យោងតាមមជ្ឈ​មណ្ឌល​ការពារ​ និង​គ្រប់គ្រង​ជំងឺអឺរ៉ុប (ECDC) បានឱ្យដឹងថា​ នៅ​ដំណាច់ខែ​សីហា ​វ៉ា​រ្យ៉ង់​Delta ថ្មី ត្រូវបានគេរំពឹងថា នឹងមានចំនួនដល់ ៩០ ភាគរយ នៃករណីឆ្លង​កូវីដ​សរុប​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​។

នេះ​បើ​តាម​ឱ្យ​ដឹងពីការព្យាករ​ពី​​ទីភ្នាក់ងារសុខាភិបាល​កាលពីថ្ងៃពុធ កន្លងទៅ។ ​អង្គការ​សុខ​ភាព​ពិភព​លោក​​ ​(WHO)​ បាន​ចេញ​​​សេចក្តី​ថ្លែង​ការណ៍​​ស្រដៀង​​គ្នា​​នេះ​ កាល​ពី​សប្តាហ៍​មុន​ ដែល​ថា ​វ៉ារ្យ៉ង់មក​ពី​ឥណ្ឌា​ ឬ ​វ៉ា​រ្យ៉ង់ ​Delta ថ្មី បាន​និង​កំពុង​​លេច​​រី​ករាល​ដាល​​​នៅ​ទូទាំង​ពិភព​លោក​។​

ជាមួយគ្នានេះដែរ មជ្ឈ​មណ្ឌល ECDC ក៏​បាន​ប៉ាន់ប្រមាណថា វ៉ា​រ្យ៉ង់​ Delta ថ្មី (B.1.617.2) មាន​សមត្ថ​ភាព​​​ចម្លង​​ចន្លោះ​ពី​​ ៤០ ទៅ ៦០ ភាគរយ​ ជាងវ៉ារ្យង់​ អាល់ហ្វា (B.1.1.7) ដែល​បាន​​រក​ឃើញ​ដំបូង​បង្អស់​នៅ​ចក្រភពអង់គ្លេស ដែលជា​វ៉ារ្យ៉ង់​លេចធ្លោជាង​គេ​នៅ​ក្នុង​ប្លុក​នេះ​។

ដោយសារតែសមត្ថភាព​ចម្លង​របស់វ៉ា​រ្យ៉ង់​ Delta ថ្មី​ មាន​លក្ខណៈ​ខ្លាំង​ក្លា​ជាង​វ៉ារ្យ៉ង់ដទៃ​ វ៉ារ៉្យង់​នេះ បាន​ក្លាយ​​ជា​ក្តី​​កង្វល់​​មួយដល់​​​រដ្ឋា​​ភិបាល​​​​ជា​​ច្រើននៅ​​ទូ​​ទាំង​​ទ្វីប​​អឺរ៉ុប​ បើទោះបីជាប្រទេស​ភាគ​ច្រើន​ កំពុង​ចាប់​ផ្ដើម​​​បន្ធូរ​បន្ថយការ​រឹត​ត្បិតជាបណ្ដើរៗ​ ដោយសារ​​ចំនួន​​ករណី​ថ្មីធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​។

មជ្ឈ​មណ្ឌល ECDC បានបន្ថែម​ថា៖ «វ៉ា​រ្យ៉ង់​ Delta ថ្មីនឹង​សាយ​ភាយ​យ៉ាង​ច្រើន​ក្នុង​រដូវ​ក្តៅ​ ជាពិសេស​ក្នុង​ចំណោម​យុវវ័យដែលមិនមាននៅ​ក្នុង​គោលដៅនៃ​ការ​ចាក់វ៉ាក់សាំង។ នេះអាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​​ងាយរងគ្រោះ ដែល​ធ្លាប់​​ឆ្លងជំងឺកូវីដ​ធ្ងន់ធ្ងរ ឬ​អាច​បណ្ដាល​ឱ្យ​ស្លាប់ ប្រសិ​នបើពួកគេ​​មិន​បាន​ទទួល​យក​​​វ៉ាក់​សាំង​ពេញ​លេញ​»។

មជ្ឈ​មណ្ឌល​ការពារ​ និង​គ្រប់គ្រង​ជំងឺអឺរ៉ុប ECDC បាន​​បញ្ជាក់​ថា៖ «នេះ​ គឺ​ជា​ដំណាក់​កាល​សំខាន់ខ្លាំងណាស់​ ក្នុង​ការ​ពន្លឿន​ល្បឿន​នៃ​ការ​ចាក់វ៉ាក់សាំង​ក្នុងល្បឿនខ្ពស់បំផុត ដើម្បី​បញ្ឈប់ការរីករាលដាល និងកាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​»។

ប្រភព​ដដែល​បាន​ឱ្យ​ដឹងថា រហូតមកដល់បច្ចុប្បន្នប្រមាណ​ជា ៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​អាយុ​ចាប់​ពី​ ៨០​ ឆ្នាំ​ឡើង​ទៅ និង​ប្រមាណ ៤០ ភាគរយនៃប្រជាជន​អាយុចាប់​ពី​ ៦០ ឆ្នាំឡើង​ទៅ​ នៅ​សហភា​ព​អឺរ៉ុប​នៅ​តែ​មិនទាន់បា​នចាក់វ៉ាក់សាំងពេញលេញដូចទិ​ន្នន័យរបស់មជ្ឈមណ្ឌល ​ECDC៕