​យ៉ាង​ឆាប់​រហ័ស​នោះ​ទេ​។ ​

ជាមួយ​គ្នា​នេះ​លោកស្រី Merkel ក៏​បាន​ជំរុញ​ឱ្យសហភាព​​នៃ​​សមាគមបាល់​ទាត់​​សហភាព​អ៊ឺរ៉ុបឬ​ហៅ​កាត់​ថា​ UEFA​ ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ទាក់ទង​នឹង​ផែនការ​ ដើម្បី​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទីក្រុង​ឡុងដ៍ ​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ជំងឺ​នៅ​ទីនោះ​។​

​ចំណែក​ឯ​សមាជិក​សភា​កំពូល​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​បញ្ហា​សុខភាព​លោក ​Peter ​Liese ​បាន​បន្ថែម​ពី​លើ​ការ​អត្ថា​ធិប្បាយ​របស់​លោក​ស្រី​អធិការ​បតី​និយាយ​ថា​៖​ «​សុខភាព​របស់​យើង​ជា​អាទិភាព​។​ ការ​រាលដាល​នៃ​វ៉ារ្យ៉ង់​ដែលតា​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចំនួន​ ៤​ ម៉ឺន​នាក់​ ខាន​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ក្នុង​ទី​ក្រុង​ឡុងដ៍​បាន​»​។​

​​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​នាយក​រដ្ឋ​មន្រ្តី​អ៊ីតាលី​អ្នក​នាំ​ពាក្យ​ UEFA ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ UEFA ​ក៏​ដូចជា​សមាគម​បាល់​ទាត់​អង់គ្លេស​ និង​អាជ្ញាធរ​អង់គ្លេស​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​ដោយ​ជោគ​ជ័យ ​ហើយ​ខ្លួន​គ្មាន​ «​ផែនការ​»​ ដើម្បី​ផ្លាស់​ប្តូរ​ទី​កន្លែង​​ប្រកួត​ចេញ​ពី​ពហុ​កីឡដ្ឋាន​ Wembley ​នោះ​ទេ​។

​សមាគមន៍​បាល់ទាត់​ UEFA ក៏​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ ដើម្បី​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ទស្សនា​លំដាប់​វីអាយភី​ចំនួន ​២ ៥០០ ​នាក់ ​បាន​ចូល​រួម​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ​។​

លោក​ Butler ​បាន​និយាយ​ថា​ នៅ​តាម​បណ្តា​ទីក្រុង​ម្ចាស់​ផ្ទះ​មួយ​ចំនួន​ករណី​ជំងឺ​កូវីដ ១៩​ ថ្មី​បាន​កើន​ឡើង​នៅ​ក្នុង​តំបន់​ដែល​ការ​ប្រកួត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ហើយ​ WHO ​បាន​អំពាវ​នាវ​ឱ្យ​ទីក្រុង​នានា​ក្នុង​តំបន់​ទាំង​នោះ​ចាត់​វិធានការ​បន្ទាន់​។

​អង់គ្លេស​បាន​រាយការណ៍​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ ១៩​ ជាង​ ១,១​ ម៉ឺន​នាក់​នៅ​​ថ្ងៃ​ទី ​២២ ​មិថុនា ​ដែល​ចំនួន​នេះ​ បង្ហាញ​ថា​ ការ​ឆ្លង​កំពុង​តែ​ចាប់​ផ្ដើម​កើន​ឡើង​វិញ ​បន្ទាប់​ពី​ស្រាក​ស្រាន្ត​មួយ​រយៈ​នៅ​ចន្លោះ​ខែ​មេសា​ និង​ឧសភា​កន្លងទៅ​។​ អាជ្ញាធរ​សុខាភិបាល​សាធារណៈ​និយាយ​ថា ​៩០​ ភាគរយ​នៃ​ករណី​ថ្មី​នេះ​ ជាចំនួន​​អ្នក​ឆ្លង​វ៉ារ្យ៉ង់​ដែលតា (Delta) ​ដែល​មាន​សមត្ថភាព​ចម្លង​រហូត​ដល់​៦០​ភាគរយ​ជាង​វីរុស​ដើម​។​

​នៅ​ដាណឺម៉ាក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ ចំនួន ​២៩ ​ករណី​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​អឺរ៉ូ​ ២០២០ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​កូប៉ិនហាក​។ ​នៅ​ប្រទេស​នេះ​ចំណុះ​ទស្សនិកជន​ដែល​ត្រូវ​បាន​អនុញ្ញាត ​បាន​កើន​ឡើង​ពី​ ១,៦​ ម៉ឺន​នាក់​ដល់​ ២,៥​ ម៉ឺន​នាក់​​។

ចំណែក​ឯ​នៅ​ក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី​វិញ ​ពហុ​កីឡដ្ឋាន ​Puskas​ Arena​ ដែល​អាច​ដាក់​មនុស្ស​ជាង ​៦,៨​ ម៉ឺន​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មនុស្ស​ចូល​ពេញ​។​ សមាគម បាល់ទាត់ UEFA​ ក៏​បាន​លុប​ចោល​ក្រុង​ចំនួន​ ២​ គឺ​ក្រុង​ Dublin​ និង​ Bilbao ​ពី​បញ្ជី​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ដែរ ​ព្រោះ​អនុញ្ញាត​ឱ្យ​អ្នក​ចូល​រួម​តិច​ពេក​។ ​ក្រុង​St Petersburg​ របស់​រុស្ស៊ី​ដែល​ជាម្ចាស់​ផ្ទះ​ម្នាក់​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​នូវ​ការ​កើន​ឡើង​ករណី​វិជ្ជមាន​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។

ទន្ទឹម​នឹង​នេះ​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ក្រុង​ Seville​ របស់​អេស្ប៉ាញ​និង​ក្រុង​រ៉ូម​ហើយ​អាជ្ញាធរ​អ៊ីតាលី​បាន​និយាយ​ថា​ មិន​មាន​ករណី​កូវីដ១៩​ ត្រូវ​បាន​រក​ឃើញ​មាន​ការ​ជាប់​ទាក់​ទង​នឹង​ការ​ប្រកួត​នោះ​ទេ​។​

​ទោះ​បី​ជា​ស្ថានភាព​នៅ​ទូទាំង​ទ្វីប​អ៊ឺរ៉ុប​ មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក​នេះ​ហើយ​ក្ដី​ ក៏​​ WHO​ នៅ​តែ​ទទូច​ឱ្យ​ប្រទេស​នានា​បន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន​។

លោក​ Hans ​Kluge ​ប្រធាន​នាយក​ប្រចាំ​តំបន់​របស់​​អង្គការ​​​សុខភាព​ពិភពលោក​​ WHO​ ប្រចាំ​ទ្វីប​អឺរ៉ុប​ បាន​ព្រមាន​កាល​ពី​ដើម​ខែ​មិថុនា​ថា​៖​ «​ទោះ​បី​នៅ​តំបន់​យើង​បាន​គ្រាន់​បើ​ក៏​ពិត​មែន​ប៉ុន្តែ​មិន​មាន​ន័យ​ថា​ យើង​រួច​ពី​គ្រោះ​ថ្នាក់​ហើយ​នោះ​ទេ​»​។​លោក​បន្ថែម​​ថា​ បញ្ហា​នេះ​បណ្ដាល​មក​ពី​អត្រា​ទទួល​បាន​វ៉ាក់សាំង​នៅ​ទាប​នៅ​ឡើយ​ មិន​អាច​ការពារ​តំបន់​នេះ​ពី​ការ​រាល​ដាល​បាន​៕

ហួន​ ឌីណា​