ប្រទេសសិង្ហបុរី ​អនុញ្ញាតឱ្យ​ ប្រជាជន​ក្នុង​ប្រទេស​ប្រើប្រាស់​វ៉ាក់សាំង ​Sinovac ដែលជា​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេសចិន ប៉ុន្តែចំពោះ​ការ​ទទួល​ការ​ចាក់វ៉ាក់​សាំង​ប្រភេទនេះ​គឺមាន​លក្ខខណ្ឌ។

ប្រជាជន​ដែលជ្រើស​រើសយក​ការចាក់​វ៉ាក់សាំង​ដែល​ផលិតដោយ​ប្រទេសចិន​ត្រូវបង់ថ្លៃ​រដ្ឋបាល​បន្តិចបន្តួច​ដែល​មាន​តម្លៃចាប់​ពី ១០ ទៅ ២៥ ដុល្លារ​សិង្ហបុរី ហើយ​នឹង​ត្រូវដក​ចេញពី​គម្រោង​សំណង​របស់​ប្រទេស​សិង្ហបុរី ប្រសិន​បើពួកគេ​រងផលប៉ះ​ពាល់ធ្ងន់ធ្ងរ​ឬ​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង។

គួរបញ្ជាក់​ផង​ដែរថា ​ប្រទេស​សិង្ហបុរី​បច្ចុប្បន្ន​ដាក់ឱ្យ​ ប្រើប្រាស់​នូវវ៉ាក់សាំង​ការពារ​កូវីដ ១៩ មួយចំនួនដូចជា​ Moderna និង Pzfier ដែលជា​វ៉ាក់សាំង​ផលិតដោយ​សហ​រដ្ឋអាមេរិក​។

វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ប្រភេទ​ Sinovac ហាក់ដូចជា​មាន​ប្រជាប្រិយ​ភាព​ចំណោម​ប្រជាជនចិន​ និង​ប្រជាជន​សិង្ហបុរី​មួយចំនួន​នៅក្នុង​ប្រទេស​សិង្ហបុរី ទោះបី​ជាវ៉ាក់សាំង​ប្រភេទនេះ​ត្រូវបាន​អ្នកជំនាញ​មួយចំនួន​បារម្ភ​ពី​ប្រសិទ្ធភាព​ក៏ដោយ។

យោងតាម​ការ​ស្រង់សម្តី​របស់សារ​ព័ត៌មាន​ South China Morning Post​ លោក ​Leong Hoe Nam អ្នកជំនាញ​ផ្នែកជំងឺ​ឆ្លងនៃ​គ្លីនិក​ Rophi​ បាន​និយាយ​ថា បន្ទាប់ពីមាន​ការប្រកាស​ដាក់ឱ្យ​ ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ Sinovac​ កាលពី​សប្តាហ៍​មុន គ្លីនិក​ទទួល​បានការ​ទំនាក់ទំនង​ស្តីពីព័ត៌មាន​ចាក់វ៉ាក់សាំង​នេះ​ជាច្រើន​។

គ្លីនិករបស់​លោកត្រូវ​បានផ្តល់​សិទ្ធិឱ្យ​ផ្តល់ឱ្យនូវការ​ចាក់​វ៉ាក់សាំង ហើយអាច​ចែកចាយ​វ៉ាក់សាំង​ចំនួន ២០០ ​ដូស ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង ១ ០០០ ​នាក់ កំពុង​ស្ថិតនៅ​ក្នុងបញ្ជី​រង់ចាំ​ទទួល​ការចាក់វ៉ាក់សាំង​នៅឡើយ​។

លោក Leong Hoe Nam ​អ្នកជំនាញ​ផ្នែកជំងឺ​ឆ្លងនៃ​គ្លីនិក Rophi​ បាន​និយាយថា វ៉ាក់សាំង​ដែល​ផលិតនៅ​ប្រទេសចិន ​គឺប្រើ​ប្រាស់​បច្ចេកវិទ្យា​បុរាណដោយ​ប្រើប្រាស់​វីរុស​អសកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​វីរុស។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅដើម​ខែមិថុនានេះ ​ពីការ​អនុញ្ញាត​ស្ថាប័ន​ថែទាំសុខ​ភាព​ឯកជន​អាចចែក​ចាយវ៉ាក់សាំង ​Sinovac ​នេះ​ហើយ​វា​មិន​មាននៅ​ក្នុង​យុទ្ធនាការ​ចែកចាយ​វ៉ាក់សាំង​របស់​ប្រទេស​សិង្ហបុរីឡើយ។

ទោះជាយ៉ាងណាក៏ដោយ ​វ៉ាក់សាំង​ដែល​ផ្ទុក​វីរុស​ប្រភេទ​ mRNA មិនសម​ស្របសម្រាប់​មនុស្ស​ដែលមាន​ប្រវត្តិ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដូចជា​ប្រតិកម្ម​អាណាហ្វីឡាក់​ទិច ​និង​ចំពោះអ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​នោះទេ​។

អង្គការសុខភាព​ពិភពលោក​បានណែ​នាំវ៉ាក់សាំង​ប្រភេទនេះ​សម្រាប់​មនុស្សពេញ​វ័យ​ដែលមាន​អាយុចាប់ពី ១៨​ ឆ្នាំឡើង​ទៅ ដោយ​ប្រើប្រាស់​ចំនួន ២ ដូស ​ក្នុងរយៈពេល​ ២ ទៅ ៤​ សប្តាហ៍​រវាងដូស​នីមួយៗ។

តាម​សេចក្តីថ្លែង​ការណ៍​ទីភ្នាក់ងារ​ពិភពលោក ​លទ្ធផល​នៃការ​ចាក់​វ៉ាក់សាំង​ប្រភេនេះ​ បាន​បង្ហាញ​ថា វ៉ាក់សាំងនេះ​អាចការពារ​ជំងឺនេះពីកា​រឆ្លងក្នុង​អត្រា ៥១ ​ភាគរយ​ក្នុង ១០០ ​ភាគរយ​នៃប្រជាពលរដ្ឋ​ដែលត្រូវ​បានគេ​សិក្សា​និង​ស្ទង់មតិ៕