ខណៈ​ពេល​ដែល​​ចំនួន​ករណី​កូវីដ ១៩ ​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ធ្លាក់​ចុះ ​វ៉ារ៉្យង់​ថ្មី​ដែល​គេ​ស្គាល់​ថា ជា​វ៉ារ៉្យង់ DeltaPlus ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​តំបន់​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា ​​ដែល​ធ្វើ​ឱ្យ​មន្រ្តី​​សុខាភិបាល និង​រដ្ឋាភិបាល​ប្រទេស​នេះ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

ដោយសារ​មាន​រដ្ឋ​ជាច្រើន​នៅ​ប្រទេស​នេះ​ឈប់​រឹតត្បិត​ចរាចរណ៍​សង្គម​នានា​ និង​បន្ធូរបន្ថយ​គោលការណ៍​ណែនាំ​នៃ​ការ​បិទខ្ទប់​អ្នក​ជំនាញ​ភាគ​ច្រើន​បាន​ព្យាករ​អំពី​ភាព​ដែល​អាច​កើត​មាន​ឡើង​នៃ​​រលក​ទី៣ ក្នុង​ប្រទេស​កើត​ឡើង​ដោយសារ​វ៉ារ៉្យង់ DeltaPlus ថ្មី។

នៅក្នុង​ប្រទេស​ឥណ្ឌា​ រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ជា​ផ្លូវការ​ថា វ៉ារ៉្យង់ DeltaPlus ត្រូវ​បាន​គេ​ចាត់​ចូល​ចំណាត់​ថ្នាក់​ជា «វ៉ារ្យ៉ង់ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ» មួយ​ ហើយ​មាន​ន័យ​ថា ​សមត្ថភាព​ចម្លង​មាន​ខ្ពស់​ និង​អាច​មាន​​សមត្ថភាព​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កោសិកា​សួត​ និង​កាត់​បន្ថយ​សក្តានុភាព​របស់​អង្គ​បដិបក្ខប្រាណ (mo-noclonal) ក្នុង​ការ​ឆ្លើយតប និង​ប្រឆាំង​នឹង​វ៉ារ៉្យង់​នេះ​ផង​ដែរ​។

រហូត​មក​ទល់​ពេល​នេះ​ ប្រទេស​ឥណ្ឌា​ គឺ​ជា​ប្រទេស ១ ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ៩ ​ដែល​មាន​ករណី​វ៉ារ្យ៉ង់​ DeltaPlus ថ្មី​នេះ។ តាម​សេចក្តី​រាយការណ៍​ វ៉ារ្យ៉ង​ DeltaPlus នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​​សហរដ្ឋអាមេរិក​ អង់គ្លេស ​ព័រទុយហ្គាល់​ ស្វ៊ីស​ ជប៉ុន ​ប៉ូឡូញ​ នេប៉ាល់ ចិន និង​រុស្ស៊ី​ជាដើម​។

បើ​និយាយ​អំពី​ជំងឺ​សមាសភាព​ចម្លង​វិញ អ្នក​ជំនាញ​ខាង​សុខភាព​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អត្រា​​ឆ្លង​។​

ដោយ​ហេតុ​ថា​ ករណី​វ៉ារ៉្យង់​ DeltaPlus ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​ មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា​ តើ​វ៉ារ៉្យង់​ថ្មី​នេះ​អាច​ចៀស​ផុត​ពី​ភាពស៊ាំ​ដែល​បង្កើត​ដោយ​វ៉ាក់សាំង ​និង​ការ​ឆ្លង​​​ពី​មុន​​នេះ​ដែរ​ ឬ​យ៉ាង​ណា​?

គួរ​បញ្ជាក់​ថា ​រលក​ទី២ ​នៅ​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​គេ​សន្មត​ថា​ បង្ក​ដោយ​វ៉ារ្យ៉ង់​ Delta ​​ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​ឥណ្ឌា ​កាល​ពី​ខែ​តុលា កន្លង​ទៅ​។ រដ្ឋាភិបាល​ប្រទេស​នេះ​ បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​ចំនួន​ករណី​ដែល​បង្ក​ដោយ​​វ៉ារ្យ៉ង់ ​Delta​​ បាន​ថយ​ចុះ​ហើយ​ ប៉ុន្តែ​ករណី​ដែល​បង្ក​ដោយ​វ៉ារ្យ៉ង់​ DeltaPlus ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ Ratnagiri និង​ Jalgaon នៃ​រដ្ឋ Maharashtra ​តំបន់​ Palakkad ​និង Pathanamthitta នៃ​រដ្ឋ​ Kerala និង​ក្នុង​ក្រុង Bhopal ​ក្រុង Shivpuri​ នៃ​រដ្ឋ ​Madhya Pradesh ​ផង​ដែរ។

អ្នក​ជំនាញ​សុខភាព​ និង​អ្នក​ជំនាញ​ក៏​បាន​លើក​ឡើង​ពី​​កង្វល់​ និង​ការ​ភ័យខ្លាច​ថា​ វ៉ារ្យ៉ង់​ DeltaPlus ​ថ្មី​នេះ​​អាច​បង្ក​ឱ្យ​មាន​រលក​​ទី៣ ដែល​អាច​កើត​មាន​ឡើង។

ខណៈ​ពេល​ស្ថានភាព​រដ្ឋ Maharashtra ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៅ​ឡើយ ​គេ​សង្កេត​ឃើញ​ករណី​វ៉ារ៉្យង់​ Delta Plus បាន​និង​កំពុង​ត្រៀម​ខ្លួន​បង្ក​ឱ្យ​មាន​រលក​ទី៣ ​ជាបណ្ដើរៗ​ហើយ​។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ រដ្ឋាភិបាល​បាន​និយាយ​ថា​ វ៉ារ្យ៉ង់​ Delta Plus ​ត្រូវ​បាន​គេ​រក​ឃើញ​​​ប្រមាណ​ ២២​ ករណី ​នៅ​ក្នុង​រដ្ឋ Maharashtra រដ្ឋ Kerala ​និង​រដ្ឋ​ Madhya Pradesh នៃ​​ប្រទេស​ឥណ្ឌា​។

ក្នុង​​សប្ដាហ៍​នេះ​ដែរ​ វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឥណ្ឌា Kanpur​ចេញ​ផ្សាយ​នូវ​ការ​ព្យាករ​ពី​សេណារីយោ​ចំនួន​ ៣ ​សម្រាប់​រលកទី​៣ ​ដែល​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​នេះ។ អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​សេណារីយោ​ដែល​ថា​ ​ប្រទេស​នេះ​នឹង​លើកលែង​ការ​រឹត​បន្តឹង​បម្រាម​គោចរ​មក​ត្រឹម​ថ្ងៃទី ១៥ ខែ​កក្កដា​ វិញ។

នៅ​ក្នុង​សេណា​រីយោ​ដែល​អាក្រក់​បំផុត​ប្រទេស​ឥណ្ឌា ​អាច​នឹង​មាន​ករណី​ឆ្លង​ចំនួន ៥០ ​ម៉ឺន​ករណី​ ក្នុង​ ១ ​ថ្ងៃ​ ជាមួយ​នឹង​កម្រិត​ខ្ពស់​បំផុត​នៅ​ខែ​កញ្ញា (​រលក​លើកទី ​២ ធ្លាប់​ហក់​ដល់ ​៤០​ ម៉ឺន​ករណី​ក្នុង​ខែ​ឧសភា​)។ ដោយ​ឡែក​នៅ​ក្នុង​សេណារីយោ​ដែល​ល្អ​បំផុត​ករណី​ប្រចាំ​ថ្ងៃ​អាច​​មាន​ដល់ ​២០ ម៉ឺន​ករណី​ក្នុង ១ ថ្ងៃ។​

តាម​ការ​ប្រមើល​មើល​លើ​សេណារីយោ​ទាំង ២ រលកទី៣ ​នេះ នឹង​​មាន​លក្ខណៈ​ធំ​ជាង​រលក​ដំបូង​​របស់​ឥណ្ឌា​ដែល​មាន​ករណី​ឆ្លង​ដល់​ទៅ​ ៩៨ ០០០ ​ករណី​ ក្នុង ១ ថ្ងៃ​ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២០ ។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ខ្លះ​ដូចជា​ វេជ្ជបណ្ឌិត ​RandeepGuleria​ នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​​ប្រទេស​ឥណ្ឌា ​និង​មន្ទីរពេទ្យ​សាធារណៈ​ឥណ្ឌា​បារម្ភ​ថា​ រលក​ទី៣​ អាច​ចាប់​ផ្តើម​លឿន​បំផុត​ក្នុង​រយៈពេល​ ៦ ឬ ៨ សប្តាហ៍​ខាង​មុខ។ មន្ត្រី​សុខាភិបាល​នៅ​រដ្ឋ​ Maharashtra ភាគ​ខាង​លិច​ដែល​ជា​រដ្ឋ​ ១ ​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​រលក​ទី២ ​បាន​និយាយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ដក​ការ​រឹត​ត្បិត​ទាំង​អស់​​ដោយសារ​ឃើញ​ស្ថានភាព​ស្បើយ​ហើយ​នោះ គេ​អាច​នឹង​មើល​ឃើញ​នូវ​រលក​មួយ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​បន្ទាប់។

គួរ​បញ្ជាក់​ផង​ដែរ ​ប្រទេស​ឥណ្ឌា​ ទើប​តែ​បាន​ចាក់​វ៉ាក់សាំង​​បាន​ប្រហែល ៤ ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​ប៉ុណ្ណោះ​​ អ្នក​ជំនាញ​ភាគ​ច្រើន​ភ័យ​ខ្លាច​ថា ​ការ​កើត​ឡើង​នៃ​រលក​ទី៣ នៅ​ក្នុង​ប្រទេស​នេះ​ អាច​បណ្តាល​ឱ្យ​មាន​ចំនួន​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជាង​មុន​ទៀត បើ​ទោះ​ជា​ប្រទេស​នេះ​ជា​ស្បើយ​ពី​រលក​ចាស់​ហើយ​ក៏​ដោយ។

តែ​ទោះ​ជា​យ៉ាងណា​ក្ដី​ ដូច​ករណី​គំរូ​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​រោគ​រាតត្បាត​អ៊ីចឹង​ការ​ព្យារក​ទាំង​នេះ​ គឺ​​ពឹង​ផ្អែក​លើ​អ្វី​ ដែល​កំពុង​កើត​ឡើង​ក្នុង​រលក​ទី២​ និង​ការ​ចែកចាយ​វ៉ាក់សាំង។​ អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា​ វិធានការ​គោល​នយោបាយ​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​ជួយ​ឥណ្ឌា​ចៀសវាង​នូវ​អ្វី​ដែល​ប្រទេស​នេះ​បាន​​ជួប​ប្រទះ​ កាល​ពី​ខែ​មេសា​ និង​ឧសភា​ កន្លង​ទៅ៕