មន្ត្រីក្រសួងការបរទេសអាមេរិក​ ១ រូប​ បាននិយាយនៅថ្ងៃពុធថា អាមេរិក​ និងចិន​ មិន​បាន​រៀប​ចំ​កិច្ច​​ចរចារវាង​​រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក​ លោក ​Antony Blinken និង​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​ លោក Wang Yi នៅក្នុង​កិច្ច​ប្រជុំ​កំពូល G20 នៅ​​ប្រទេស​អ៊ីតាលី​​នា​ សប្តាហ៍នេះ​ទេ​។

ការ​ប្រកាស​បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​​កាសែត Financial Times រាយការណ៍ថា​ ទី​ក្រុ​ង​ប៉េកាំង​ និង​ទីក្រុង​វ៉ាស៊ីនតោន គ្រោង​នឹង​បើក​កិច្ច​ពិភាក្សានេះ​​។ ប្រភពដដែ​ល​ បានដកស្រង់​សម្ដី​សង្ខេប​ចេញ​ពី​កិច្ច​ពិភាក្សា​នេះ​ថា រដ្ឋ​បាលរបស់ប្រធានាធិបតីអាមេរិក លោក ​Joe Biden បាន​ជូនដំណឹងដល់សមភាគី​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា​​ អាមេរិក​​​ចង់​ឱ្យ​លោកស្រី ​Wendy Sherman អនុរដ្ឋលេខាធិការអាមេរិក​ ចុះ​​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​នៅ​​រដូវ​ក្តៅឆ្នាំ​នេះ​​។

ប្រភពដដែល​ បាន​ឱ្យ​ដឹងទៀតថា សេតវិមាន The White House ក៏​បាន​ធ្វើកិច្ចពិភាក្សា​ផ្ទៃ​ក្នុង​បឋម​មួយ ស្ដីអំពី​ការ​បញ្ជូនទីប្រឹក្សាសន្តិសុខជាតិ​ លោ​ក Blinken ឬ Jake Sullivan ទៅកាន់ប្រទេសចិន​នៅ​ចុង​ឆ្នាំ​នេះ​ ដែលជា​​ដំណាក់កាល​មួយ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​​រវាង​លោក Biden និង​មេដឹកនាំចិន​លោក​ Xi Jinping ក្នុង​កិច្ច​ប្រជុំ​កំពូល G20 នៅទីក្រុង Rome នៅខែតុលា ខាងមុខនេះ។

ជា​ការឆ្លើ​យ​តប មន្ត្រីក្រសួងការបរទេស​ បាន​បដិសេធ​នូវ​សេចក្ដី​ខាង​លើ​ តែ​មិន​បាន​បញ្ជាក់​ពី​សេចក្ដី​លម្អិត​បន្ថែ​ម​ឡើយ​។​ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ក៏​បាន​បញ្ជាក់​ថា ខាង​ភាគីចិន​ក៏​មិន​ទាន់​មាន​ព័ត៌មាន​អ្វី ផ្តល់​ជូន​អ្នក​សារព័ត៌មាន​ពេល​បច្ចុប្បន្ន​ដែរ​។

គួរបញ្ជាក់ផងដែរថា ភាគីទាំង ​២ ​មិនបានជួបគ្នា​ ចាប់តាំង​ពី​ពួកគេនិងក្រុម​មន្រ្តីផ្សេងទៀត​ បាន​ចូល​រួម​ក្នុង​ការ​ផ្លាស់ប្តូរ​មតិ​យោបល់​គ្នាយ៉ាងក្តៅគគុកនៅ​រដ្ឋ Alaska ក្នុងអំឡុង​ពេលកិច្ច​ប្រជុំ​ជាន់​ខ្ពស់រ​បស់ រដ្ឋបាលលោក Biden ជាមួយនឹង​សមភាគីចិនកាលពីខែមីនា កន្លងទៅ​។

គួររំឭក​ផងដែរថា លោក Blinken ក៏​ធ្លាប់​បាន​ធ្វើការអំពាវនាវឱ្យ​​អ្នកការទូតកំពូលរ​បស់ប្រទេសចិន លោក Yang Jiechi កាលពីដើមខែ និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ​ និង​តម្លាភាព​លើ​ការ​ស៊ើប​អង្កេត​លើ​ដើម​កំណើតនៃ​ជំងឺ​កូវីដ ១៩ ក៏​ដូច​ជា​បញ្ហា​ចម្រូងចម្រាស​នានា​រួមមាន​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ​ចំពោះ​ពលរដ្ឋ​មូស្លីម​អ៊ុយហ្គ័រ ពលរដ្ឋ​ហុងកុង និង​តៃវ៉ាន់ជាដើម​៕