អង្គការ​សហប្រជាជាតិ និង​ប្រទេស​​ជាច្រើន​​ទៀត​​​ កាល​ពី​​ថ្ងៃ​ពុធ ​បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​រុស្ស៊ី ​បន្ត​អនុញ្ញាត​​ឱ្យ​ឆ្លង​ព្រំដែន​​ដែល​ជំនួយ​មនុស្សធម៌​​​អាច​ទៅ​ដល់​តំបន់​អ៊ីដលីប​នៃ​ប្រទេស​ស៊ីរី​ ប៉ុន្តែ ទីក្រុង​ម៉ូស្គូ​​នៅ​តែ​ទទូច​ថា​ ​វិធានការ​បែប​នេះ​គំរាមកំហែង​ដល់​​អធិបតេយ្យភាព​របស់​ស៊ីរី​។

លោក​អគ្គលេខាធិការ​ UN អង់តូនីញ៉ូ ​ហ្គុយតឺរេស ​បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ថា៖ ​«ខ្ញុំ​សូម​អំពាវនាវ​ដល់​សមាជិក​ទាំង​អស់​របស់​ក្រុម​ប្រឹក្សា​នេះ ​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទៅ​លើ​ការ​អនុញ្ញាត​ឱ្យ​មាន​កិច្ច​ប្រតិបត្តិការ​ឆ្លង​កាត់​ព្រំដែន​ជា​បណ្តាញ​គាំទ្រ​ដ៏​សំខាន់​សម្រាប់​រយៈពេល​ ១ ​ឆ្នាំ​ទៀត​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​រុស្ស៊ី​ ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​លោក​ប្រធានាធិបតី បាសារ ​អាល់ អាសាដ ​បាន​ប្រឆាំង​ជំទាស់​ចំពោះ​ការ​បន្ត​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​ព្រំដែន​ដែល​អាច​​ឱ្យ​ជំនួយ​ទៅ​ដល់​ប្រជាជន​ប្រហែល​ ៣ ​លាន​នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អ៊ីដលីប​។

ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​​ប្រចាំ​នៅ UN លោក Vassily Nebenzia បាន​បញ្ជាក់​ថា ​តំបន់​អ៊ីតលីប​ គឺ​ជា​ជម្រក​​​សម្រាប់​ភេរវករ ​និង​ជន​ជីហាដ​និយម​ដោយ​ទទូច​ថា ជម្រើស​​ល្អ​ប្រសើរ​ គឺ​ត្រូវ​ដឹក​ជំនួយ​ចេញ​ពី​ទីក្រុង​​​ដាម៉ាស​ឆ្លង​កាត់​​ខ្សែ​ត្រៀម​​ជួរ​មុខ។

ការ​ចរចា​ត្រូវ​បាន​ចាប់​ផ្តើម​អំពី​​ការ​ព្រាង​សេចក្តី​សម្រេច​ដែល​​​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​អៀរឡង់​ ន័រវែស ដែល​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​​របស់​ក្រុម​​ប្រឹក្សា​នេះ​ ដើម្បី​បន្ត​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​ព្រំដែន​ Bab alHawa ដែល​ស្ថិត​នៅ​ព្រំដែន​តួកគី​។

ការ​អនុញ្ញាត​របស់​ UN នឹង​តម្រូវ​​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​មុន​នឹង​ផុត​ឱសានវាទ​នៅ​ថ្ងៃទី​ ១០ ​កក្កដា ប៉ុន្តែ​មាន​ហានិភ័យ​ពី​ការ​វេតូ​របស់​ប្រទេស​រុស្ស៊ី​។

លោក​ Nebenzia ​បាន​និយាយ​ថា ​យន្តការ​ឆ្លង​ព្រំដែន​ គឺ​ជា​អំពើ​ខុស​សម័យកាល​សម្រាប់​​រយៈពេល​យូរ​ ដោយ​បាន​បដិសេធ​គំនិត​អំពី​ការ​បន្តការ​អនុញ្ញាត​ឱ្យ​ឆ្លង​ព្រំដែន​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ​ ២០១៤​។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ​ក៏​លោក ​ហ្គុយតឺរេស ​បាន​និយាយ​ថា ការ​ខកខាន​មិន​បាន​បន្ត​ការ​អនុញ្ញាត​របស់​ UN នឹង​មាន​ផល​វិបាក​​ធ្ងន់ធ្ងរ​។

ប្រជាជន​ស៊ីរី​កំពុង​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង​ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ប្រមូល​ផ្តុំ​សមត្ថភាព​របស់​យើង​រួម​ទាំង​បណ្តាញ​ផ្សេងៗ​ទៀត។

UN និង​លោក​ខាង​លិច​និយាយ​ថា ​ការិយាធិបតេយ្យ ​និង​នយោបាយ ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​មិន​អាច​ដំណើរការ​ឆ្លង​កាត់​ផ្លូវ​ទីក្រុង​ដាម៉ាស​បាន​ទេ​។

ក្នុង​លិខិត​ ១ ​ច្បាប់​ផ្ញើ​ជូន​ទៅ​​​លោក​ប្រមុខ​ UN និង​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​អង្គារ​ប្រទេស​ប្រហែល​​ ៣០ ​បាន​អំពាវនាវ​ឱ្យ​បន្ត​​​ការ​អនុញ្ញាត​ឱ្យ​ឆ្លង​ព្រំដែន​។ ​

ប្រទេស​ទាំង​អស់​នោះ​បាន​និយាយ​ក្នុង​លិខិត​នោះ​ថា ​ការ​បន្ត​​យន្តការ​ឆ្លង​ព្រំដែន​ពិត​ជា​សំខាន់​ណាស់​ ដើម្បី​ធានា​ដល់​ការ​ចែក​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ និង​ផ្ទាល់​ដល់​ប្រជាជន​ស៊ីរី ដោយ​បាន​បន្ថែម​ថា ការ​លុប​ចោល​យន្តការ​​ឆ្លង​ព្រំដែន​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​ស៊ីរី​រាប់​លាន​នាក់៕